CamNews

តារា 

សារាយ សក្ខណា ធ្វើឲ្យអ្នក ដឹក​នាំរឿង ខកចិត្ត

ភ្នំពេញ៖ បើទោះជា អតីតតារាសម្តែង ស្រីសម្បុរស្រអែម សារាយ សក្ខណា បានប្រកាសក្តែងៗ ថា ខ្លួនបញ្ចប់អាជីពសិល្បៈ សាងគ្រួសារ ចេញទៅរស់នៅ ជាមួយស្វាមី ឯនាយសមុទ្រក៏ដោយ តែសម្រាប់ការសម្តែង និងប្រជាប្រិយភាពរបស់នាង នៅតែមានដិតដាម ជាប់ក្រអៅបេះដូង អ្នកដឹកនាំរឿង និងស្រទាប់យុវវ័យជានិច្ច ដោយទស្សនិកជននៅតែ ចង់ទស្សនាការសម្តែង របស់នាងដដែល ទោះនាងកំពុងតែពពោះកូនមួយ ហើយក៏ដោយ ។

បន្ទាប់ពីតារាសម្តែង សារាយ សក្ខណា បានចាកចេញទៅរស់នៅ ជាមួយស្វាមីបានមួយរយៈ នាងក៏បានប្រកាសក្តែងៗថា នាងនឹងធ្វើដំណើរត្រឡប់ មកលេងស្រុក ប្រមាណជិត៣ខែហើយ នៅក្នុងការវិលមកលេងស្រុកកំណើតនោះ នាងក៏ទទួលថតរឿង និងការងារសិល្បៈដូចដើមផងដែរ ។ តាមរយៈការបើកភ្លើងខៀវ ពីអតីតតារាសម្តែងឈានមុខ គេបែបនេះ បានធ្វើឲ្យអ្នកដឹកនាំរឿងជាច្រើន មានទឹកមាត់លេប និងខំសម្រឹតសម្រាំងរឿងរង់ចាំ ការវិលត្រឡប់របស់នាង យ៉ាងតិចណាស់ក៏បាន២-៣រឿងដែរ ។ ប៉ុន្តែក្តីរំពឹងគ្រប់យ៉ាង ត្រូវរលាយបាត់ទៅវិញ ដោយសារតែពេលវេលា មិនអំណោយផល ធ្វើឲ្យនាងត្រូវបង្ខំចិត្ត លុបចោលការថតរឿងមួយចំនួន ដោយសារតែត្រូវ នាងត្រឡប់ទៅវិញ ។

ថ្លែងប្រាប់គេហទំព័រកម្សាន្ត LookingTODAY ម្តាយរបស់អតីត ពិធីការិនី និងជាតារាសម្តែង អ្នកនាង សារាយ សក្ខណា បានប្រាប់ឲ្យដឹង ដោយទទួលស្គាល់ថា កូនអ្នកស្រីពិតជាបានលុបចោល ការថតរឿងមួយចំនួន ប្រាកដមែន ដោយសារ តែពេលវេលាខ្លីពេក មិនអាចថតចប់គ្រប់រឿងទេ ហើយអ្នកស្រី ក៏ដឹងដែរថា ការអាក់ខានថតរឿងមិនគ្រប់ តាមការគ្រោងទុកនេះ ប្រាកដជាអាចធ្វើឲ្យប៉ះពាល់ អារម្មណ៍អ្នកដឹកនាំរឿងខ្លះៗ។ តែអ្នកស្រីនិងកូនក៏មិនដឹងថា ធ្វើយ៉ាងណាដែរ ព្រោះវេលាត្រឡប់ទៅវិញ កាន់តែកៀកចូលមកជិតហើយ បើបង្ខំចិត្តទទួលការងារខ្លាចខក និងនាំ ឲ្យមានបញ្ហា ច្រើនជាងនេះ ។

អ្នកស្រីបានប្រាប់ឲ្យដឹងថា “តាមគម្រោងកូនខ្ញុំ អាចថតរឿងបានចន្លោះ ពី៣-៤ ប៉ុន្តែដល់ពេលជាក់ស្តែង គឺថតបាន តែ២រឿងប៉ុណ្ណោះ រឿងទី១គឺថតឲ្យខាងអ្នកដឹកនាំថៃ និងទី២គឺរឿង “ក្រឡអីហ្នឹងវគ្គ២” ដែលត្រូវចំណាយពេល ៤ថ្ងៃទៀត ទើបចប់ ហើយរឿងពីរទៀត គឺកូនខ្ញុំ គេលុបចោលមួយ ហើយមួយទៀត គឺអ្នកដឹកនាំរឿងនោះ គេផ្អាក ឈប់ថតតែម្តង។ សម្រាប់កូនខ្ញុំទោះជាគេ ឈប់ពីសិល្បៈ តែចិត្តនៅ តែស្រឡាញ់ ហេតុដូច្នេះ បើមានពេលគេទំនេរ គឺនៅតែឆ្លៀត ។ ជាក់ស្តែងដូចដឹងហើយថា សក្ខណា ខំប្រឹងថតទាំងខ្លួន មានផ្ទៃពោះ ក៏ព្រោះតែចិត្តស្រឡាញ់ និងចង់សម្តែងជូន ដល់ទស្សនិកជន ពុកម៉ែបងប្អូនបានទស្សនា មិនខ្លាចហត់ឡើយ” ។

ម្តាយរបស់ សក្ខណា បានប្រាប់ឲ្យដឹងទៀតថា កូនរបស់អ្នកស្រី នឹងធ្វើដំណើរ ត្រឡប់ទៅអាម៉េរិកវិញ នៅចុងខែវិច្ឆិកា ខាងមុខនេះ ដោយកូនប្រសារ របស់អ្នកស្រី នឹងឡើងយន្តហោះមកទទួល សក្ខណា ទៅវិញ ។ ការត្រឡប់មកលេង ស្រុកកំណើតជាថ្មីនោះ ទំនងជារង់ចាំទាល់តែ សក្ខណា ឆ្លងទន្លេរួច ទើបពួកគេបីចៅមកលេងស្រុកម្តងទៀត។ ម្យ៉ាង សក្ខណា មានផ្ទៃពោះ៥ខែហើយ ពិបាកធ្វើដំណើរ ទៅណាមកណាណាស់ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh