ព័ត៌មានអន្តរជាតិ ៖ គេហទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ វេលាយប់ ថ្ងៃអាទិត្យ ម្សិលមិញបានគូស បញ្ជាក់អោយដឹងថា មន្រ្តីជាន់ខ្ពស់ ៤ នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងចំណោម ជនរងគ្រោះស្លាប់ ទាំង ១៦ នាក់ នៅឯប្រទេស ឡាវ ក្រោយពីគ្រោះថ្នាក់ ធ្លាក់ឧទ្ធម្ភាគចក្រយោធា កាលពីព្រឹកថ្ងៃសៅរ៍ កន្លងទៅ ។
សេចក្តីរាយការណ៍ បញ្ជាក់ថា នៅលើយន្តហោះ មានសមាជិក ដល់ទៅ ១៧ នាក់ ពោល ក្រុមអ្នកធ្វើ ដំណើរ ១១ នាក់ និងបុគ្គលិក ៦ នាក់ផ្សេងទៀត ដោយនៅក្នុងនោះ ក្រោយពីកើតហេតុ មានមនុស្ស តែម្នាក់នោះទេ បានរួចផុតពីសេចក្តីស្លាប់ ។
គួរបញ្ជាក់ថា ក្នុងចំណោម បណ្តាមន្រ្តីជាន់ខ្ពស់ ប្រចាំប្រទេសឡាវ ទាំង ៤ នាក់ ដែលបានស្លាប់បាត់ បង់ជីវិតនោះ រួមមានដូចជា ៖ រដ្ឋមន្រ្តី ក្រសួងការពារជាតិ រដ្ឋមន្រ្តី ក្រសួង សន្តិសុខសាធារណៈ ប្រធាន លេខាធិការដ្ឋាន គណៈកម្មាធិការ កណ្តាល គណបក្សកាន់អំណាច និង អភិបាល ទីក្រុង វៀងចន្ទន៍ ។
ប្រភពបន្តថា ពិធីកាន់ទុក្ខ គោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ បានចាប់ផ្តើម នៅកណ្តាលក្រុង ចាប់ពីល្ងាច ថ្ងៃសៅរ៍ ស្របពេលដែល របាយការណ៍ ស្រាយបំភ្លឺអោយដឹងថា បណ្តាមន្រ្តីជាន់ខ្ពស់ទាំងអស់ជាជន រងគ្រោះនោះ បាននឹងកំពុងធ្វើដំណើរ តាមរយៈឧទ្ធម្ភាគចក្រ ខាងលើ ទៅចូលរួមពិធី រំលឹកនៃការ បង្កើតឡើង នូវកងទ័ព ឡាវ លើកទី ២ ។
យ៉ាងណាមិញ សម្តីសាក្សី បញ្ជាក់បានអោយដឹងថា ឧទ្ធម្ភាគចក្រខាងលើ បានជួបគ្រោះថ្នាក់ ធ្លាក់ នៅឯតំបន់ភ្នំ ភាគខាងជើង ប្រទេសឡាវ ស្របពេលដែលវិនាទី នៃគ្រោះថ្នាក់នោះ អាកាសធាតុពិត ជាមិនចោទជាបញ្ហានោះទេ យ៉ាងណាមិញ មូលហេតុ នៃការធ្លាក់ កំពុងតែស្ថិតនៅក្រោមដែនសមត្ត កិច្ច នៃការស្រាវជ្រាវនៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ