(ភ្នំពេញ)៖ ទោះបីជាពិធីខួបកំណើតកូនស្រី បណ្ដូលចិត្តរបស់អ្នកនាង ចន ច័ន្ទលក្ខិណា គ្មានវត្តមានឪពុក គឺលោក យុត្ថារ៉ា ឆានី ចួលរួមអបអរសាទរក្ដី ក៏ពិធីនេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ ពីសំណាក់ក្រុមគ្រួសារ ខណៈដែលអ្នកចូលរួម ក៏បានឃើញបុរសជាគូស្នេហ៍ថ្មីរបស់នាង បង្ហាញមុខយ៉ាងពេញទំហឹង ក្នុងពិធីខួបកំណើតនេះ ។
ចន ច័ន្ទលក្ខិណា បានប្រារព្ធពិធីខួបកំណើត ឲ្យកូនស្រីរបស់ខ្លួន ឈ្មោះ ចិន្ថា ជូលី ហៅស្រីអាំ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ ប៉ុន្តែនាងមិនបានអញ្ជើញអ្នកសិល្បៈ ឬរៀបចំជា លក្ខណៈធំដុំ ដូចអ្នកសិល្បៈដទៃនោះឡើយ ពោលកម្មវិធីនេះធ្វើឡើង ជាលក្ខណៈគ្រួសារ ដោយមានញាតមិត្តជិតស្និទ្ធ និងមនុស្សសំខាន់ៗចូលរួមប៉ុណ្ណោះ។
អ្វីដែលជាចម្ងល់របស់មហាជន គឺដោយសារតែមិនបានឃើញវត្តមាន របស់អតីតស្វាមីនាង ចន ច័ន្ទលក្ខិណា ចូលរួម ដោយឃើញតែគូស្នេហ៍ថ្មីចូលរួមទៅវិញ ឬមួយលោក យុត្ថារ៉ា ឆានី មិនហ៊ានប្រឈមមុខជាមួយ គូស្នេហ៍របស់អតីតប្រពន្ធរបស់ខ្លួន? កូនស្រីត្រូវបានគេដឹងច្បាស់ថា ត្រូវបានតុលាការកាត់សេចក្ដី ប្រគល់ទៅឲ្យលោក យុត្ថារ៉ា ឆានី ជាអ្នកបីបាប់ថែរក្សា ពោលកូនស្រីត្រូវបានទៅលើឪពុក តែហេតុអ្វីបានជាមិនឃើញលោកចូលរួម?
តែទោះជាយ៉ាងណា គេសង្កេតឃើញមិត្តភក្តិ និងអ្នកគាំទ្រ ក្នុងបណ្ដាញសង្គមជាច្រើនបានសម្ដែងការអបអរសាទរ និងជូនពរជ័យ ដល់កូនស្រីរបស់តារាសម្ដែង ចន ច័ន្ទលក្ខិណា ក្នុងឱកាសខួបកំណើតនេះ ជាហូរហែផងដែរ។
សូមបញ្ជាក់ថា អ្នកនាង ចន ចាន់លក្ខិណា រៀបអាពាហ៍ពិពាហ៍ជាមួយលោក យុត្ថារា ឆានី និងមានបុត្រីម្នាក់ ឈ្មោះ ចិន្ថា ជូលី ដោយជីវិតជាប្ដីប្រពន្ធនេះ មានអាយុកាលប្រមាណជិ២០ឆ្នាំ ប៉ុន្តែក្រោយពីពាក្យបណ្ដឹង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពីសំណាក់អ្នកនាង ចន ចាន់លក្ខិណា និងមេធាវីរបស់នាង បានដាក់ចូលទៅ កាន់តុលាការសាលាដំបូង រាជធានីភ្នំពេញ ដើម្បីលែងលះស្វាមី លោក យុត្ថារ៉ា ឆានី និងក្រោយពីអ្នកទាំងពីរ បានចូលទៅកាន់តុលាការ ទាញហេតុផលផ្ទាល់មាត់ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ រួចមក ទីបំផុត នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការ បានសម្រេចប្រកាសសាល ក្រមលែងលះ ជាផ្លូវការ ហើយកូនស្រីម្នាក់ ដែលជាចំណងដៃមង្គលការ រយៈពេលជិត២០ ឆ្នាំ ត្រូវបានទៅលើលោក យុត្ថារ៉ា ឆានី ជាអ្នកបីបាច់ថែរក្សាបន្ត៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី