(ភ្នំពេញ)៖ ថ្មីៗនេះ មានដំណឹងពីការបាត់ខ្លួន របស់តារាចម្រៀងខ្មែរ នាង យ៉ុង ចាន់សុធាវី ខណៈដែលតារារូបនេះ ត្រូវបានផ្តល់ឱកាសធានាចេញទៅច្រៀង និងសម្តែងលើទឹកដី ប្រទេសមហាអំណាច សហរដ្ឋអាមេរិក ដោយមិនទាន់ដឹងពីមូលហេតុច្បាស់ ពីដំណឹងនៃការបាត់ខ្លួន ខណៈក្រុមគ្រួសារកំពុងជ្រួលច្របល់ក្នុងរឿងនេះយ៉ាងខ្លាំង។ ដំណឹងនៃការបាត់ខ្លួន របស់តារាស្រីខ្មែរនាង យ៉ុង ចាន់សុធារី នេះ ស្របពេលដែលត្រូវដល់វេលាកាលកំណត់ វិលត្រឡប់មកស្រុកខ្មែរ។
យ៉ាងណាមិញ ចំពោះការបាត់ខ្លួន របស់កញ្ញា យ៉ុង ចាន់សុធាវី លើទឹកដីប្រទេសអាមេរិកនេះ ពុំទាន់ត្រូវបានបញ្ជាក់ប្រាប់ ច្បាស់ពីមូលហេតុពិត ពីប្រភពណាមួយនៅឡើយទេ។ ប៉ុន្តែក៏មានប្រភពខ្លះទៀត បានដាក់ការសង្ស័យថា ទំនងជាចេតនា នៃការគេចវេស ដើម្បីរត់គេចខ្លួនក្នុងគោលបំណង បានរស់នៅទីនោះ ដោយមិនវិលត្រឡប់មកស្រុកខ្មែរវិញ។
ជុំវិញបញ្ហានេះគេហទំព័រ Khmertalking មិនទាន់ស្វែងរកការបំភ្លឺ ពីក្រុមគ្រួសារនាងបាននៅឡើយទេ នារសៀលថ្ងៃទី០៦ ខែមករានេះ។ ដោយឡែកបើតាមការបញ្ជាក់ នៅលើបណ្តាញហ្វេសប៊ុករបស់ប្រធានសមាគមន៍សិល្បករខ្មែរ លោក សុះ ម៉ាច បានសរសេរថា «ម្សិលមិញ ក្រោយពីទទួលដំណឹងថា មានសិល្បការិនីម្នាក់ កំពុងបាត់ខ្លួន(រត់គេចនៅទីក្រុងSan Diego )គឺកញ្ញា យ៉ុង ចាន់សុធាវី ខ្ញុំមានអារម្មណ៍សោកស្តាយណាស់..» ។
លោក សុះ ម៉ាច បានបញ្ជាក់ថា«មិនគួរនាងប្រព្រឹតខុស នឹងកិច្ចសន្យាជាមួយសមាគមសិល្បៈ ដែលខ្ញុំចេញលិខិតបញ្ជាក់ស៊ីញ៉េ និងបោះត្រាឲ្យនាង ព្រមទាំងណែនាំថា ត្រូវប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ ជាពិសេសគោរពច្បាប់ទិដ្ឋាការ(visa) ដែលស្ថានទូតអាមេរិកផ្តល់ឲ្យ(US Embassy)តែបែរជានាង មិនគោរពហើយរត់គេចដូច្នេះសោះ នាងកំពុងធ្វើឲ្យខ្លួនមានទោស ដែលពិបាកក្នុងការរស់នៅ ព្រោះសមាគមនៅទីនោះ បានប្តឹងទៅប៉ូលីសឲ្យតាមចាប់ខ្លួននាង ជាពិសេសទៅទៀតនោះ នាងបាន និងកំពុងតែបង្កផលវិបាកដល់សិល្បករសិល្បការិនីដទៃ ដែលនឹងត្រូវចេញទៅសម្តែងនៅទីនោះ ស្របពេលស្ថានទូតអាមេរិក លោកចាប់ផ្តើមផ្តល់ឱកាសសម្រួល ដល់ការផ្តល់ទិដ្ឋាការ ដល់សិល្បករសិល្បការិនី យើងថ្មីៗនេះផងដែរ »។
ប្រធានសមាគមនសិល្បកររូបនេះ បានបន្ថែមថា «ជាសំណូមពររបស់ខ្ញុំ សូមឲ្យនាងពិចារណាឡើងវិញ ឯក្រុមគ្រួសាររបស់នាង មេត្តាជួយពន្យល់ណែនាំនាង ឲ្យត្រឡប់មកវិញកុំខាន ព្រោះថាប៉ូលីសចាប់បាននាង នឹងគ្មានឱកាសបានរស់នៅ និងបានទៅអាមេរិកជារៀងរហូត។ សិល្បការិនីបីរូបហើយ ដែលគេចខ្លួន ដែលខ្ញុំចេញលិខិតបញ្ជាក់ឲ្យក្នុងនោះមាន ហង្សពិសី ស៊ិន សុម៉ាលី និងយ៉ុងចាន់សុធាវី ពិតជានាំផលវិបាកមែន..» ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី