បាងកក ៖ ស្ថានទូតថៃ ដែលមានទីតាំង ស្ថិតនៅប្រទេស កូរ៉េខាងត្បូង បានរៀបចំគម្រោង
សម្រាប់ជម្លៀស ប្រជាជនរបស់ ខ្លួនចេញពី ឧបទ្វីបកូរ៉េ បន្ទាប់ពីពេល ថ្មីៗនេះភាពតានតឹង
កំពុងតែមានភាពរីកធំឡើងឥតគណនា។ នេះបើតាម ទីភ្នាក់ងារ ព័ត៌មានថៃ ដែលបានផ្សាយ
នៅថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៣ នេះ ។
យោងតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងដែរថា គម្រោងបន្ទាន់នោះ រួម មានការ
ដាក់ទី ជម្រកបណ្ដោះអាសន្ន នៅទីក្រុងប៊ូសាន និងការរៀបចំ ជើងហោះហើរ ក៏ដូចជាការធ្វើ
ដំណើរ តាមផ្លូវសមុទ្រ មកប្រទេសថៃវិញ ដែលភាគច្រើនសុទ្ធសឹងតែជាពលករ មានកិច្ចសន្យា
ការងារ ទៅកាន់ប្រទេសជប៉ុន បើសិនជាមានការប្រយុទ្ធពិតមែននោះ។ នេះបើយោង តាមការ
លើកឡើង របស់មន្រ្តីក្រសួងកិច្ច លោក ផាឌឺមឆៃ សាស៊ុមសាប់ ។
ក៏ដូចគ្នានេះផងដែរ លោកក៏បានលើកឡើងដែរថា ស្ថានទូតត្រូវបានគេបញ្ជាឲ្យស្វែងរកព័ត៌មាន
លើចំនួននៃអ្នកធ្វើការ នៅ ភាគខាងជើង នៃប្រទេសកូរ៉េខាងត្បូង ។ ដោយឡែកចំពោះប្រទេស
កូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ ទី២៩ ខែមីនា កន្លងទៅ នេះ បានប្រកាសថា បានដាក់រដ្ឋរបស់ខ្លួន
ទៅក្នុងសង្រ្គាម ដើម្បីប្រឆាំងទៅនឹង ប្រទេសកូរ៉េខាងត្បូង និងអាមេរិក។
គួរបញ្ជាក់ផងដែរថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានបង្គាប់ឲ្យក្រសួងការបរទេស ធ្វើការ
ត្រួតពិនិត្យយ៉ាងដិតដល់ បំផុត លើតំបន់ឧបទ្វីបកូរ៉េ និងបានឲ្យមើល ថែប្រជាជនថៃ ដែលនៅ
ក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ ។ នេះបើតាម ការនិយាយ របស់លោកស្រី ព្រមទាំងជាការ
អំពាវនាវ ឲ្យមានការពិភាក្សាដោយសន្តិវិធី ជំនួសការប្រើអំពើហិង្សា ឬក៏កម្លាំង យោធាណា
មួយនៅតំបន់ខាងលើ។
សម្រាប់ពេលនេះ មានប្រជាជនថៃប្រមាណជា ៤៤.០០០នាក់ នៅក្នុងប្រទេស កូរ៉េខាងត្បូង និង
វិនិយោគិន ១០នាក់ នៅ ក្នុងប្រទេសកូរ៉េខាងជើងផងដែរ ។ នេះបើយោងតាមការលើកឡើង
របស់ក្រសួងការបរទេសថៃ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល