ព័ត៌មានកីឡា៖ Chelsea បានសម្រេចចិត្ដចុះកិច្ចកុងត្រា ទទួលយកកីឡាក Juan Cuadrado ជាផ្លូវការហើយ ក្នុងតម្លៃខ្លួនដល់ទៅ ២៣.៣ លានផោន ពីក្រុម Fiorentina ស្របពេលដែលកីឡាករ Mohamed Salah របស់ខ្លួន ក៏ត្រូវប៉ាន់ពី Fiorentina វិញ ហើយក៏សុំផ្ទេរចេញ ជាលក្ខណៈខ្ចីជើង ។
Juan Cuadrado វ័យ ២៦ ឆ្នាំបានសម្រេចចិត្ដដាក់ចុងប៊ិចព្រមចុះហត្ថលេខា ផ្ទេរចូល Chelsea ក្នុងតម្លៃខ្លួនដល់ទៅ ២៣.៣ លានផោន ដែលមានរយៈកាល ៤ ឆ្នាំកន្លះ ទើបផុតកុងត្រា ។ កីឡាករថ្មីជនជាតិ កូឡំប៊ី របស់ក្រុម Chelsea ម្នាក់នេះ មានតួនាទីលេងក្នុងតំណែង ជាខ្សែស្លាប (Winger) ដែលមានប្រវត្ដិធ្លាប់ចូលរួមការប្រកួតក្រុមជម្រើសជាតិ តាំងពីឆ្នាំ ២០១០ ចំនួនដល់ទៅ ៣៧ ប្រកួត ហើយអាចរកបានពិន្ទុ ៥ គ្រាប់ថែមទៀតផង ។ ហើយស្របពេលនៃការប្រែមុខមាត់ចូលកាន់ទឹកដីថ្មីនេះ គាត់ក៏បង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ ដល់ប្រិយមិត្ដគាំទ្ររបស់គាត់ថា គាត់ពិជាសប្បាយចិត្ដនឹងការផ្លាស់ប្ដូរនេះណាស់ ហើយគាត់សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ Chelsea ដែល ផ្ដល់ឱកាសឲ្យរូបគាត់ បានចូលខ្លួនក្នុងក្រុមដ៏ល្បីនេះ ។
Chelsea ពិតជាសប្បាយចិត្ដ និង ថ្លែងអំណរគុណដល់ Fiorentina ដែលយល់ព្រមនឹងសំណើរមួយនេះ ប៉ុន្ដែ ស្របពេលនៃការផ្ដល់ឲ្យយ៉ាងដូច្នោះ Chelsea ក៏មានចិត្ដ ផ្ដល់ជូនវិញដែរនូវកីឡាករ Mohamed Salah ដល់ Fiorentina ក្នុងមិត្ដភាពខ្ចីជើង ត្រឹមតែមួយរដូវកាល តែប៉ុណ្ណោះ ។
ប្រភព៖ ប៊ីប៊ីស៊ី