CamNews

ព័ត៌មានអន្តរជាតិ 

ជម្លោះគ្រួសារ ធ្វើឱ្យប្អូនប្រុសនាយករដ្ឋមន្រ្ដីសិង្ហបុរីបង្ខំចិត្ដចាកចេញពីប្រទេស

ព័ត៌មានអន្តរជាតិ ៖ ប្អូនប្រុសនាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lee Hsien Loong គឺលោក Lee Hsien Young បាននិយាយ នៅថ្ងៃពុធនេះថា លោកត្រូវបង្ខំចិត្ដចាកចេញពីទីក្រុងនេះ នៅចំពេលដែលមានជម្លោះក្នុងក្រុមគ្រួសារ ចាប់តាំងពីមរណភាពឪពុករបស់លោក កាលពីពីរឆ្នាំមុន។

លោក Lee Hsien Yang បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចំនួន ៦ ទំព័រ ជាមួយប្អូនស្រីរបស់លោកគឺ នាង Lee Wei Ling ដែលបានបង្ហោះ លើគណនីហ្វេសប៊ុករបស់លោកថា៖ "វាជារឿង ក្រៀមក្រំបំផុត ដែលខ្ញុំនឹងត្រូវចាកចេញពីប្រទេសសិង្ហបុរី ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ»។ "ខ្ញុំមិនចង់ចាកចេញ នោះឡើយ។ បងប្រុស Hsien Loong គឺជាហេតុផលតែមួយគត់សម្រាប់ការចាកចេញរបស់ខ្ញុំ"។


បងប្អូនទាំងពីរនាក់ និយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា៖ «យើង គ្មានការទុកចិត្ដ លើបងប្រុស Hsien Loong នោះទេ ហើយ យើងបានបាត់បង់ទំនុកចិត្ត លើគាត់ទៅហើយ។ សេចក្ដីថ្លែងការណ៍ដដែលនេះ ពុំបានបញ្ជាក់អំពីទីកន្លែង ដែលលោក Lee Hsien Yang គ្រោងនឹងផ្លាស់ទៅរស់នៅ នោះឡើយ។

លោកនាយករដ្ឋមន្រ្តី បានចេញសេចក្តីថ្លែងការណ៍បដិសេធចំពោះការចោទប្រកាន់ ដែលធ្វើឡើង ដោយបងប្អូនរបស់លោក ហើយនិយាយថា លោក មានការសោកស្តាយខ្លាំងណាស់ចំមតិយោបល់ជាសាធារណៈរបស់ពួកគេ ដែលបានលាតត្រដាងពីជម្លោះគ្រួសារ ដែលបានស្ងប់ស្ងាត់ ចាប់តាំងពីមរណភាពរបស់លោកឪពុក លី ខ្វាន់យូ របស់ខ្លួន កាលពីខែមីនា ឆ្នាំ  ២០១៥ ដែលជានាយករដ្ឋមន្រ្តីជាប់ឆ្នោតជាលើកដំបូងរបស់ប្រទេសសិង្ហបុរី ។


លោកនាយករដ្ឋមន្រ្តី Lee បានឱ្យដឹង នៅក្នុងការឆ្លើយតបតាមអ៊ីមែល កាលពីថ្ងៃពុធថា៖ «ខ្ញុំពិតជាខកចិត្តខ្លាំងណាស់ ដែលបងប្អូនរបស់ខ្ញុំ បានសម្រេចចេញសេចក្តីថ្លែងការណ៍ផ្សព្វផ្សាយ ពីបញ្ហាឯកជនក្នុងក្រុមគ្រួសារ"។ "ខណៈពេល ដែលបងប្អូន អាចមានគំនិតផ្ទុយគ្នា ខ្ញុំជឿថា ភាពផ្ទុយគ្នាបែបនេះ គួរតែរក្សាជាបញ្ហា ក្នុងក្រុមគ្រួសារបានហើយ។ "

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា សេចក្តីថ្លែងការណ៍របស់លោក Lee Hsien Yang និងប្អូនស្រី Lee Wei Ling បានប៉ះពាល់ដល់កេរ្តិ៍តំណែលរបស់លោកឪពុក។ លោកបានបដិសេធ”នូវការអះអាងមិនទំនង» ដោយចោទប្រកាន់លោកថា​ លោក នឹងផ្ទេរមហិច្ឆតានយោបាយ ឱ្យទៅកូនប្រុសរបស់លោក។ លោក Lee ដែលបានក្លាយជានាយករដ្ឋមន្រ្តីទីបីរបស់ប្រទេសសិង្ហបុរី នៅក្នុងឆ្នាំ ២០១៤ បាននិយាយថា លោកនឹងពិចារណាលើបញ្ហានេះបន្ថែមទៀត បន្ទាប់ពីលោកត្រឡប់ពីដំណើរទស្សនកិច្ចក្រៅប្រទេស ជាមួយគ្រួសាររបស់លោក នៅចុងខែនេះ។

យោងតាមលោក Eugene Tan ដែលជាអ្នកវិភាគនយោបាយ និងជាអតីតសមាជិកសភាជ្រើសតាំង បានឱ្យដឹងថា ទំនុកចិត្តនៅក្នុងរដ្ឋាភិបាល និងការដឹកនាំប្រទេស ទំនងជាមិនរងផលប៉ះពាល់ភ្លាមៗ ដោយសារជម្លោះជាសាធារណៈនេះនោះទេ ។

លោក Lee Hsien Yang ដែលជាប្រធាននៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសសឹង្ហបុរី និងជាទីប្រឹក្សាពិសេសរបស់ក្រុមហ៊ុន General Atlantic LLC និងអ្នកនាង Lee Wei Ling បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេរងការ "រំខានដោយបុគ្គលិកលក្ខណៈ និង "របៀបវារៈផ្ទាល់ខ្លួន" របស់បងប្រុស Lee Hsien Loong ។ ពួកគេបាននិយាយថា សេចក្តីថ្លែងការណ៍របស់ពួកគេ គឺគ្មានចេតនាធ្វើការរិះគន់ដល់រដ្ឋាភិបាលនោះទេ»។

អចលនទ្រព្យរបស់ លោក លី ខ្វាន់យូ

៦ ខែបន្ទាប់ពីលោក លី ខ្វាន់យូ ទទួលមរណភាព កូនប្អូនបស់លោកទាំងពីរនាក់ បានដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ប្រឆាំងនឹងរដ្ឋាភិបាល ដែលពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀង លើការឃុំឃាំង និងការប្រើប្រាស់បទសម្ភាសន៍មួយចំនួន របស់លោកឪពុកពួកគេ ។

ផ្ទះរបស់លោក លី ខ្វាន់យូ ដែលមានទីតាំងស្ថិតនៅជាយនៃខ្សែក្រវ៉ាត់ផ្សារទំនើប Orchard Road ក៏ជាប្រធានបទនៃជម្លោះនេះផងដែរ។ អតីតនាយករដ្ឋមន្ត្រីរូបនេះ បាននិយាយថា លោកចង់ឱ្យវាយកម្ទេចផ្ទះរបស់លោកចោល បន្ទាប់ពីមរណភាពរបស់លោក។ ប៉ុន្ដែ ក៏មានការអំពាវនាវផងដែរ ដើម្បីឱ្យប្រែក្លាយផ្ទះនោះ ទៅជាសារមន្ទីរវិញ និងដើម្បីជាការរំលឹកដល់វិញ្ញាណខន្ធរបស់លោក ។ នៅខែធ្នូ ឆ្នាំ ២០១៥ លោក Lee Hsien Loong បាននិយាយថា លោកសូមច្រានចោល រាល់ការសម្រេចចិត្ដរបស់រដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងផ្ទះមួយកន្លែងនេះ។

គួរបញ្ជាក់ផងដែរថា លោក លី ក្វាន់យូ គឺនាយករដ្ឋមន្រ្តីពីឆ្នាំ ១៩៥៩ ដល់ឆ្នាំ ១៩៩០ ដែលបានប្រែក្លាយប្រទេសសិង្ហបុរីឱ្យទៅជាប្រទេស ដែលមានជាងគេបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ដោយការបើកកោះនេះឱ្យវិនិយោគិនបរទេស ធ្វើការវិនិយោគ។ លោក បានដឹកនាំរដ្ឋមួយដែលគ្រប់គ្រងយ៉ាងតឹងរឹងនេះ ដោយបំបាត់ចោលនូវអំពើពុករលួយ និងរក្សាប្រទេសនេះឱ្យមានស្ថេរភាព។ លោក លី បានលាឈប់ពីគណៈរដ្ឋមន្រ្តី នៅឆ្នាំ ២០១១ ៕



ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ Bloomberg 


Tags: International news