CamNews

ព័ត៌មានអន្តរជាតិ 

គ្រោះថ្នាក់! គណនីអ្នកប្រើប្រាស់ Yahoo!​ ច្រើនជាងមួយពាន់លាននាក់ ត្រូវបានគេ Hack

(វ៉ាស៊ីនតាន)៖ ក្រុមហ៊ុន Yahoo!​ បានប្រកាសនៅល្ងាចថ្ងៃពុធ​ម្សិលមិញថា ខ្លួនបានក្លាយជា​ជនរងគ្រោះ​នៃការវាយ​ប្រហារតាមប្រព័ន្ធ​អ៉ិនធើណែត កាលពីខែសីហា ឆ្នាំ២០១៣ កន្លងទៅដោយគណនីអ្នក​ប្រើ​ប្រាស់ Yahoo! ច្រើនជាងមួយពាន់លាននាក់ត្រូវបានគេ Hack ក្នុងនោះ​មានទាំង​ព័ត៌មានពាក់ព័ន្ធ​នឹងឈ្មោះ លេខទូរស័ព្ទ ឬ ថ្ងៃខែឆ្នាំកំណើតជាដើម។ នេះបើតាមការចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។​

ជាមួយគ្នានោះដែរក្រុមហ៊ុន Yahoo!​ ក៏បានបញ្ជាក់ថា ព័ត៌មានទាក់ទិននឹងកាតឥណទាន ឬគណនីធនាគារ​មិនត្រូវ​បានគេ Hack​ នោះទេ។ «ព័ត៌មានទាក់ទិននឹងកាតឥណទាន ឬគណនីធនាគារ​មិនបានស្ដុកទុក​នៅក្នុងប្រព័ន្ធដែល​ត្រូវបានគេ Hack ​ឡើយ​ប៉ុន្តែយ៉ាងណាយើងនៅមិន​ទាន់អាចកំណត់អត្តសញ្ញាណ​​ អ្នកនៅ​ពីក្រោយការ​វាយប្រហារ​តាមប្រព័ន្ធអិនធើណែតនេះ​នៅឡើយទេ ខណៈយើងកំពុងធ្វើកិច្ច​សហប្រតិបត្តិការ​ជាមួយអាជ្ញាធរ»។ នេះបើតាមសេចក្ដី​ប្រកាសព័ត៌មាន​របស់ក្រុមហ៊ុន Yahoo!​។

គួររំលឹកថា​កាលពីខែកញ្ញា​កន្លងទៅនេះ ក្រុមហ៊ុន Yahoo! ក៏ធ្លាប់បានឱ្យដឹងដែរថា គណនីអ្នកប្រើប្រាស់​របស់ខ្លួន ៥០០លាននាក់ត្រូវបានគេ Hack កាលពីឆ្នាំ២០១៤​ ហើយបន្ទាប់ពីរឿងនេះផ្ទុះឡើង​​ក្រុមហ៊ុន​ទូរគមនាគមន៍ Verizon បាននិយាយ​កាលពីខែតុលាថា​ អាចនឹងផ្ដាច់កិច្ចព្រមព្រៀង​ក្នុងទំហំទឹកប្រាក់ ៤,៨៣ពាន់លានដុល្លារ ស្ដីពី​ការទិញអាជីវកម្មអ៉ិនធើណែត​របស់ក្រុមហ៊ុន Yahoo!​៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: yahoo Int news Hot news