ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ៖ ប៉ូលិសបាននិយាយថា អ្នកវាយប្រហារគ្រាប់បែកអត្តឃាតពីរនាក់ បានបំផ្ទុះគ្រាប់បែកពីរគ្រាប់បន្តបន្ទាប់គ្នា នៅឯមជ្ឈមណ្ឌលឆ្លងកាត់ដ៏មមាញឹកបំផុតមួយនៃក្រុងហ្សាការតា កាលពីយប់ថ្ងៃពុធ ដោយបានសម្លាប់មន្ត្រីប៉ូលីស ៣ នាក់ ហើយយ៉ាងហោចណាស់មនុស្ស ១០ នាក់ផ្សេងទៀត រងរបួស។
ការបំផ្ទុះគ្រាប់បែកយ៉ាងព្រៃផ្សៃទាំងពីរគ្រាប់នេះ បានកើតឡើង នៅរយៈពេលប្រហែល ៥ នាទីម្ដង នៅស្ថានីយ៍រថយន្ដក្រុង Kampung Melayu ដែលតភ្ជាប់តំបន់ជាយក្រុងភាគខាងកើត និងតំបន់ឧស្សាហកម្មភាគខាងជើង ។
លោក Setyo Wasisto អ្នកនាំពាក្យនគរបាយជាតិរបស់ឥណ្ឌូនេស៊ី បានប្រាប់អ្នកកាសែតថា៖ "រហូតមកដល់ពេលនេះ សាកសព ដែលបានស្លាប់គឺមានចំនួន ៥ នាក់ គឺមន្រ្ដីប៉ូលិស ៣ នាក់ និងអ្នកវាយប្រហារគ្រាប់បែកអត្តឃាត ២ នាក់" ។ អ្នកនាំពាក្យរូបនេះ និយាយថា មន្ត្រីប៉ូលីសចំនួន ៥ នាក់ និងប្រជាជនចំនួន ៥ នាក់ផ្សេងទៀតរងរបួស។
ប៉ូលិសមិនទាន់ដឹងច្បាស់នៅឡើយទេថា តើអ្វីជាការលើកទឹកចិត្ដនាំឱ្យមានការវាយប្រហារនេះទេ ហើយនៅដើមថ្ងៃព្រហស្បតិ៍នេះ ពុំមានក្រុមណាអះអាងទទួលខុសត្រូវចំពោះការវាយប្រហារឡើយ។
ចាប់តាំងពីដើមឆ្នាំមុន ក៏មានការវាយប្រហារកម្រិតទាបជាច្រើនផងដែរ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលប្រព្រឹត្ដធ្វើឡើង ដោយអ្នកគាំទ្ររដ្ឋអ៊ីស្លាម។ អាជ្ញាធរបាននិយាយថា ប្រជាជនឥណ្ឌូនេស៊ីរាប់រយនាក់ អាចនឹងបានទទួលការបណ្តុះបណ្តាលពីក្រុមជ្រុលនិយម នៅប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។
នៅក្នុងខែមករា ឆ្នាំ ២០១៦ ពួកសកម្មប្រយុទ្ធ បានសម្លាប់មនុស្ស ៤ នាក់នៅក្នុងការវាយប្រហារដោយកាំភ្លើង និងគ្រាប់បែក នៅកណ្ដាលទីក្រុងហ្សាការតា រដ្ឋធានីរបស់ឥណ្ឌូនេស៊ីនេះ។
ការវាយប្រហារកាលពីថ្ងៃពុធនេះ បានកើតឡើង ចំពេលដែលមានការកើនឡើងភាពតានតឹងផ្នែកនយោបាយ សាសនា និងជាតិសាសន៍ នៅទីក្រុងហ្សាការតា និងនៅទូទាំងប្រទេស។
នៅព្រឹកថ្ងៃនេះ លោក Basuki Tjahaja Purnama អភិបាលក្រុងហ្សាការតា បានលាលែងពីតំណែង។ កាលពីថ្ងៃអង្គារ លោកបានចាញ់ក្ដីបណ្តឹងឧទ្ធរណ៍របស់ខ្លួន ដែលបានផ្តន្ទាទោសលោក សម្រាប់ការពោលពាក្យប្រមាថព្រះជាម្ចាស់ ដែលលោក ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំ។
នៅយប់ថ្ងៃពុធ មុនការទម្លាក់គ្រាប់បែក នៅស្ថានីយ៍ឆ្លងកាត់នោះ ជនម៉ូស្លីមស្លៀកពាក់សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នា នៅលើផ្លូវដ៏មមាញឹកបំផុត នៅកណ្តាលទីក្រុងហ្សាការតា ដើម្បីអបអរការលាលែងពីតំណែងរបស់លោក Basuki ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ឈ្មោះ Ahok ៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព ៖ NewYorkTimes