ភ្នំពេញ៖ ការបង្ហាញម៉ូដខ្នាតធំបំផុត ក្នុងប្រទេសកម្ពុជា ដែលរៀបចំឡើង ដោយហាង កាត់ដេរប៉ារ៉ាឌី និងសំអាងការប៉ារ៉ាឌី ដើម្បីអបអរសាទរ ខួបគម្រប់ ៩ឆ្នាំ នៃទស្សនាវដ្តីម៉ូដប៉ារ៉ាឌី ត្រូវបានអ្នកចូលរួមកត់សម្គាល់ឃើញថា ជាការបង្ហាញម៉ូដទ្រង់ទ្រាយធំ ពុំធ្លាប់មានពីមុនមក ព្រោះមានតារាបង្ហាញម៉ូដ ចំនួន៣ក្រុមធំៗប៉ះគ្នា លើកម្រាលព្រំតែមួយ កាលពីរាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅសាល City Hall នៃទីក្រុងកោះពេជ្រ ។
កាន់តែពិសេស និងអស្ចារ្យបំផុត ក្រុមតារាម៉ូដែលធំៗ ទាំងបីក្រុម បានមកបង្ហាញសមត្ថភាពរួមគ្នា លើឆាកតែមួយ ក្នុងនោះបេក្ខភាព «កំពូលតារាបង្ហាញកម្ពុជា» កញ្ញា ចាន់ គង់ការ ក៏បានចូលរួមផងដែរ ដែលត្រូវបានគេចាត់ទុកថា កម្រមានព្រឹត្តិការណ៍ បង្ហាញម៉ូដណា អាចបង្រួមក្រុមទាំងបី មកបញ្ជូលគ្នាបែបនេះណាស់ ព្រោះអាចត្រូវចំណាយលុយយ៉ាងច្រើន ដើម្បីជួលអ្នកអាជីព បង្ហាញឈុតសម្លៀកបំពាក់របស់ខ្លួន។
ក្រុមម៉ូដែលបង្ហាញម៉ូដ របស់កម្ពុជាទាំងបីនោះរួមមាន ក្រុម Cambodia Super Model ក្រុម Sun Model និង ក្រុម Sapor super model ដែលសរុបទាំងអស់ មានចំនួន ៤៥នាក់ ។ កម្មវិធីបង្ហាញ Show ម៉ូដសម្លៀកបំពាក់មាន៤ ដំណាក់កាល ទី១ បង្ហាញពីឈុតហូលផាមួងខ្មែរ, ទី២ បង្ហាញពីឈុតសម័យទំនើប, ទី៣បង្ហាញពីរូបអាពាហ៍ពិពាហ៍ និងទី៤បង្ហាញពីម៉ូដរាត្រីសមោស ។
ប្រធានក្រុមហ៊ុន ទស្សនាវដ្ដី ប៉ារ៉ាឌី បានថ្លែងថា ដំបូងឡើយ ប៉ារ៉ាឌី គ្រាន់តែជាមុខរបរកាត់ដេរខ្នាតតូច លំដាប់គ្រួសារប៉ុណ្ណោះ តែដោយមានការគាំទ្រ ពីអតិថិជនកាន់តែច្រើនឡើងៗ ប៉ារ៉ាឌី ក៏វិវត្តន៍ខ្លួន ជាបន្តបន្ទាប់ រហូតមានទស្សនាវដ្ដី ដែលបានចាប់ផ្ដើម ចេញផ្សាយលេខដំបូង ក្នុងឆ្នាំ២០០៦ និង ចុងក្រោយក៏មានសំអាងការប៉ារ៉ាឌី បន្ថែមទៀត។ មិនត្រឹមតែមានការគាំទ្រ ក្នុងស្រុកទេ ទាំងទស្សនាវដ្ដី និងហាងកាត់ដេរ គឺមានឈ្មោះល្បីដល់ក្រៅប្រទេសទៀតផង ហើយក៏ធ្លាប់មានជាការបង្ហាញម៉ូដ ដូចគ្នានេះ នៅក្នុងប្រទេសអូស្ត្រាលី ផងដែរ ។
ក្នុងរាត្រីដ៏មនោរម្យនេះ សម្លៀកបំពាក់ជាច្រើនឈុត បានបង្អួតសម្រស់ដល់ភ្ញៀវ ដែលបានចូលរួម មានទាំងឈុត បែបបុរាណ បែបរាត្រីសមោស ឈុតកូនក្រមុំកូនកំលោះ ហើយត្រូវបានស្លៀក ដោយតារាល្បីប្រចាំប្រទេស ធ្វើឲ្យកម្មវិធី រឹតតែអស្ចារ្យទ្វេដង ។ ជាមួយគ្នានេះ អ្នកចូលរួមទស្សនា ក៏សុទ្ធតែជាតារាល្បីៗ អ្នកមានមុខមានមាត់ក្នុងសង្គម អ្នកធុរៈកិច្ចធំៗ ដៃគូជំនួញពាណិជ្ជកម្ម និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយ សម្រាប់ខួបលើកទី៩ឆ្នាំ ដែលបានប្រារព្ធឡើង មានលក្ខណៈទ្រង់ទ្រាយធំ ពុំធ្លាប់មានពីមុនមក ហើយការធ្វើឡើងនេះ ក្នុងគោលបំណង ចង់បង្ហាញឲ្យអន្តរជាតិឃើញថា កូនខ្មែរក៏មានទេពកោសល្យ និងស្នាដៃមិនធម្មតាដែរ នៅក្នុងការច្នៃម៉ូដសម្លៀក ពីផលិតផលក្នុងស្រុក ឲ្យបរទេសបានឃើញ ពីម៉ូដសម្លៀកបំពាក់ថ្មីៗ មានក្បូរក្បាច់ ជាលក្ខណៈបែបខ្មែរ ដែលសម្លៀកបំពាក់ ជាស្នាដៃកូនខ្មែរ នៅហាង កាត់ដេរ «ប៉ារ៉ាឌី» ធ្លាប់បានបង្ហាញ នៅលើឆាកអន្តរជាតិ ជាច្រើនលើកមកហើយ ។
លើសពីនេះ វិស័យច្នៃម៉ូដសម្លៀកបំពាក់ នៅក្នុងប្រទេសកម្ពុជា ក៏មានការរីកចម្រើនខ្លាំង គួរឲ្យកត់សម្គាល់ ដោយមានហាងច្នៃម៉ូដជាច្រើន កំពុងតែប្រជែងគ្នា បង្ហាញស្នាដៃរៀងៗខ្លួន និងផ្លាស់ប្ដូរបទពិសោធគ្នា ទៅវិញទៅមក ហាក់បង្ហាញឲ្យឃើញថា កូនខ្មែរសព្វថ្ងៃមានគំនិតអភិវឌ្ឍច្រើន ជាពិសេសក្នុងសម័យកាល វិទ្យាសាស្រ្តដ៏ជឿនលឿននេះ ។
សូមរំឭកថា ទស្សនាវដ្ដីម៉ូដ «ប៉ារ៉ាឌី» មានចំនួន១៨៨ ទំព័រ ចេញផ្សាយ ក្នុងរយៈពេល៤លេខ ក្នុង១ឆ្នាំ មានលក់នៅក្នុងប្រទេស និងក្រៅប្រទេស ដូចជា បារាំង អាមេរិក អូស្រ្តាលី កាណាដា ញូវហ្សេលែន និងថៃ។ ដោយឡែកកន្លងមក សម្លៀកបំពាក់នៅហាងកាត់ដេរ «ប៉ារ៉ាឌី» ធ្លាប់បានយកទៅបង្ហាញ ឲ្យអន្តរជាតិបានស្គាល់ នៅក្នុងប្រទេសអូស្រ្តាលី ប្រទេសថៃ និងប្រទេសជាច្រើនទៀត តាមរយៈក្រសួងពាណិជកម្ម និងក្រសួងទេសចរណ៍ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល