CamNews

តារា 

ញ៉ែម សុគន្ធ និង ឌុច លីដា បង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ ថៃ

ភ្នំពេញៈ តារាសម្តែងប្រុសស្រី មានភាពលេចធ្លោ នៅក្នុងរឿងថ្មី ខ្នាតអន្តរជាតិ មានចំណងជើងថា “ស្បែកគង់” គឺលោក ញ៉ែម សុគន្ធ និង កញ្ញា ឌុច លីដា រួមជាមួយក្រុមការងារថ្មីៗនេះ បានបង្ហាញវត្តមាន យ៉ាងស្រស់ប្រិមប្រិយ នៅលើកញ្ចក់ ទូរទស្សន៍ថៃ ប៉ុស្តិ៍ លេខ៧ ជាលើកដំបូង ។

តាមរយៈរូបថតជាច្រើន ដែលតារាស្រីច្រមុះស្រួច ទម្រង់មុខកូនកាត់ អឺរ៉ុប កញ្ញា ឌុច លីដា បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់របស់នាង កាលពី ថ្ងៃទី១៤ ខែតុលា កន្លងទៅនេះ បានបង្ហាញឲ្យឃើញថា នាងរួម ជាមួយតារាសម្តែង ក្នុងរឿង “ស្បែកគង់” និងក្រុមការងារត្រូវបាន ខាងស្ថានីយទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ៧ ទាក់ទងហៅ ទៅសម្ភាសន៍ ដោយផ្ទាល់នៅប្រទេសថៃ ទាក់ទង និងរឿងខ្នាតអន្តរជាតិ មួយនេះ ព្រោះថាបន្ទាប់ពីរឿងមួយ នេះ ចាក់បញ្ចាំងនៅស្រុកយើងហើយ និងចាក់បញ្ចាំង នៅប្រទេសថៃបន្តទៀត ។

បើយោងតាមប្រភពពី តារាសម្តែងក្នុងរឿង “ស្បែកគង់” មួយដួងបានលួច បង្ហើបឲ្យដឹង ដោយសុំមិនបញ្ចេញឈ្មោះថា ខ្សែភាពយន្តខ្នាតធំនេះ នៅពេលចាក់បញ្ចាំង នៅក្នុងស្រុក គឺទទួលបានការគាំទ្រច្រើន ។ ទន្ទឹមជាមួយគ្នានោះ សូម្បីតែប្រទេសជិតខាង ក៏មានការចាប់ អារម្មណ៍ដែរ ជាក់ស្តែងដូចជាប្រទេសថៃជាដើម ។

សម្រាប់មូលហេតុ ដែលតួសំខាន់ ក្នុងរឿងនេះ នាំគ្នាចេញទៅប្រទេសថៃនោះ គឺតបតាមការអញ្ជើញ ពីខាងថៃ និងចូលរួមសម្ពោធ រឿងដែលមាន គម្រោងចាប់ផ្តើមចាក់បញ្ចាំង នៅរោងភាពយន្ត ទីក្រុងបាងកក ជិត១០រោង ស្របពេលជាមួយគ្នា ។ បើមិនមានការផ្លាស់ប្តូរទេ រឿងនេះនឹងចាក់បញ្ចាំង នៅថ្ងៃនេះតែម្តង។

បើទោះបីជាយ៉ាងណា គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ទៅតារាសម្តែង ប្រុសស្រីរួម ជាមួយក្រុមការងារ ថតរឿង “ស្បែកគង់”បានទេ ដោយសារតែពេលនេះ ពួកគេ កំពុងតែមានវត្តមាន នៅប្រទេសថៃ ក្នុងការផ្តល់បទសម្ភាសន៍ ឲ្យស្ថានីយទូរទស្សន៍ ព្រមទាំងកំពុងតែសម្ពោធរឿង ចាក់បញ្ចាំង នៅរោងកុនប្រទេសថៃ ផងដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh