(មូស្គូ)៖ ប្រអប់ខ្មៅត្រូវបានក្រុមរុករកស្រង់ចេញពីក្នុងទឹកសមុទ្រហើយ ខណៈសាកសពមនុស្សយ៉ាងហោចណាស់ ១៣នាក់ក៏ត្រូវបានគេរកឃើញនៅក្នុងប្រតិបត្តិការស្វែងរក យន្ដហោះយោធារុស្ស៊ីដែលបានធ្លាក់នៅក្នុងសមុទ្រខ្មៅកាលពិថ្ងៃអាទិត្យ ហើយសាកសពមនុស្សជាច្រើនាក់ផ្សេងទៀតត្រូវបានគេជឿជាក់ថា អាចនៅជាប់ក្នុងយន្ដហោះដែលលិចក្នុងទឹកនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅមុននេះបន្តិច នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមក្រសួងការពាររុស្ស៊ី ក្រុមអ្នកជួយសង្រ្គោះប្រមាណជា ៣,៥០០នាក់ រួមជាមួយនាវា ៣៩គ្រឿង និងក្រុមអ្នកមុជទឹកបាន ចេញប្រតិបត្តិការស្វែងរកប្រអប់ខ្មៅរបស់យន្ដហោះ ក៏ដូចជាសាកសពជនរងគ្រោះទាំងអស់ ហើយជាលទ្ធផលពួកគេបានរកឃើញសាកសពមនុស្ស ១៣នាក់ ប្រអប់ខ្មៅមួយ និងបំណែកចំនួន១៥០ នៃយន្ដហោះយោធារុស្ស៊ីធុន Tu-154 ដែលត្រូវបានបញ្ជូន តាមយន្ដហោះយោធាមួយគ្រឿងទៅកាន់ទីក្រុងមូស្គូ ដើម្បីធ្វើតេស្ដ DNA និងត្រួតពិនិត្យស្រង់យកទិន្នន័យនៃការសន្ទនារបស់ពីឡុត។
គួរបញ្ជាក់ថាយន្ដហោះយោធារុស្ស៊ីធុន Tu-154 ដឹកមនុស្ស ៩២នាក់ បានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅម៉ោងប្រមាណជា ០៥ ៖២៥នាទីទៀបភ្លឺថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុងមូស្គូ) ក្រោយពេលហោះចេញពី ទីក្រុងស៊ូឈី នៃភាគខាងត្បូងប្រទេសរុស្ស៊ីក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ប្រទេសស៊ីរីដើម្បីអបអរសារទរបុណ្យណូអ៊ែល និងរៀបចំការប្រគំតន្ត្រីសម្រាប់កងទ័ពរុស្ស៊ី ដែលកំពុងឈរជើងនៅទីនោះ។ រីឯការសន្និដ្ឋានជំហានដំបូងឲ្យដឹងថា មូលហេតុធ្លាក់គឺអាចបណ្ដាលមកពីបញ្ហាបច្ចេកទេស ឬកំហុសរបស់ពីឡុត ហើយវាមិនមែនជាទង្វើភេរវកម្មនោះទេ៕