(ម៉ាឌ្រីដ)៖ តាមរយៈកម្មវិធីទូរទស្សន៍អេស្ប៉ាញ "El Chiringuito" បានឲ្យដឹងថា កីឡាករនាំសំណាងពីររូប របស់ក្លឹបយក្ស Real Madrid គឺកីឡាករខែ្សប្រយុទ្ធ Cristiano Ronaldo និងប្រធានក្រុម Sergio Ramos បានដាក់សំណើដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់ក្លឹបរបស់ខ្លួន ដើម្បីឲ្យការផ្ទេររបស់ខ្លួនបានចាកចេញពីក្លឹប Real Madrid ។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន កីឡាករឆ្នើមទាំងពីររូបនេះ បានធ្វើការទាក់ទង និងដាក់សំណើទៅកាន់លោក Florentino Perez ដែលជាប្រធានក្លឹប Real Madrid ដើម្បីសុំអន្តរាគមន៍ជំនួយ ឲ្យមានការផ្ទេររូបគេ ចេញពីក្លឹបនៅក្នុងរដូវកាលនេះតែម្តង ។ ការដាក់សំណើរនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី Real Madrid ចាញ់ក្រុមភ្ញៀវ Atletico Madrid ក្នុងលទ្ធផល ១-០ ក្នុងទឹកដីដ៏គួរឲ្យអាម៉ាស់ ។
ជាមួយគ្នានេះដែរ នៅពេលដែលទទួលបានសំណើមកដល់ដៃ លោក Perez បានព្យាយាមនិយាយលួងលោម ដើម្បីឲ្យ Ronaldo ស្ងប់អារម្មណ៍អំពីការមិនពេញចិត្តរបស់កីឡាកររូបនេះ ហើយគាត់នឹងផ្តោតអារម្មណ៍ ពិនិត្យនូវស្ថានភាពកីឡាករទាំងពីរ ឲ្យមានភាពប្រសើរជាងមុន រហូតដល់ចប់រដូវកាលនេះ ។
ទន្ទឹមគ្នានោះ អ្វីដែលធ្ងន់ធ្ងរជាងនេះគឺខ្សែការពារ Sergio Ramos និងជានិមិត្តរូបនៃអ្នកគាំទ្រ ដែលទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនោះ បាននិយាយទៅកាន់ប្រធានក្លឹបលោក Perez ដោយទាមទារឲ្យមានការទទួលយកនូវការផ្ទេរកីឡាករទៅក្លឹបផ្សេង តាមការស្នើសុំ ៕
Ronaldo (ឆេ្វង) Ramos
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី