CamNews

ព័ត៌មានអន្តរជាតិ 

យន្ដហោះដឹកប្រេងឥន្ធនៈ ចុះចតដោយពោះ ព្រោះប្រព័ន្ធកង់មានបញ្ហា(វីដេអូ)

យន្ដហោះឥណ្ឌូនេស៊ីមួយគ្រឿងដែលផ្ទុកពេញដោយប្រេងឥន្ធនៈ ត្រូវបង្ខំចុះចតដោយពោះ និងអូសទៅមុខយ៉ាងវែងអន្លាយដោយសារប្រព័ន្ធកង់ក្រោយជួបបញ្ហា។

យន្តហោះដឹកទំនិញ Boeing 737 របស់ក្រុមហ៊ុន Trigana Air ជួបនឹងបញ្ហានៅវេលាម៉ោងប្រហែល ៧និង៤០នាទីព្រឹកម្សិលមិញ ពេលកំពុងត្រៀមចុះចតនៅលើព្រលានយន្ដហោះ Wamena ខែត្រ Papua ប្រទេសឥណ្ឌូនេស៊ី។ យោងតាម Jakarta Globe ឱ្យដឹងថា ប្រព័ន្ធកងក្រោយត្រូវបានគេជឿថា បានបាក់ បណ្ដាលឱ្យយន្តហោះត្រូវចុះចតដោយពោះ និងអូសទៅមុខយ៉ាងវែង។ យន្តហោះនេះ មានផ្ទុកពេញដោយប្រេងឥន្ធនៈ។

គ្រោះថ្នាក់យន្ដហោះនេះ មិនបានបង្កឱ្យមានមនុស្សស្លាប់នោះទេ។ រថយន្ដពន្លត់អគ្គីភ័យត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុ ត្រៀមទប់ទល់នឹងការផ្ទុះឆេះដែលអាចនឹងកើតឡើង។ សមត្ថកិច្ចបានបិទទ្វារព្រលានយន្ដហោះជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយបញ្ហា។

Ahmad Bambang អគ្គនាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុនថាមពលជាតិឥណ្ឌូនេស៊ី Pertamina ឱ្យដឹងថា យន្ដហោះខាងលើ តែងតែបញ្ជូនប្រេងឥន្ធនៈមកកាន់ Jayapura និងតំបន់ Wamena។ លោក Ahmad Bambang បានសុំទោសចំពោះការផ្អាកបណ្ដោះអាសន្ននូវការផ្គត់ផ្គង់ប្រេងឥន្ធនៈ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ airlive


Tags: យន្ដហោះ គ្រោះថ្នាក់ Boeing 737 ឥណ្ឌូនេស៊ី Trigana Air