CamNews

ប្លែកៗ 

ខកជើងរថយន្តក្រុង អ្នកជំងឺម្នាក់សម្រេចចិត្ត លួចរថយន្តសង្គ្រោះបន្ទាន់ បើកត្រឡប់មកផ្ទះខ្លួនឯង

(អាមេរិក)៖ ស្ត្រីជាអ្នកជំងឺម្នាក់ នៅរដ្ឋ Ohio សហរដ្ឋអា​មេរិក បានធ្វើឲ្យក្រុមគ្រូពេទ្យ​ចលាចលជាខ្លាំង បន្ទាប់ពីនាងលួចយករថយន្តសង្គ្រោះបន្ទាន់ មួយគ្រឿងបើកបរខ្លួនឯង ត្រឡប់មកផ្ទះវិញ ព្រោះតែខកជើងរថយន្តក្រុង ចុងក្រោយចេញចោលទៅ។

Lisa Carr អាយុ៤៣ឆ្នាំ ត្រូវប៉ូលិសនៅតំបន់ Cincinnati ចាប់ខ្លួនពីបទចោរកម្ម ហើយបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារមួយរង់ចាំតុលា​ការកាត់ទោស ហើយអ្នកជំងឺដែលជាប់ចោទនេះ ក៏ស្នើសុំធានាខ្លួន នៅក្រៅឃុំផងដែរ។ យោងតាមបណ្តឹង គឺអ្នក​បើករថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ Deaconess ដែលស្ថិត​នៅផ្លូវ Straight បានរាយការណ៍ ទៅប៉ូលិសពេលដឹងថា រថយន្តសង្គ្រោះប្រភេទ Ford E-450 បាត់ក្រោយពីគាត់ដឹកអ្នកជំងឺម្នាក់ ចូលពេទ្យ​ហើយយកទៅចតទុក។

ប៉ូលិសស្វែងរកឃើញ រថយន្តសង្គ្រោះវិញ តាមប្រព័ន្ធ GPS ក្រោយពី Lisa Carr បើកបរបាន​២០នាទី លើផ្លូវត្រឡប់ទៅផ្ទះ ដែលស្ថិតនៅចំងាយ១០ម៉ាយ ពីមន្ទីរពេទ្យហើយនាង ក៏ត្រូវចាប់ខ្លួន​នៅខាងក្រៅផ្ទះតែម្តង។ ជនសង្ស័យប្រាប់ប៉ូលិសថា នាងលួចរថយន្តសង្គ្រោះបន្ទាន់ បើកមកផ្ទះដោយខ្លួនឯង ព្រោះតែខកទៅជិះរថយន្ត ក្រុងជើងចុងក្រោយអត់ទាន់៕


ផ្តល់សិទ្ធិដោយ​ ៖ ខ្មែរថកឃីង 


Tags: Strange news