CamNews

ព័ត៌មានអន្តរជាតិ 

អង្គការសហប្រជាជាតិ៖ ហ្វីលីពីន ត្រូវរាយការណ៍អំពីការរំលោភសិទ្ធិមនុស្ស

ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យរដ្ឋាភិបាលហ្វីលីពីន ត្រូវថ្លែងពីរបាយការណ៍នៃការរំលោភបំពានសិទ្ធិមនុស្ស ដែលរួមមានការគំរាមកំហែងប្រឆាំងនឹងជនជាតិដើមភាគតិច ការប្រព្រឹត្ដអំពើឃាតកម្ម ព្រមទាំងការសម្លាប់កុមារ។ ក្រុមអ្នកជំនាញ បាននិយាយ នៅក្នុងការអំពាវនាវរួមគ្នាមួយថា៖ "យើងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះកម្រិតនៃអំពើហិង្សា ការសម្លាប់មនុស្ស ការបំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញ ដែលក្រុមអ្នកការពារសិទ្ធិមនុស្ស រួមទាំងអ្នកការពារជនជាតិដើមភាគតិច អ្នករៀបចំសហជីពកសិករ និងសមាជិកគ្រួសាររបស់ពួកគេ បានទទួលរង" ។

ភាគច្រើនក្នុងចំណោមអ្នក ដែលរងការវាយប្រហារ គឺជាបុគ្គល ដែលការពារសិទ្ធិរបស់ជនជាតិដើមភាគតិច Lumad នៃកោះមីនដាណាវ។ ជនជាតិដើមភាគតិច Lumad បានរងការគំរាមកំហែងយ៉ាងខ្លាំង ខណៈប្រធានាធិបតីលោក Rodrigo Duterte អំពាវនាវឱ្យធ្វើការវាយប្រហារលើសាលាកុលសម្ព័ន្ធ។ ក្រុមអ្នកជំនាញ បានទាក់ទងទៅរដ្ឋាភិបាលហ្វីលីពីនពាក់ព័ន្ធនឹងរបាយការណ៍នេះ។

ប្រទេសហ្វីលីពីន បានទទួលការចាប់អារម្មណ៍ជាអន្តរជាតិ ចាប់តាំងពីលោក Duterte បានឡើងកាន់តំណែង ជាប្រធានាធិបតី។ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោតរបស់លោក Duterte កាលពីឆ្នាំមុន លោកបានថ្លែងថា មនុស្ស ១០០.០០០ នាក់នឹងត្រូវសម្លាប់ នៅក្នុងការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនរបស់លោក។ លោក Duterte បានសន្យា កាលពីសប្តាហ៍មុនថា លោកនឹងបន្តបង្កើនសង្រ្គាមលើគ្រឿងញៀន នៅក្នុងប្រទេសរបស់លោក បើទោះបីជាមានការព្រួយបារម្ភជាអន្ដរជាតិ ពីការរំលោភសិទ្ធិមនុស្សក៏ដោយ។



កាលពីដើមខែកក្កដា លោក Duterte បានស្នើឱ្យសភាពង្រីកវិសាលភាពច្បាប់អាជ្ញាសឹករបស់ខ្លួន នៅក្នុងប្រទេសនេះ។ កាលពីខែកក្កដា ការិយាល័យជាតិ Ombudsman របស់ហ្វីលីពីន បានប្រកាសពីផែនការចោទប្រកាន់អតីតប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino III ពីបទវាយឆ្មក់ប្រឆាំងភេរវកម្ម ដែលនាំឱ្យមានការសម្លាប់រង្គាល នៅម៉ាម៉ាសាប៉ាណូ ក្នុងឆ្នាំ ២០១៥ ។

នៅក្នុងខែមិថុនា សមាជិកសភាគណបក្សប្រឆាំងហ្វីលីពីន បានដាក់ពាក្យបណ្តឹង ទៅតុលាការជាន់ខ្ពស់ដើម្បីបដិសេធការអនុវត្តន៍ច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី Rodrigo Duterte ។ កាលពីខែមេសា មេធាវីម្នាក់ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោក Duterte ដែលបានចោទប្រកាន់លោកពីការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ក្នុងអំឡុងពេលនៃការបង្ក្រាបប្រឆាំងនឹងគ្រឿងញៀនរបស់លោកទូទាំងប្រទេស ។

កាលពីខែមីនា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានចេញរបាយការណ៍មួយ ដោយចោទប្រកាន់ប៉ូលីសពីបទក្លែងបន្លំភ័ស្តុតាងពាក់ព័ន្ធនឹងការសម្លាប់ ដោយប៉ូលីសលើប្រជាពលរដ្ឋ។ គោលនយោបាយនៃការសម្លាប់រង្គាលនេះ គឺជាផ្នែកមួយនៃវោហាសាស្ត្ររបស់លោក Duterte ចាប់តាំងពី លោកបានក្លាយជាចៅហ្វាយក្រុងដាវ៉ៅ។ នៅក្នុងខែធ្នូ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សលោក Zeid Ra'ad Al Hussein បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើបទឃាតកម្មបន្ទាប់ពីលោក Duterte បានសារភាពថា ខ្លួនបានសម្លាប់មនុស្ស ខណៈពេលដែលលោកធ្វើជាចៅហ្វាយក្រុង Davao ៕  



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist 


Tags: International news