(ភ្នំពេញ)៖តារាសម្តែង និងជាតារាម៉ូឌែល រាងខ្ពស់ស្រឡះ កន្លងមកធ្លាប់ភ្ជាប់និស្ស័យស្នេហ៍ ជាមួយបុរសខុសសញ្ជាតិជនជាតិប៉ាគីស្ថាន លោក Zak Ky បន្ទាប់ពីចំណងស្នេហា របស់ពួកគេ ត្រូវបានកាត់ផ្តាច់ អស់រយៈពេលជាង១ឆ្នាំមកនោះ ស្រាប់តែថ្មីៗនេះ មានលេចឭដំណឹងស្នេហ៍ថ្មី រវាងនាងជាមួយថៅកែភោជនីយដ្ឋាន ស៊ាំបា។ ប៉ុន្តែដំណឹងនេះ ត្រូវបានសាម៉ីខ្លួន ទឹម រដ្ឋា ធ្លាប់ចេញមុខបញ្ជាក់ម្តងជាពីររួចហើយថា ពុំមែនជាការពិតនោះទេ វាគ្រាន់តែការរាប់អានគ្នាលក្ខណៈ មិត្តភក្តិធម្មតាប៉ុណ្ណោះ។
ទោះបីជា មានការចេញមុខបកស្រាយ និងច្រានចោលដំណឹងស្នេហ៍ រវាង ទឹម រដ្ឋា ជាមួយថៅកែ ភោជនីយដ្ឋានស៊ាំបាយ៉ាងនេះក្តី ប៉ុន្តែមុននេះបន្តិច ត្រូវបានប្រភពមួយចំនួន នៅតែបន្តដាក់ការសង្ស័យ លើរូបនាងជាមួយបុរសម្នាក់នោះដដែល ស្របពេលដែលគេដឹងថា រដ្ឋា ប្តូរជិះរថយន្តថ្មី ហើយគិតថា ជាការដូផ្គាប់ចិត្តពិម្ចាស់ស្នេហ៍ទៀតផង។ ទន្ទឹមពេលជាមួយគ្នានេះដែរ ដើម្បីស្រាយចម្ងល់ និងបញ្ចប់មន្ទិលទាំងនេះ កញ្ញា ទឹម រដ្ឋា ក៏បានចេញមុខបញ្ជាក់ជាថ្មីថា សព្វថ្ងៃនាង មានមនុស្សដែលត្រូវស្រឡាញ់ហើយ តែមិនមែនថៅកែភោជនីយដ្ឋាន ស៊ាំបា ឡើយ។
តារាស្រី ទឹម រដ្ឋា បានប្រាប់ឲ្យដឹងថា សម្រាប់រឿងទំនាក់ទំនង ស្នេហារវាងនាង ជាមួយថៅកែភោជនីយដ្ឋាន ស៊ាំបា គឺមិនអាចចាប់ផ្តើមឡើងបានទេ ព្រោះមិត្តភាពរបស់នាង និងបុរសម្នាក់នេះ បានត្រឹមតែមិត្តភក្តិរាប់អានស្គាល់គ្នា ធម្មតាណ្ណោះ។ ម្យ៉ាងទៀតបច្ចុប្បន្ន បេះដូងរបស់នាងក៏បានពិចារណា ជ្រើសមើលអ្នកថ្មីហើយដែរ គ្រាន់តែមិនទាន់សម្រេចច្បាស់លាស់។
កញ្ញា ទឹម រដ្ឋា បានបង្ហើបប្រាប់ ឲ្យដឹងពីអត្តសញ្ញាណបុរស ដែលនាងកំពុងពិចារណា ប្រគល់បេះដូងក្តី និងស្រឡាញ់ជាថ្មីនោះថា មិនមែនជាអ្នករស់នៅស្រុកខ្មែរ ហើយក៏មិនមែនជាអាណិកជនខ្មែរ រស់នៅស្រុកក្រៅដែរ គឺតាមពិតគាត់ជាបុរសជនជាតិអាមេរិកកាំងសុទ្ធសាធ ព្រោះមាននិស្ស័យ តែជាមួយប្រុសជនជាតិបរទេស។ ប៉ុន្តែយ៉ាងណាមិញ នាងក៏មិនបានបញ្ជាក់ប្រាប់ឲ្យលម្អិតជាងនេះដែរ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី