CamNews

ព័ត៌មានជាតិ 

កម្លាំងនគរបាល ចុះបង្ក្រាបហាងលក់កាហ្វេ បង្កប់សេវាផ្លូវភេទ, ឃាត់ខ្លួន និងរកឃើញស្រ្តីបម្រើផ្លូវភេទ៧នាក់

(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលតាមផ្លូវច្បាប់ពី លោក កុល បុន ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប និងចូលឆែកឆេរ នៅហាងលក់កាហ្វេជារបស់​ជនជាតិ​វៀតណាម ដែលមានបង្កប់សេវាផ្លូវភេទ មួយកន្លែង ស្ថិតនៅក្រោមស្ពានអាកាសស្ទឹងមាន​ជ័យ តាមផ្លូវលេខ២៧១ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក។

លោកឧត្តមសេនីយ៍ លី ឡាយ អនុប្រធាននាយកដ្ឋាន ដែលដឹកនាំកម្លាំងនគរបាលផ្ទាល់ចុះទៅកាន់ទីនោះ​ បានប្រាប់ថា ជាលទ្ធផល កម្លាំងរបស់លោក បានរកឃើញស្រ្តីបម្រើសេវាផ្លូវភេទចំនួន៧នាក់ ដែលចាត់ទុកថា ជាជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យ២នាក់ផងដែរ។ លោកឧត្តមសេនីយ៍ បានបន្តទៀតថា ក្រៅពីការឃាត់ខ្លួនជនសង្ស័យ និងជួយសង្គ្រោះនារីរងគ្រោះនោះ កម្លាំងរបស់លោក ក៏បានរកឃើញស្រោម​អានាម័យ ទាំងប្រើរួច និងមិនទាន់ប្រើរួច ជាច្រើនប្រអប់ ព្រមទាំងឧបករណ៍សម្រាប់ជក់គ្រឿង​ញៀន​​ទៀតផង។ ក្រោយបញ្ចប់ ប្រតិបត្តិការចុះឆែឆេរ ហាងកាហ្វេ​ដែលជារបស់​ជនជាតិវៀតណាមខាងលើនេះ ត្រូវបានសមត្ថកិច្ច បិទទ្វារទាំងស្រុង ហើយនាំទាំងជនសង្ស័យ និងជនរងគ្រោះទៅសួរនាំ បន្តទៀតនៅនាយកដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធី៕

 

Posted by Fresh News Photo on Thursday, January 21, 2016

 

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP