ភ្នំពេញ ៖ នារីម្នាក់មានអាយុ ប្រហែលជាង២០ឆ្នាំ បានផឹកស្រាស្រវឹង រួចដើរមកលោកទឹកសម្លាប់ខ្លួន នៅខាងមុខព្រះបរម្យរាជវាំង ប៉ងធ្វើអត្តឃាតខ្លួនឯង តែមិនបានសម្រេច តែត្រូវអ្នកនៅជិតកន្លែង ឃើញក៏នាំគ្នា ជួយ សង្គ្រោះទាន់ពេលវេលា ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២១និង១៥នាទីយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុច ខាងមុខព្រះបរម្យរាជវាំង ស្ថិតក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមាននារីម្នាក់ មានសភាពស្រវឹង ជោគជាំ បានដើរចេញពីសួនច្បារខាងមុខព្រះបរម្យរាជវាំង សំដៅទៅមាត់ទន្លេ ហើយចុះទៅក្នុងទឹកប៉ង សម្លាប់ខ្លួន ដោយលោតពីលើមាត់ជ្រាំងទន្លេ ចុះក្នុងទឹកទន្លេមុខព្រះបរម្យរាជវាំង ពេលដែលឃើញ ហេតុការណ៍ នេះភ្លាមអ្នកដែលមក អង្គុយលេងនៅជិតកន្លែងកើតហេតុ ក៏នាំគ្នាចុះជួយស្រង់ឡើង មកលើគោកវិញបាន ទាន់ពេលវេលា ហើយបានហៅរថយន្ដសង្គ្រោះបន្ទាន់ អោយយកនារីរងគ្រោះយកទៅសង្គ្រោះ នៅមុន្ទីរពេទ្យភ្លាមៗផងដែរ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា នារីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននោះគឺ មិនមានអ្នកណាម្នាក់ស្គាល់ អត្តសញ្ញាណនោះទេ ហើយនៅក្នុងខ្លួនក៏គ្មានលិខិតស្នាម ឬអត្តសញ្ញាណប័ណ្ណសម្គាល់ផងដែរ ហើយក៏មិន ដឹងពីមូលហេតុ ដែលធ្វើអោយនាងចង់សម្លាប់ខ្លួននោះដែរ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវ រកក្រុមគ្រួសារសាច់ញាតិ ដើម្បីប្រគល់ ទៅក្រុមគ្រួសារវិញ និងបានសួរនាំអំពីមូលហេតុ នៃការប៉ងសម្លាប់ខ្លួននេះផងដែរ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល