ព័ត៌មានកីឡា៖ Chelsea យល់ព្រមចុះហត្ថលេខា ទទួលយកម្ចាស់ជំនួយថ្មីក្នុងកំណែទម្រង់ឯកសណ្ឋានថ្មីផងដែរ ជាមួយក្រុមហ៊ុន Yokohama ដែលសម្រេចលើកិច្ចកុងត្រាផ្ដល់ ឲ្យដល់ទៅ ៤០ លានផោន ក្នុងមួយឆ្នាំ។
លោក Bruce Buck ដែលជាប្រធានធំបំផុតរបស់ក្លឹប Chelsea បានយល់ព្រមចុះហត្ថលេខាទទួល យកម្ចាស់ជំនួយថ្មី គឺក្រុមហ៊ុន Yokohama ដែលជាក្រុមហ៊ុនផលិតសំបកកង់យានយន្ដរបស់ប្រទេសជប៉ុន ក្នុងកំណែទម្រង់ផ្លាស់ប្ដូរអាវយឺត មកជាផ្លាករូបអក្សរ Yokohama ។
រដូវកាលកិច្ចកុងត្រាគឺមានរយៈពេលដល់ទៅ ៥ ឆ្នាំ ដែលក្នុងមួយឆ្នាំ ក្រុមហ៊ុនត្រូវឧបត្ថម្ភមកក្លឹប ដល់ទៅ ៤០ លានផោន បើគិតប្រៀបធៀបទៅម្ចាស់ជំនួយចាស់គឺក្រុមហ៊ុន Samsung គឺមានភាពខុសគ្នាដាច់ស្រឡះ ដោយឡែកក្រុមហ៊ុន ហ៊ានចំណាយត្រឹមតែ ១៨ លានផោនប៉ុណ្ណោះក្នុងមួយឆ្នាំ កាលពី ២០០៦។
ដូចគ្នាទៅនឹងការលើកឡើងផងដែរ ក្រុមហ៊ុនផលិតរថយន្ដរបស់សហរដ្ឋអារមេរិកឈ្មោះ Chevrolet ក៏ជាប់កុងត្រាជាមួយ Manchester United រហូតដល់ទៅ ៧ ឆ្នាំដោយក្នុងលក្ខខ័ណតម្លៃនៃការចំណាយ ដល់ទៅ ៥០ លានផោនក្នុងមួយឆ្នាំ ។
ថ្លែងការចាប់អារម្មណ៍នឹង សេចក្ដីត្រេកអរ លោក Bruce Buck បានមានប្រសាសន៍ឲ្យដឹងថា Chelsea នឹង Yokohama ពិតជាសាកសមឥតខ្ចោះ ដោយហេតុអង្គទាំងពីរ ផោតសំខាន់ទៅលើគុណភាពនៃការសម្ដែង នឹង កំណែទម្រង់ថ្មីៗ ដែលគ្រប់យ៉ាងប្រកបទៅដោយទំនុកចិត្ដ និង មហិច្ឆិតាខ្ពស់ ដើម្បីសម្រេចបាន ជោគជ័យ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី