(ភ្នំពេញ)៖ លោកតា ស៊ុយ ចាន់ ហៅនាយ ប៉ិគួក ដែលទស្សនិកជន ធ្លាប់តែផ្ទុះសំណើច តាមរយៈការសម្ដែងនៅលើឆាកតន្ត្រី និងក្នុងភាពយន្តផ្សេងៗ កំពុងតែជួបប្រទះ នូវការខ្វះខាតយ៉ាងខ្លាំង ក្នុងកម្រិតជីវភាពរស់នៅ ប្រចាំថ្ងៃរបស់គាត់ បើទោះបីជាលោកតា បានចូលប្រឡូកក្នុងវិស័យសិល្បៈ ជាច្រើនឆ្នាំយ៉ាងណាក្ដី។
ក្នុងសំឡេងខ្សាវៗ និយាយមិនចង់ចេញ លោកតា ប៉ិគួក បានលើកដៃប្រណម សំពះសុំក្ដីមេត្តា ពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ជួយឧបត្ថម្ភដល់លោកតាផង ខណៈដែលជីវភាពរបស់គាត់ និងក្រុមគ្រួសារមានការខ្វះខាតខ្លាំង ពោលគឺរស់មួយថ្ងៃដើម្បីមួយថ្ងៃ ហើយចំណូលបានមកពីវិស័យសិល្បៈ ក៏មិនគ្រប់គ្រាន់ តាមតម្រូវការដែរ ។ ជាពិសេសនោះ លោកតាក៏កាន់តែមានវ័យចាស់ជរាណាស់ហើយ កម្លាំងពលំ ក៏ខ្សោយទៀត ពុំអាចរកចំណូលផ្គត់ផ្គង់ គ្រួសារទាំងមូលបានទៀតទេ ។
ក្នុងវីដេអូឃ្លីបប្រមាណជាង១នាទី ដែលបានចែកចាយក្នុងបណ្ដាញសង្គម Facebook លោកតា ប៉ិគួក បានអំពាវនាវដល់សប្បុរសជន ជួយឧបត្ថម្ភដល់រួមគាត់ ក៏ដូចជាក្រុមគ្រួសារទាំងមូល ខណៈដែលជីវភាពរស់នៅប្រចាំថ្ងៃ កំពុងតែខ្វះខាតខ្លាំង ។
សូមបញ្ជាក់ថា តារាកំប្លែង ប៉ិគួក ឈ្មោះ ដើម ស៊ុយ ចាន់ មានស្រុកកំណើតនៅខេត្តបាត់ដំបង ពេលនេះមានអាយុ៧២ឆ្នាំ និងមានកូនស្រីចំនួន៣នាក់។ លោកតាបានចូលបំរើវិស័យសិល្បៈ និងជាតារាកំប្លែងតាំងពីទសវត្សឆ្នាំ៦០ និងទទួលនូវភាពល្បីល្បាញគ្រាន់បើ បើប្រៀបធៀបនឹងតារាកំប្លែងជើងចាស់ដទៃទៀត។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្នជីវភាពរបស់តារាកំប្លែងរូបនេះ នៅតែជួបការលំបាក បើទោះបីជាតារាកំប្លែងដទៃទៀត នៅកម្ពុជាកំពុងមានជីវភាពគ្រាន់បើក្តី។
សូមទស្សនាវីដេអូឃ្លីប នៃការអំពាវនាវរបស់លោកតា ប៉ិគួកជាមួយ ទំព័រកំសាន្ត ទាំងអស់គ្នា៖
សូមជួយShareឱ្យលោកអុំផងសព្វថ្ងៃគាត់មានជីវភាពខ្វះខាត
Posted by Dina Kheav on Thursday, 29 October 2015
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី