CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង ត្រៀមឆក់ឱកាសពីអាមេរិក និងកូរ៉េខាងត្បូង ឆ្នាំ ២១០៧ ក្នុងការផលិត អាវុធ​នុយក្លេអ៊ែរ

(សេអ៊ូល)៖ អតីតមន្ត្រីទូតកំពូលរបស់កូរ៉េខាងជើងប្រចាំអង់គ្លេស បានបញ្ចេញព័ត៌មានដ៏រសើបមួយថា ប្រទេសកូរ៉េខាងជើងក្រោមការដឹកនាំផ្តាច់មុខរបស់លោក គីម ជុងអ៊ុន បាននិងកំពុងត្រៀមខ្លួនឆក់យកឱកាសមាសដ៏ប្រសើរថ្លៃថ្លាបំផុតនៅដើមឆ្នាំ២០១៧ ដើម្បីបង្កើនការផលិតអាវុធនុយក្លេអ៊ែរ ដែលវានឹងស្របពេលដែលអាមេរិកធ្វើការផ្លាស់ប្តូរមេដឹកនាំ និងកូរ៉េខាងត្បូងជួបភាពរង្គោះរង្គើលើរឿងអាស្រូវប្រធានាធិបតី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច នាល្ងាចថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។



អតីតអគ្គរដ្ឋទូតរងរបស់កូរ៉េខាងជើង ប្រចាំចក្រភពអង់គ្លេស ដែលបានរត់ភៀសខ្លួនមកសុំជ្រកកោណនៅកូរ៉េខាងត្បូងលោក Thae Yong Ho បានធ្វើសន្និសីទកាសែតជាលើកដំបូងនៅកូរ៉េខាងត្បូងថា «កាលពីខែឧសភា លោក គីម ជុងអ៊ុន បានរៀបចំសមាជបក្សដ៏កំរមួយដោយបានបញ្ជាឲ្យធ្វើការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរឲ្យបានសម្រេចនៅចុងឆ្នាំ២០១៧ ខាងមុខនេះ»

លោក Thae បានសង្កត់ធ្ងន់ដូច្នេះទៀតថា «សម្រាប់ឱកាសមាសនៃការរៀបចំការបោះឆ្នោតប្រធានាធិបតីនៅប្រទេសកូរ៉េខាងត្បូង និងផ្លាស់ប្តូររដ្ឋបាលដឹកនាំ នៃសហរដ្ឋអាមេរិកនោះ វាពិតជាធ្វើឲ្យកូរ៉េខាងជើងដឹងខ្លួនឯងច្បាស់ថាឆ្នាំ២០១៧ ខាងមុខនេះគឺជាឆ្នាំមាសនៃការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ។ ដោយសារតែអាមេរិក និងកូរ៉េខាងត្បូងកំពុងតែរវល់នឹងរឿងរៀបចំការបោះឆ្នោតប្រធានាធិបតី និងអាមេរិកក៏ដូចគ្នា នោះពួកគេពិតជាគ្មានពេលក្នុងការប្រុងជើងការគ្រប់គ្រាន់ទៅលើកូរ៉េខាងជើងឡើយ»



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: north korea south korea missile satellite