(បាងកក)៖ មន្ត្រីប៉ូលិសថៃចំនួន ០៣នាក់បានស្លាប់ បន្ទាប់ពីគ្រាប់បែកមួយគ្រាប់ដែលត្រូវបានគេកប់នៅ តាមផ្លូវស្ថិតនៅខេត្តភាគខាងត្បូងថៃ បានផ្ទុះឡើងនៅថ្ងៃសុក្រនេះ ប៉ុន្តែអាជ្ញាធរនៅ មិនទាន់អាចកំណត់ មុខសញ្ញានៃជនសង្ស័យបាននៅឡើយទេ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ សារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។
រថយន្តរបស់មន្ត្រីប៉ូលិសថៃ បានធ្វើដំណើរនៅតាមដងផ្លូវមួយនៃខេត្ត យ៉ាឡា នៅព្រឹកថ្ងៃសុក្រនេះ ហើយក៏បានជាន់លើគ្រាប់បែក បណ្តាលឲ្យផ្ទុះឡើង និងឆក់យកជីវិតប៉ូលិសដែលសុទ្ធសឹងតែមានវ័យ ខ្ទង់ ២០ឆ្នាំនោះទាំងអស់តែម្តង។ មន្ត្រីប៉ូលិសស្រុក Krongpinang នៃខេត្តយ៉ាឡាបានបញ្ជាក់ដោយ សុំមិនបញ្ចេញឈ្មោះថា «ពួកគេ (ប៉ូលិស) បានធ្វើដំណើរដើម្បីស៊ើបការណ៍ក្នុងតំបន់»។
គួរបញ្ជាក់ថា បណ្តាខេត្តមួយចំនួន ដែលស្ថិតនៅភាគខាងត្បូងប្រទេសថៃ ជាប់នឹងព្រំដែនជាមួយ ប្រទេសម៉ាឡេស៊ី បានកើតមានភាពចលាចល តាំងពីឆ្នាំ ២០០៤ មកម្ល៉េះ ដោយក្រុមឧទ្ទាមអ៊ីស្លាម បានបង្កការវាយប្រហារលើមន្ត្រីរដ្ឋាភិបាល និង ជនស៊ីវិល ព្រមទាំងអ្នកកាន់សាសនាព្រះពុទ្ធ ដែលសរុប មនុស្សស្លាប់ជាង ១២ឆ្នាំមកនេះគឺមានជាង ៦,៦០០នាក់ហើយ៕
ប្រភព ៖ CNA