(ម៉ានីល)៖ ការប៉ះទង្គិចដោយអាវុធរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមភេរវករនៅក្នុងខេត្ត Lanao del Sur ភាគខាងត្បូងប្រទេសហ្វីលីពីននៅតែបន្ត ជាមួយនិងចំនួនសរុបនៃពួកសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់បានកើនដល់ ១៩នាក់ហើយគិតត្រឹមថ្ងៃចន្ទនេះ។ នេះបើតាមមន្ត្រីយោធាហ្វីលីពីនចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
អ្នកនាំពាក្យកងទ័ពជើងគោកនៃប្រទេសហ្វីលីពីន លោកឧត្តមសេនីយ៍ត្រី Restituto Padilla បានឲ្យដឹងថា ពលទាហានចំនួន ១៣រូបរបស់រដ្ឋាភិបាលបានទទួលរងរបួសនៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាថ្មីមួយទៀត ជាមួយនឹងពួក Maute ដែលបច្ចុប្បន្នកំពុងកាន់កាប់ក្រុង Butig ហើយលោក Padilla បាននិយាយថា «ចំនួននៃអ្នករងគ្រោះប្រហែលជានឹងបន្តកើនឡើងបន្ថែមទៀត នៅចុងបញ្ចប់នៃប្រតិបត្តិការនាថ្ងៃនេះ»។
គួរបញ្ជាក់ថាកងកម្លាំងយោធាហ្វីលីពីនបានចាប់ផ្តើមប្រតិបត្តិការ កម្ចាត់ក្រុមសកម្មប្រយុទ្ធដែលមានគ្នាប្រមាណជា ៣០០នាក់បន្ទាប់ពីពួកគេបានដណ្តើមកាន់កាប់សាលាក្រុង Butag កាលពីថ្ងៃ២៦ ខែវិច្ឆិកាមក ហើយពួកក្រុមសកម្មប្រយុទ្ធ Maute ដែលគាំទ្រពួករដ្ឋអ៊ីស្លាម ISIS នេះ គឺជាអ្នកទទួលត្រូវចំពោះការបោកគ្រាប់បែក និងឆក់ប្លន់ដែលកំពុងកើនឡើងយ៉ាងខ្លាំងក្លា នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនដោយរួមបញ្ចូលទាំងការបំផ្ទុះគ្រាប់នៅក្នុងទីក្រុង Davao ដែលជាកន្លែងកំណើតរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ កាលពីថ្ងៃទី០២ ខែកញ្ញាថែមទៀតផង ហើយកាលនោះមនុស្សចំនួន ១៥បានស្លាប់បាត់បង់ជីវិត ខណៈ ៧០នាក់ផ្សេងទៀតបានទទួលរងរបួសយ៉ាងដំណំ៕
ប្រភព ៖ ស៊ិនហួរ