(ភ្នំពេញ)៖ ជំនួបមិត្តភាពអន្តរជាតិ ជាប្រវត្តិសាស្រ្តរវាងក្រុមបាល់ទាត់ គោព្រៃកម្ពុជា ទល់នឹងម្ចាស់ផ្ទះហុងកុង នាម៉ោង ៧៖០០នាទីយប់ (ម៉ោង ៨យប់នៅហុងកុង) ថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៦ ស្អែកនេះ ទូរទស្សន៍កម្សាន្ត My-TV ធ្វើការផ្សាយបន្តផ្ទាល់ ពីទីកន្លែងប្រកួតនៃពហុកីឡដ្ឋាន Mongkok។
នៅលើ Facebook Page ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ កម្ពុជា (FFC) បានបញ្ជាក់យ៉ាងច្បាស់នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហានេះថា ប្រិយមិត្តអ្នកគាំទ្រអាចទស្សនាផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ MY-TV ដែលស្ថិតក្នុងដំបូលក្រុម ហ៊ុន CBS តែមួយ បន្ទាប់ពីទូរទស្សន៍លេចធ្លោក្នុងស្រុកនេះ ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការផ្សាយបន្ដផ្ទាល់ពីជំនួបមិត្ត ភាពជាប្រវត្តិសាស្ដ្រលើកទី១ នេះ។
យ៉ាងណាមិញ កាលពីដើមឡើយគេបានទទួលដំណឹងថា ការប្រកួតនេះ គឺប៉ុស្ដិ៍ទូរទស្សន៍ CTN ជាអ្នកផ្សាយបន្ដផ្ទាល់ ប៉ុន្ដែនៅពេលមានការផ្លាស់ប្ដូរបែបនេះ មានអ្នកគាំទ្រមួយចំនួនក៏បាន ចោទសួរនៅលើបណ្ដាញសង្គមនេះផងដែរ ប៉ុន្ដែមិនមានការឆ្លើយតបនោះទេ ទើបព្រឹកនេះ FFC ចេញបញ្ជាក់ជាផ្លូវការតែម្តង។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា និងហុងកុង ធ្លាប់មានប្រវត្តិជួបគ្នា ២ដងរួចមកហើយនាពេលកន្លងមក តែមិនធ្លាប់ជួបគ្នាក្នុងមិត្តភាពឡើយ ដោយជួបគ្នាក្នុងវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី (AFC) ដោយជើងទី១ បានចាញ់ម្ចាស់ផ្ទះហុងកុង ៤-១ ថ្ងៃទី១៨ ខែតុលា ហើយបន្ដចាញ់ក្នុងជើងទី២ ដោយលទ្ធផល ១-០ នៅកម្ពុជាទៀត ថ្ងៃទី០៧ ខែវិច្ឆិកា កាលពីឆ្នាំ១៩៩៩។
នេះគឺជាការប្រកួតមិត្តភាពដកស្រង់បទពិសោធន៍ដ៏សំខាន់របស់ក្រុមគោព្រៃកម្ពុជា ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដែលនឹងធ្វើឡើងនៅលើទីលានពហុកីឡដ្ឋាន ជាតិនាពាក់កណ្ដាលខែតុលាខាងមុខនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង