CamNews

យល់ដឹង 

១៤ កុម្ភៈ ឬ Valentine’s Day ជា​​ថ្ងៃ​​ប្រគល់​​ខ្លួន​​ប្រាណ ជូន​​សង្សារ ដើម្បី​បញ្ជាក់​ស្នេហ៍​ស្មោះ?

(ភ្នំពេញ)៖ ថ្ងៃ១៤ កុម្ភៈ ឬ Valentine’s Day ជាទិវានៃក្ដីស្រឡាញ់ ដែលមនុស្សមួយចំនួន តែងតែច្រឡំទិវានេះថា ជា «បុណ្យសង្សារ» ត្រូវបានមនុស្សទូទាំងពិភពលោក ប្រារព្ធឡើង ដើម្បីបង្ហាញពីក្ដីស្រឡាញ់ ចំពោះគ្នាទៅវិញទៅមក ។ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា នៅពេលពិធីបុណ្យនេះ ចាប់ផ្ដើមរីកសុះសាយ កាន់តែទូលំទូលាយដល់មនុស្ស គ្រប់ស្រទាប់វណ្ណៈទាំងអស់ ជាពិសេសបណ្ដាយុវវ័យ ពួកគេបែរជាគិតថា ជាពិធីមួយដែលត្រូវតែជូនការដូ ឬវត្ថុអនុស្សាវរីយ៍ឲ្យមនុស្ស ជាទីស្រឡាញ់ ឬជាសង្សារ ហើយ​ពួកគេក៏យល់ថា ទាល់តែប្រគល់ខ្លួនប្រាណ ឲ្យអ្នកជាទីស្រឡាញ់វិញ ដើម្បីបញ្ជាក់ចិត្តស្មោះ ដោយការយល់ឃើញនេះ វាប្រាស់ចាកទាំងស្រុង នៃបុណ្យ Valentine's Day ។

​ជាការពិតទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈ ឬ Valentine’s Day មនុស្សគ្រប់រូប មិនថាចាស់ឬក្មេង អាចបញ្ជាក់ក្ដីស្រឡាញ់បានទាំងអស់ ក្ដីស្រឡាញ់ចំពោះមាតាបិតា ចំពោះជាតិ សាសនា ព្រះមហាក្សត្រ បងប្អូន គ្រួសារ មិត្តភក្តិ គូសង្សារ ប្ដីប្រពន្ធ ឪពុកម្ដាយចំពោះកូន និងចំពោះព្រះសង្ឃ ជាដើម ។ ១៤ កុម្ភៈ ឬ Valentine’s Day មិនសំដៅតែការ បង្ហាញក្ដីស្រឡាញ់ចំពោះគូសង្សារ ជាយុវវ័យនោះឡើយ ពោលកុំឲ្យយុវវ័យទាំងអស់ ចេះតែមានអារម្មណ៍ ឬគិតយល់ច្រឡំចំពោះទិវា ជាសកលមួយនេះ ថា ជាថ្ងៃប្រគល់ខ្លួនប្រាណ ជូនសង្សារឲ្យសោះ។

*ប្រវត្តិសង្ខេប​ទិវានៃក្ដីស្រឡាញ់ ឬ១៤ កុម្ភៈ​ (Valentine’s Day)

ថ្ងៃ១៤ កុម្ភៈ ឬ Valentine’s Day ជាពិធីបុណ្យមួយរំឭក អំពីសង្ឃ១អង្គនាម Valentine រស់នៅ​ក្នុងចក្រភពរ៉ូម កាលពីច្រើនសតវត្សកន្លងមកហើយ។ ពេលដែលអធិរាជរ៉ូម ពង្រឹងអំណាចដោយ ប្រមូលកំលាំងទ័ព តែយុវជនជាច្រើននាក់ បានរត់គេចចេញពី​ការចាប់ទាហាន ដោយ​ចង់រស់នៅជាមួយញាតិមិត្ដ គ្រួសារ ដូច្នេះ​ស្ដេចចក្រភពរ៉ូម Claudius ទីពីរ បានដាក់បំរាមហាម មិនឲ្យមានការភ្ជាប់ពាក្យ ឬ រៀបអាពាហ៍ពិពាហ៍ ។ ប៉ុន្ដែសង្ឃ Valentine បានលួចលាក់​រៀបការ ឲ្យយុវជនយុវនារី ដូច្នេះហើយលោក​ត្រូវបានជាប់ទោស ហើយត្រូវសម្លាប់ ក្នុងថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២៧០ នៃ គ្រិស្ដសករាជ ។

ជនជាតិអង់គ្លេស និងបារាំង ​បានចាត់ទុកព្រះសង្ឃ Valentine ជាសង្ឃគំរូ ហ៊ានលះបង់ ចំពោះអ្នកដែលមានភក្ដីភាពស្នេហាស្រលាញ់ស្មោះស្ម័គ្រ ហើយបានប្រារព្ធពិធីបុណ្យ Valentine ជារៀងរាលឆ្នាំ ដើម្បីបង្ហាញពីសេចក្ដីស្រលាញ់ចំពោះមិត្ដភក្ដិ ឪពុកម្ដាយ បងប្អូន ប្ដីប្រពន្ធ គូសង្សារ ដែលប្រទេសមួយចំនួននៅលើពិភពលោក យកពេលនេះ ជាពេល​ពិសេសជូនអំណោយ ចេញទៅញ៉ាំអាហារ ប្រកបដោយភក្ដីភាពស្មោះស្ម័គ្រ ប៉ុន្តែត្រូវចាំថា មិនមែនជាពេលវេលា ប្រគល់ខ្លួនប្រាណឲ្យគ្នានោះទេ។

​ទោះបីជាអត្ថន័យ ១៤ កុម្ភៈ ឬ Valentine’s Day ត្រូវបានលាតត្រដាង និងបញ្ជាក់យ៉ាងច្បាស់ថា ជាទិវារំឭកដល់ សង្ឃ Valentine ដែលត្រូវបានគេសម្លាប់ចំ ថ្ងៃទី១៤ កុម្ភៈ ព្រោះតែភាពស្មោះស្ម័គ្រ ចង់រស់នៅជាមួយនឹងគ្រួសារ ញាតិមិត្ត ដោយមិនចង់ទៅ បម្រើជាទាហានក្ដី ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ដែលទទួលរងនូវវប្បធម៌បរទេសមួយនេះ ​នៅ​តែមានការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះយុវវ័យ អាចនឹងប្រព្រឹត្តិខុសប្រពៃណី ចំថ្ងៃ១៤កុម្ភៈ ព្រោះតែការយល់ឃើញខុស និងហៅថា ជាបុណ្យសង្សារទៅវិញ។

​សូមបញ្ជាក់ថា នៅពេលថ្មីនេះ ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីណែនាំ អំពាវនាវឲ្យរួមគ្នា ទប់ស្កាត់សកម្មភាពខុសឆ្គង របស់យុវវ័យ ក្នុងថ្ងៃ «ទិវា​នៃក្តីស្រឡាញ់ ១៤ កុម្ភៈ» ។ ក្នុងន័យនេះក្រសួងទាំងពីរបានបញ្ជាក់ដៀងគ្នាថា មាតាបិតា អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសយុវជនតែម្តង ឲ្យចូលរួមដាក់ចេញ វិធានការនានា ដើម្បីទប់ស្កាត់ទង្វើខុសឆ្គងរបស់យុវជន ដែលបានប្រព្រឹត្តនៅក្នុងថ្ងៃ «ទិវា នៃក្តីស្រឡាញ់ ១៤ កុម្ភៈ» ដែលជាការជាន់ឈ្លីធ្ងន់ធ្ងរ ដល់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជាតិខ្មែរ។

ទិវា នៃក្តីស្រឡាញ់ ដែលជាប្រពៃណី របស់គ្រិស្តសាសនិកជន នឹងឈានចូលមកដល់ទៀតហើយ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្អែកនេះ។ មានការមើលឃើញថា យុវវ័យខ្មែរជាច្រើន បានជ្រើមជ្រួលខ្លាំងជាមួយថ្ងៃ១៤ កុម្ភៈ នេះ ហើយមានយុវវ័យខ្លះ បានយល់ច្រឡំថា ថ្ងៃនេះ គឺជាថ្ងៃបង្ហាញសេចក្តីស្រឡាញ់ របស់ពួកគេចំពោះគូសង្សារ រហូតមានយុវវ័យខ្លះ ហ៊ានលះបង់សព្វបែបយ៉ាង សូម្បីតែខ្លួនប្រាណនៅក្នុងថ្ងៃ មួយនេះ។

នៅក្នុងសេចក្តីអំពាវនាវ​ មានបង្កប់សារក្រើនរំឭក «រួមគ្នា ដើម្បីការពារ និងអភិរក្សវប្បធម៌ប្រពៃណីជាតិ ដ៏ប្រពៃរបស់យើង!» ​។ ក្រសួង​បានក្រើនរំឭកទៅដល់សាធារណជន ជាពិសេសក្រុមយុវវ័យថា «វាជាការចាំបាច់ ដែលសង្គមកម្ពុជា ជាពិសេសស្រទាប់យុវជន ត្រូវដឹងឲ្យពិតប្រាកដជាទីបំផុត នូវវប្បធម៌ប្រពៃណី ដ៏ថ្លៃថ្នូរជាមរតកញើសឈាម ដែលបុព្វបុរសបន្សល់ទុកឲ្យ ហើយក៏ត្រូវស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយពីខ្លឹមសារ និងឥទ្ធិពល នៃទំនៀមទម្លាប់ និងវប្បធម៌ពីក្រៅ ដើម្បីបន្ស៊ីចូលទៅក្នុងឥរិយាបថ និងបរិបទ នៃសង្គមរបស់ខ្លួន សំដៅរក្សានូវអត្ថិភាពជាប្រជាជាតិថ្លៃថ្នូរមួយ ដ៏ចំណាស់»។

ក្រសួ​ងបានលើកឡើងថា ទិវា នៃក្តីស្រឡាញ់នៅកម្ពុជា ក៏ជាឱកាស នៃការចែកចាយ និងធានាថា ក្តីស្រឡាញ់ ដ៏ទូលំទូលាយមួយ ត្រូវបានធ្វើឡើងក្នុងសន្តានចិត្តដ៏ស្មោះសរ ចំពោះមនុស្ស ដែលនៅជុំវិញខ្លួន មានជាអាទិ៍ ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ និងចំពោះអ្នកដែលនៅក្នុងសង្គមជាមួយគ្នា ដូចជាជនពិការ កុមារកំព្រា និងអ្នកដែលខ្សត់ខ្សោយជាងខ្លួន..ជា​ដើម៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី