ភ្នំពេញៈ តារាស្រីមួយដួង ដែលធ្លាប់មាន ឈ្មោះបោះសំឡេង កាលពីអំឡុងដើមឆ្នាំ២០១៤ កញ្ញា មាន សូនីតា ក្រោយពីរឿង “ស្នេហ៍៩” ដាក់បញ្ចាំងចប់ភ្លាម នាងក៏បានប្រកាសភ្លេតថា មួយរយៈពេលនេះ នាងបានផ្អាកមិនទទួល ការថតរឿងអ្វីឡើយ ព្រោះថាពេលនេះនាងមាន ការមមាញឹកជាមួយការសិក្សា ហើយម្យ៉ាងទៀត នាងក៏មិនចង់បែងចែក ពេលធ្វើការច្រើន ក្នុងពេលនេះដែរ ។
កញ្ញា មាន សូនីតា ជាតារាស្រីមួយដួង ដែលមានឈ្មោះបោះសំឡេងខ្លាំង និងលេចធ្លោជាងគេ ក្នុងចំណោម តារាសម្តែងដទៃទៀត ព្រោះថាកាលពីអំឡុង ចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ នាងត្រូវបានអ្នកនិពន្ធល្បីឈ្មោះ អ្នកស្រី ពាន់ ភួងបុប្ផា លើកស្ទួយនាងឲ្យធ្វើជាតួឯកស្រី ក្នុងរឿងជាច្រើន ដោយនៅក្នុងនោះ នាងត្រូវបានទស្សនិកជន ស្គាល់ច្រើន តាមរយៈការសម្តែង ជាតួឯកស្រីក្នុងរឿង “នាយឡប់ជំពប់ស្នេហ៍” និងរឿង “អ្នកមានគុណ” ប៉ុន្តែបន្ទាប់ពីអ្នកស្រី បានបញ្ចប់អាជីព ជាអ្នកដឹកនាំរឿងភ្លាម សន្ទុះកេរ្តិ៍ឈ្មោះ របស់ តារាសម្តែង មាន សូនីតា ក៏ធ្លាក់ចុះហាក់ មិនសូវកក្រើក ដូចពេលមុនឡើយ ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ គេហទំព័រ Looking TODAY កាលពីពេលកន្លងទៅថ្មីៗនេះ តារាស្រី សំឡេងស្រទន់ កញ្ញា មាន សូនីតា បានប្រាប់កាលពីពេលកន្លងទៅថ្មីៗនេះថា សម្រាប់ការងារសិល្បៈ គឺមិនសូវមមាញឹកច្រើនទេ បន្ទាប់ពីនាងថតរឿង “ស្នេហ៍៩” រួចគឺនាងមិនបានទទួល ថតរឿងបន្តឡើយ ព្រោះត្រូវដកឃ្លា ពីការងារមួយរយៈពេលសិន ។
តួស្រីក្នុងរឿង “ស្នេហ៍៩” ដែលមានឈ្មោះថា យ៉ាណា បានប្រាប់ឲ្យដឹងបន្តទៀតថា “ សម្រាប់ប្រជាប្រិយភាព គឺខ្ញុំមិនសូវចាប់អារម្មណ៍ទេ ដោយសារតែពេលនេះ ខ្ញុំមានការមមាញឹកជាមួយ ការសិក្សាដូច្នេះខ្ញុំក៏ត្រូវដកឃ្លាពី ការងារសិល្បៈមួយរយៈពេល ហើយកន្លងមកក៏ធ្លាប់ មានអ្នកដឹកនាំរឿងទាក់ទង មកខ្ញុំឲ្យថតច្រើនរឿងដែរ តែខ្ញុំមិនអាចទទួលបាន ព្រោះថាពេលវេលា មិនអំណោយផលសម្រាប់ ខ្ញុំ” ។
តារាសម្តែង និងជាតារាបង្ហាញម៉ូដរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា មួយរយៈមុននាងប្រឡូកសិល្បៈ ទទួលការងារច្រើន អត់មានពេលសិក្សាទេ ហេតុដូច្នេះមួយរយៈនេះ បើនាងនៅតែបន្តការងារសិល្បៈ ការសិក្សាប្រាកដជាធ្លាក់ចុះ ហៅលែងឮមិនខានឡើយ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល