(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម បន្ថែមទៀតហើយ បន្ទាប់ពីអង្គការសហប្រជាជាតិ រៀបចំធ្វើការបោះឆ្នោតដើម្បីអនុម័តចេញនូវទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប្រឆាំងនឹងរដ្ឋកុម្មុយនិស្តមួយនេះ កាលពីថ្ងៃពុធម្សិលមិញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក មូន សាងគ្យុន (Moon Sang-kyun) ត្រូវបានអ្នកសារព័ត៌មានដកស្រង់សម្តីនៅថ្ងៃព្រហស្បតិ៍ នេះទៀតថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ នៅវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃនេះ ហើយមីស៊ីលទាំងនោះបានធ្លាក់ចូលទៅក្នុងដែនទឹកភាគខាងកើត នៃប្រទេសរបស់ខ្លួន។
ទោះបីជាបែបនេះក្តី គេនៅមិនទាន់ដឹងថា តើគ្រាប់មីស៊ីលខាងលើនេះ ជាប្រភេទអ្វីឲ្យជាក់លាក់នោះទេ ប៉ុន្តែ ក្រុមឃ្លាំមើលសកម្មភាពកូរ៉េខាងជើង ពីកូរ៉េខាងត្បូងបានអះអាងថា ពិតជាមានការបាញ់សាកល្បងដូចខាងលើនេះ ប្រាកដមែន។ បច្ចុប្បន្នកូរ៉េខាងត្បូង កំពុងឃ្លាំមើលសកម្មភាព កូរ៉េខាងជើងយ៉ាងប្រកៀកប្រកិតបំផុត៕
* បញ្ជាក់ ៖ រូបភាពឯកសារ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី