ភ្នំពេញ៖ ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០១៤នេះ ដែលជាការប្រឡងក្រោមកំណែទម្រង់ ដ៏ស៊ីជម្រៅ និងម៉ឺងម៉ាត់ របស់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន អាចមានការធ្លាក់ច្រើន ជាងបណ្តាកន្លងទៅ។ នេះបើយោងតាមការបញ្ជាក់ របស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យន័រតុន នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤នេះ បានថ្លែងថា តាមព័ត៌មាន ដែលសម្តេចទទួលបានពីរដ្ឋមន្រ្តីក្រសួងអប់រំ ការប្រឡងបាក់ ឌុបនៅឆ្នាំនេះ អាចនឹងមានការធ្លាក់ច្រើនជាងបណ្តាឆ្នាំកន្លងទៅ។
សម្តេចតេជោ នៅបានបញ្ជាក់ឲ្យដឹងផងដែរថា ចំពោះសិស្ស ដែលប្រឡងធ្លាក់ អាចនឹងមានការរៀបឡើងវិញជា លើកទី២។ សម្តេចបានបញ្ជាក់ថា សម្តេចគាំទ្រចំពោះយន្តការរៀបចំឲ្យមានការប្រឡងឡើងវិញនេះ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៤-៥ ខែ សីហា កន្លងទៅនេះ មានបេក្ខជនប្រឡងសរុបចំនួន ៩ម៉ឺន ៣ពាន់ ៤៥៦នាក់។
ការប្រឡងបាក់ឌុប ដែលស្ថិតក្រោមកំណែទម្រង់ដ៏ស៊ីជម្រៅរបស់លោក ហង់ ជូនណារ៉ុន មានការតឹងរឹងជាទីបំផុត មិនត្រឹមតែការដាក់វិធានការតឹងរឹង ដោយមិនអនុញ្ញាតឲ្យលួចយកកំណែតាមខ្លួន ឬលួចប្រយ៉ុង និងលួចមើលគ្នា នោះទេ នៅមានការចូលរួមតាមដានត្រួតពិនិត្យយ៉ាងតឹងរឹងពីអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ ជាច្រើននាក់ផ្សេងទៀត។
លោកគ្រូបង្រៀនគណិតវិទ្យាម្នាក់ ដែលបានចូលរួមកែកំណែនៅមជ្ឈមណ្ឌលបាក់ទូក បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា វិញ្ញាសាគណិតវិទ្យាឆ្នាំនេះ ធ្លាក់ច្រើនជាទីបំផុត ហើយវិញ្ញាសារបស់បេក្ខជនធ្វើហើយ មិន បាន ៥០ភាគរយនោះទេ។
លោកគ្រូគណិតវិទ្យា ដែលសុំមិនបញ្ចេញឈ្មោះរូបនេះ នៅបានរិះគន់កំណែទម្រង់មិនឲ្យប្រើប្រដាប់គិតលេខថា ជា កំណែទម្រង់មួយមិនសមហេតុផល។ លោកគ្រូបានបញ្ជាក់ថា ការប្រើម៉ាស៊ីនគិតលេខ វាមិនមែនជាបញ្ហាធំនោះទេ បើសិស្ស ដែលមិនចេះ ក៏មិនអាចធ្វើវិញ្ញាសារបស់ខ្លួនឈានដល់ដំណាក់កាលប្រើម៉ាស៊ីនគិតលេខនោះដែរ។ បញ្ហា មួយទៀតនោះ នៅពេលរៀនគ្រូមិនដែលហាមប្រាមសិស្សមិនប្រើម៉ាស៊ីនគិតលេខឡើយ ជាបិសេសការគណនាតួ លេខនៅក្នុងវិញ្ញាសាគណិតវិទ្យានេះ មានការលំបាកច្រើន៕