* ជីវប្រវត្តិសង្ខេបរបស់លោកតា ពេជ្រ ទុំក្រវ៉ិល, សពនឹងត្រូវបញ្ចុះ តាមបណ្ដាំរបស់លោកតា
ភ្នំពេញ៖ លោកព្រឹទ្ធាចារ្យ និងជាវីរសិល្បករ ដ៏ល្បាញល្បីផ្នែកវប្បធម៌ខ្មែរលោកតា ពេជ្រ ទុំក្រវ៉ិល មានឈ្មោះដើមថា ឈន ទត បាន លាចាកលោកហើយ ក្នុងជន្មាយុ៧៤ឆ្នាំ កាលពីវេលាម៉ោង១១ និង៣៣នាទីថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០១៥ ដោយរោគាពាធ នៅគេហដ្ឋាន របស់លោកព្រឹទ្ធាចារ្យ ស្ថិតក្នុងផ្ទះលេខ៥៥៥ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ថ្វីដ្បិតតែលោកព្រឹទ្ធាចារ្យ ពេជ្រ ទុំក្រវ៉ិល បានលាចាកលោក ដោយគ្មានថ្ងៃវិលត្រឡប់មកវិញក្ដី ប៉ុន្ដែស្នាដៃដ៏ល្បីល្បាញរបស់ លោកផ្នែក សិល្បៈវប្បធម៌ បានបន្សល់យ៉ាងច្រើនទុកឱ្យកូនខ្មែរជំនាន់ក្រោយ សម្រាប់សិក្សាស្រាវជ្រាវ និងថែរក្សាវប្បធម៌ ដ៏មានតម្លៃ ដែលជាដួងព្រលឹងរបស់ជាតិខ្មែរ ។ ស្នាដៃទាំងនោះរួមមាន រឿងទុំទាវ ម៉ាក់ថឹង ស្បែកពណ៌ ស្នាដៃកំណាព្យ រឿងល្ខោន យីកេ និងស្នាដៃល្បីៗជាច្រើនទៀត ។ ក្រៅពីនោះ លោកព្រឹទ្ធាចារ្យ ពេជ្រ ទុំ ក្រវ៉ិល បានបន្សល់ទុកសៀវភៅជាច្រើន ដែលចងក្រងអំពីវប្បធម៌របស់ខ្មែរ ហើយដែលត្រូវបានគេ ប្រទះឃើញ នៅស្ទើរគ្រប់ទីកន្លែង រាប់ទាំងក្រៅប្រទេសទៀតផង ។
លោកព្រឹទ្ធាចារ្យ ពេជ្រ ទុំក្រវ៉ិល បានចាប់ផ្ដើមជរាពាធ មានជំងឺប្រចាំកាយ អស់កាលមួយរយៈខ្លីចុងក្រោយ ហើយលោកព្រឹទ្ធាចារ្យ ត្រូវបានយកចិត្ដទុកដាក់ ពីក្រុមគ្រួសារ វេជ្ជបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល និងយុវជនជំនាន់ក្រោយមើលថែរក្សា និងឧបត្ថម្ភថវិកា ។ ប៉ុន្តែមច្ចុរាជមិនបានផ្ដល់ក្តីមេត្តាដល់អាយុជីវិតរបស់លោកតា ពេជ្រ ទុំក្រវិល អ្វីបន្តិចឡើយ និងបានមកផ្ដាច់សង្ខា នៅវេលាម៉ោង១១ និង៣៣នាទីថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០១៥ ដោយក្ដីអាលោះអាល័យពីសំណាក់ប្រពន្ធ កូន ចៅ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានបាត់បង់នូវ ធនធានមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសជាតិ ។
* ជីវប្រវត្តិសង្ខេបរបស់ លោកតា ពេជ្រ ទុំក្រវ៉ិល
លោកតា ពេជ្រ ទុំក្រវ៉ិល មានឈ្មោះដើមថា ឈន ទត បានកើតនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៤៣ នៅភូមិសសី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។ ជាបុត្ររបស់លោក ជួន ឈន និងអ្នកស្រី ញូង យ៉ុម មានមុខរបរជាកសិករ ។
ឆ្នាំ ១៩៦០-១៩៦៣ ៖ សិស្សនៅវិទ្យាស្ថានជាតិគរុកោសល្យ ។
ឆ្នាំ ១៩៦៣-១៩៦៤ ៖ សិស្សនៅសាលាជាតិផ្នែកល្ខោន "ល្ខោនជាតិ" ។
ឆ្នំា ១៩៦៥-១៩៦៧ ៖ និស្សិត មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។
ឆ្នំា ១៩៦៩-១៩៧៥ ៖ នាដករនៅអភិរក្សមន្ទីរជាតិនៃទស្សនីយភាព និងបង្រៀននៅមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត ។
ឆ្នាំ ១៩៧៥-១៩៧៨ ៖ ទាសករនៅស្រុកឧដ្ដុង្គ តំបន់៣២ នាសម័យ ប៉ុល ពត ។
ឆ្នាំ ១៩៧៩-១៩៨១ ៖ អនុប្រធាននាយកដ្ឋានសិល្បៈ នៃក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន ។
ឆ្នាំ ១៩៨២-១៩៩៣ ៖ ប្រធាននាយកដ្ឋានសិល្បៈ នៃក្រសួងវប្បធម៌ និងព័ត៌មាន ជំនាញការវប្បធម៌ នៅប្រទេសទ្បាវ (១៩៨៤-១៩៨៥) ។
ឆ្នាំ ១៩៩៤-១៩៩៧ ៖ អគ្គនាយកអភិវឌ្ឍន៍វប្បធម៌ និង វិចិត្រសិល្បៈ ។
ឆ្នាំ ១៩៩៧-១៩៩៨ ៖ ធ្វើការនៅវិទ្យុអាស៊ីសេរី ក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ទទួលបន្ទុកសិល្បៈ វប្បធម៌ និង ប្រវត្តិសាស្រ្តកម្ពុជា ។
ឆ្នាំ ១៩៩៨ ៖ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ។
ឆ្នាំ ១៩៩៩ ៖ ទទួលពានរង្វាន់ ជ័យលាភីលើកទី១ នៃប្រទេសកម្ពុជា ផ្នែកតែងនិពន្ធ ប្រចាំប្រទេសអាស៊ីអាគ្នេយ៍ ។
ប្រធានគណៈគម្មការស្រាវជ្រាវសិល្បៈ វប្បធម៌ ប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
ឆ្នាំ ២០០១ ៖ វញ្ញាបនប័ត្រព្រឹទ្ធាចារ្យ វប្បធម៌ សិល្បៈ រាជបណ្ឌិតសភាកម្ពុជា ។
ឆ្នាំ ២០០២ ៖ វរៈសិល្បករកម្ពុជា ។
ឆ្នាំ ២០០៣-២០០៨ ៖ ទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។
ឆ្នាំ ២០០៩ ៖ ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឋានៈរស្មីរដ្ឋមន្ត្រី ។
លោកតា ពេជ្រ ទុំក្រវិល បានរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ១៩៧៩ ជាមួយនឹងព្រះអង្គម្ចាស់ នរោត្តម បុប្ផានី ដោយមានចំណងដៃកូនចំនួន៥នាក់ ស្រី៣នាក់ ។ ក្នុងនោះកូនស្រីរបស់លោកតា ពេជ្រ ទុំក្រវិល សុទ្ធសឹងតែមាននិស្ស័យខាងសិល្បៈ ។ សពរបស់លោកតា ពេជ្រ ទុំក្រវិល នឹងត្រូវដង្ហែយកទៅបញ្ចុះ តាមបណ្ដាំរបស់លោកតា មុនពេលស្លាប់ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០១៥ ដែលជាទីកំណើតរបស់ លោកតាផ្ទាល់ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល