(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញាម្សិលមិញនេះ ក្រុមអត្តពលិកកីឡានៃម្ចាស់ផ្ទះវៀតណាម បានទម្លាក់ថៃ ចេញពីកំពូលតារាងមេដាយ នៃព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី Asian Beach Games ជាបណ្ដោះអាសន្នហើយ ក្រោយដណ្ដើមបានមេដាយបន្ថែម។ ទន្ទឹមជាមួយគ្នានេះ ក្រុមកីឡាប៉េតង់កម្ពុជា ក៏ដណ្ដើមបានមេដាយមាស និងមេដាយប្រាក់លើកដំបូង ជូនប្រទេសជាតិរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កំពុងធ្វើឡើងនៅទីក្រុងដាណាំងនេះផងដែរ។
បើគិតមេដាយសរុបពេលនេះ ក្រុមអត្តពលិកវៀតណាម គឺដណ្ដើមបានមេដាយមាស១៨ មេដាយប្រាក់១៧ និងមេដាយសំរឹទ្ទ២៣ សរុប ៥៨គ្រឿង ។ ចំណែកក្រុមអត្តពលិកថៃ ដណ្ដើមបានមេដាយមាស ១៨ដូចគ្នា តែមេដាយប្រាក់ត្រឹម ១២ និងមេដាយសំរឹទ្ធ ១៥ សរុប ៤៥គ្រឿង។ រីឯអត្តពលិកនៃប្រទេសចិន គឺរក្សាចំណាត់ថ្នាក់លេខ៣ ដដែល ក្រោយរកបានមេដាយសរុប ២៥ក្រឿង ក្នុងនោះមានមេដាយមាស៥៦ មេដាយប្រាក់៨ និងមេដាយសំរឹទ្ធ១១។
ងាកមកចាប់អារម្មណ៍អត្តពលិកកម្ពុជាវិញ ពេលបានឡើងមកឈរចំណាត់ថ្នាក់លេខ១៧ ជាបណ្ដោះអាសន្ន បន្ទាប់ពីកីឡាករ សុខ ច័ន្ទមាន និងកីឡាការិនី កែ ឡេង ដណ្ដើមបានមេដាយមាស និងប្រាក់ ២គ្រឿងកាលពីល្ងាចមិញរួចមក។ ចំពោះ សុខ ច័ន្ទមាន គឺបានយកឈ្នះកីឡាករម្ចាស់ផ្ទះវៀតណាម ៣២-១០ពិន្ទុ លើវិញ្ញាសាវាយយកពិន្ទុបុរស តែគួរឲ្យស្ដាយវិញ្ញាសាវាយយកពិន្ទុនារី គឺអ្នកស្រី កែ ឡេង ប្រកួតចាញ់កីឡាការិនីចិន ២៨-៣៨ពិន្ទុ ទទួលបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ។
ជាបណ្ដោះអាសន្នពេលនេះកម្ពុជា គឺដណ្ដើមបានមេដាយសរុប ៤គ្រឿងពីព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់ប្រចាំតំបន់អាស៊ានខាងលើ ដែលរកបានដោយក្រុមកីឡាប៉េតង់ទាំងនោះ ក្នុងនោះមានមេដាយមាស១ មេដាយប្រាក់១ និងមេដាយសំរឹទ្ធ២។ ប៉ុន្ដែកម្ពុជានៅមានប្រភេទកីឡាមានសក្ដានុពលមួយចំនួនទៀត មិនទាន់បានប្រកួត ដូចជាកីឡាវ៉ូវីណាមជាដើម ដូច្នេះកម្ពុជានៅតែមានសង្ឃឹមទទួលបានមេដាយបន្ថែមផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង