ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំ កម្ពុជា (U-23) សម្រាប់ថ្ងៃបើកឆាកនៃការប្រកួតវគ្គជម្រុះជុំ ទី២ ប្រចាំទ្វីបអាស៊ី នៃពានរង្វាន់ FIFA World Cup 2018 នៅរុស្ស៊ី នាខែមិថុនាខាងមុខ នឹងបើកទ្វារទទួល ស្វាគមន៍ក្រុមភ្ញៀវសិង្ហបុរីមុនគេ ក្នុងជំនួបជើងទី១ ប្រចាំពូល E ខណៈជំនួបជើងទី២ នឹងធ្វើឡើងនៅលើទឹកដី សិង្ហបុរីវិញម្ដងនាខែ តុលាខាងមុខ ។
ក្រោយបញ្ចប់កម្មវិធីចាប់ឆ្នោត ជ្រើសរើសពូលប្រកួតពានរង្វាន់ បាល់ទាត់ពិភពលោកខាងលើ កាលពីពេលថ្មីៗកន្លង ទៅនៅប្រទេសម៉ាឡេស៊ីនោះ ជាលទ្ធផលក្រុម U-23 កម្ពុជា ស្ថិតក្នុងពូល E ជាមួយគូប្រជែង ៤ប្រទេសផ្សេងទៀត រួមមាន ជប៉ុន, សិង្ហបុរី, អាប់ហ្គានីស្ថាន និងស៊ីរី ។ ក្នុងឱកាសនោះ សម្រាប់លទ្ធផលចាប់គូប្រកួតកម្ពុជា បានក្លាយ ជាម្ចាស់ផ្ទះក្រោយចាប់ឆ្នោតជួបក្រុមសិង្ហបុរី ដែលជាការប្រកួតលើកដំបូងក្នុងពូល E នាថ្ងៃទី១១ ខែមិថុនាខាងមុខ។ ប៉ុន្ដែអ្វីដែលធ្វើឲ្យកម្ពុជា ក៏ដូចក្រុមក្នុងពូលព្រួយបារម្ភនោះ គឺក្រុមសាម៉ូរៃជប៉ុន ដែលជាក្រុមជើងខ្លាំងប្រចាំទ្វីបអាស៊ី តែម្តង ។
សម្រាប់ការប្រកួតថ្ងៃ បើកឆាករបស់កម្ពុជា អាចមានសង្ឃឹមច្រើនក្នុងការ ស្វែងរកពិន្ទុឡើងទៅវគ្គបន្ដ ព្រោះមុននឹង ចាប់ឆ្នោតជួបគ្នា ក្នុងពាន World Cup នេះ កម្ពុជា និងសិង្ហបុរី ក៏ធ្លាប់បានជួបប្រកួតក ម្ដៅសាច់ដុំ២ ប្រកួតនៅលើ ទឹកដីម្ចាស់ផ្ទះសិង្ហបុរីផងដែរ កាលពីខែមីនាកន្លងទៅ ដោយលទ្ធផលកម្ពុជា ឈ្នះក្រុម U-23 សិង្ហបុរី ៣-០ ម្ដង និង ស្មើក្រុម U-22 សិង្ហបុរី ២-២ ម្ដង ។
ដោយសំអាងលើលទ្ធផលនៃការជួបគ្នា២ប្រកួតចុងក្រោយនោះ ក្រុមអ្នកវិភាគបាល់ទាត់កម្ពុជា បានទស្សន៍ទាយថា ក្រុម U-23 កម្ពុជា មានសង្ឃឹមច្រើនក្នុងការយកឈ្នះលើក្រុម U-23 សិង្ហបុរី នៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងជំនួប ជើងទី១ នាខែមិថុនាខាងមុខ ព្រោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបច្ចុប្បន្ន មានការរីកចម្រើនខុសពីមុនឆ្ងាយ ណាស់ប៉ុន្ដែកម្ពុជាក៏មិនត្រូវធ្វេសប្រហែសដែរ ។
ងាកទៅលើក្រុមជម្រើសជាតិស្ថិតពូល E ផ្សេងៗទៀតវិញ ទោះបីមានឱកាសឡើងមកលេងជុំទី២ក៏ពិតមែន ប៉ុន្ដែក្រុម ទាំងនោះ ហាក់មិនសូវមានសង្ឃឹមថា បានឡើងទៅលេងវគ្គបន្ដទៀតឡើយ រួមទាំងកម្ពុជាផងដែរ ព្រោះស្ថិតក្នុងពូល ជាមួយក្រុមបាល់ទាត់ជើងខ្លាំងប្រចាំទ្វីបអាស៊ីទៅហើយ គឺក្រុមសាម៉ូរៃជប៉ុន ដែលជាក្រុមបាល់ទាត់ក្នុងទ្វីបតែមួយគត់ ដែលឧស្សាហ៍ទទួលបានកៅអីឡើងទៅប្រកួតដល់វគ្គ៣២ក្រុមចុងក្រោយនៃ World Cup ស្ទើរតែគ្រប់សម័យកាល ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល