CamNews

ភាពយន្ត 

ផលិតកម្ម Eye Love Film ក្រុងពាលីរឿងដំបូង "កូនខ្ញុំចម្លែក"

ភ្នំពេញ៖ ផលិតកម្មថ្មីមួយ ទើបតែដុះពន្លក ក្នុងពិភពសិល្បៈ ផ្នែកថតខ្សែភាពយន្ត មានឈ្មោះថា Eye Love Film បានចាប់ផ្ដើមក្រុងពាលី ថតរឿងថ្មីដំបូងរបស់ខ្លួន ដើម្បីប្រកួតប្រជែង ក្នុងទីផ្សារ ភាពយន្ត និងក្នុងគោលបំណងលើកស្ទួយវិស័យភាពយន្តខ្មែរ ដែលមានចំណងជើងថា "កូនខ្ញុំ ចម្លែក" ដោយក្នុងពិធី មានការអញ្ជើញចូលរួមយ៉ាងច្រើន ពីសំណាក់តារាសម្ដែងល្បីៗ និងក្រុម ការងារ ក្នុងផលិតកម្មទាំងមូល។

ពិធីក្រុងពាលីកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៤ នេះ បានប្រព្រឹត្តិទៅ នៅក្នុងមូលដ្ឋាន ភូមិក្រោល គោ ក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដើម្បីដំណើរការថតរឿងខ្នាតធំដំបូង ដាក់បញ្ចាំង តាមរោងភាពយន្តនានា ខណៈដែលផលិតកម្ម ក៏ទើបតែបង្កើតឡើងថ្មីដូចគ្នាដែរ។

លោក គល់ ដារ៉ាចាន់ដាំ ចាងហ្វាងផលិតកម្ម Eye Love Film បានមានប្រសាសន៍ ក្នុងពិធីក្រុងពាលី នោះថា នេះជារឿងទី១សម្រាប់ ផលិតកម្មរបស់លោក ក្នុងការចូលរួមថតភាពយន្ត ដើម្បីលើក ស្ទួយវិស័យភាពយន្ត ក្នុងប្រទេសកម្ពុជា ដែលលោកបានមើលឃើញថា កំពុងតែងើប ឡើងវិញជា បណ្ដើរ ជាពិសេសការផលិតរឿងខ្នាតធំ ដាក់បញ្ចាំងក្នុងរោងភាពយន្តនានា និងការរីកដុះដាល នូវ ផលិតកម្មថ្មីៗជាច្រើនទៀត ។

ចាងហ្វាងវ័យក្មេងរូបនេះ បានបន្តទៀតថា ថ្វីត្បិតតែភាពយន្តនេះ ជារឿងទី១សម្រាប់ ផលិតកម្ម របស់លោក ប៉ុន្តែលោករំពឹងយ៉ាងមុតមាំថា នឹងទទួលបានជោគជ័យ និងការគាំទ្រច្រើន ព្រោះតារា សម្ដែងក្នុងរឿងនេះ សុទ្ធតែជាតារាល្បីៗ មានបទពិសោធន៍ច្រើនឆ្នាំ ព្រមទាំងឧបករណ៍ថតទំនើបៗ សុទ្ធសឹងតែនាំចូលមក ពីក្រៅប្រទេស ថតជាប្រភេទ 3G ខ្នាតធំ និងបច្ចេកទេសថ្មី ដោយផ្ដោត សំខាន់លើគុណភាពជាចំបង ពិតជាមិនធ្វើឲ្យអ្នកទស្សនា ខកបំណងឡើយ។

ក្រោយពីថតចប់ ខ្សែភាពយន្ត "កូនខ្ញុំចម្លែក" នឹងត្រូវដាក់បញ្ចាំងតាមរោងភាពយន្តធំៗ ក្នុងរាជធានី ភ្នំពេញ នៅក្នុងអំឡុងពាក់កណ្ដាលខែសីហា ឆ្នាំ២០១៤ ខាងមុខនេះ ៕


ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star actor actress khmer star actor