CamNews

កីឡាជាតិ 

ជើង​ឯក​បាញ់​កាំ​ភ្លើង​ពិភព​លោក រំពឹង​កីឡា​បាញ់​កាំ​ភ្លើង​កម្ពុជា រីក​ចម្រើន​នៅ ២​ឆ្នាំ​ខាង​មុខ

(ភ្នំពេញ)៖ កីឡាការិនី Gushchina Maria អតីតជើងឯកកីឡាបាញ់កាំភ្លើងពិភពលោក ២ឆ្នាំជាប់គ្នា បាន​លើក​ឡើង​ថា ថ្វី​ត្បិត​កម្ពុជា ទើប​រៀប​ចំ​ហេដ្ឋារចនា​សម្ព័ន្ធ​កីឡា​បាញ់​កាំ​ភ្លើង​សាជាថ្មី ប៉ុន្ដែកញ្ញាសង្កេតឃើញកីឡាករ-កីឡាការិនីកម្ពុជា មានទេពកោសល្យល្អ ដូច្នេះយ៉ាងយូរ ២ឆ្នាំ ឬ ៣ឆ្នាំទៅមុខ ពួកគេនឹងក្លាយជាធនធានដ៏សំខាន់ ដែលជួយឲ្យវិស័យកីឡាបាញ់កាំភ្លើងកម្ពុជា រីកចម្រើនដូចបណ្ដាប្រទេសជិតខាង ។

កីឡាការិនីបាញ់កាំភ្លើងកម្រិតពិភពលោករូបនេះ បានលើកឡើងបែបនេះ នៅពេលកញ្ញាបានផ្ដល់កិត្តិយសចូលរួមបង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើងជ្រើសរើសជើងឯក លើកទី១ ដែលសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា រៀបចំកាលពីពេលថ្មីៗកន្លងទៅ ដោយមានកីឡាករ-កីឡាការិនីប្រមាណជាង ៣០នាក់ចូលរួមនោះ ។

កញ្ញា Gushchina Maria បានថ្លែងប្រាប់ Khmertalking ថា កញ្ញាពិតជាសប្បាយ ដែលកញ្ញាបានមកដល់ប្រទេសកម្ពុជា ហើយឃើញទីលានបាញ់កាំភ្លើងនៅទីនេះ មានលក្ខណៈស្ដង់ដា ។ ជាពិសេសគឺកីឡាករ-កីឡាការិនីកម្ពុជាម្នាក់ៗ មានភាពឧស្សាព្យាយាម បើទោះបីពួកគេនៅខ្វះខាតបច្ចេកទេសហ្វឹកហាត់ក៏ដោយ ។ ប៉ុន្ដែប្រសិនបើពួកគេព្យាយាមបែបនេះ យ៉ាងហោចណាស់ ២ឆ្នាំទៅមុខ ពួកគេនឹងមានសមត្ថភាពគ្រប់គ្រាន់អាចចូលរួមប្រកួតលើឆាកអន្ដរជាតិជាមិនខាន ។

សូមបញ្ជាក់ផងដែរថា កីឡាការិនីជនជាតិរុស្ស៊ី Gushchina Maria បច្ចុប្បន្នមានវ័យ ២១ឆ្នាំ ប៉ុន្ដែមុននឹងក្លាយជាម្ចាស់ជើងឯកកីឡាបាញ់កាំភ្លើងពិភពលោក នាងធ្លាប់គ្រងតំណែងជើងឯកពានរង្វាន់ ២ស្ថាប័នធំៗទៀត ក្នុងនោះធ្លាប់ជាកីឡាករជើងឯកប្រចាំប្រទេសរុស្ស៊ីចំនួន ៧លើក និងធ្លាប់គ្រងតំណែងជើងឯកកីឡាបាញ់កាំភ្លើងប្រចាំសហគមន៍អឺរ៉ុបម្ដងផងដែរ ៕

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី



Tags: local sport news