ព័ត៌មានអន្តរជាតិ ៖ របកគំហើញថ្មីស្រឡាងមួយ ពីក្រុមអ្នកវិទ្យាសាស្រ្ត នៅក្នុងប្រទេសក្រិក នឹង ធ្វើឲ្យអស់លោកអ្នកតក់ស្លុតជាក់ជាមិនខាន ពោល គ្រោងឆ្អឹងខ្មោច តិចបំផុត ៨០ គ្រោងឆ្អឹងត្រូវ បានក្រុមការងារស្រាវជ្រាវរកឃើញនៅឯឈាបដ្ឋានពីបុរាណ ខណៈខ្មោចទាំងនោះ ត្រូវបានគេ ប្រហារជីវិតសម្លាប់ទ្រង់ទ្រាយធំ ដោយដៃមានជាប់ខ្នោះ ។
សេចក្តីរាយការណ៍បញ្ជាក់ឲ្យដឹងថា សឹងតែទាំងអស់នៃគ្រោងឆ្អឹងខ្មោច ដែលត្រូវបានរកឃើញ នៅឯឈាបដ្ឋានបុរាណ Falyron Delta នោះ ត្រូវបានគេដាក់តម្រៀបជាជួរ ខណៈមួយចំនួនផ្សេង ទៀតត្រូវបានដាក់គរលើគ្នា ក្នុងនោះ ពួកគេភាគច្រើនស្លាប់ទាំងមាត់នៅចំហ។ បើទោះបីជាមាន ការរកឃើញនូវគ្រោងឆ្អឹងដ៏ច្រើនទាំងនោះ កាលពីដើមឆ្នាំក៏ដោយចុះ តែមនុស្សតែ ២ទៅ៣នាក់ តែប៉ុណ្ណោះដែលអនុញ្ញាតឲ្យឃើញទិដ្ឋភាពទាំងនេះ រហូតទើបតែមកដល់បច្ចុប្បន្នភាព ទើបដាក់ បង្ហាញជាផ្លូវការ និងជាសាធារណៈ ។
គូសបញ្ជាក់ដល់សារព័ត៌មាន រ៉យទ័រ (Reuters) បុរាណវត្ថុវិទូ មួយរូបបំភ្លឺឲ្យដឹងថាគ្រោងឆ្អឹងខ្មោច ទាំងនេះគឺជាជនរងគ្រោះពីការសម្លាប់ទ្រង់ទ្រាយធំ។ បុរាណវត្ថុវិទូ Stella Chryssoulaki ដែលជា សាស្រ្តាចារ្យដឹកនាំ ការសិក្សាស្រាវជ្រាវ នៅទីតាំងឈាបដ្ឋានខាងលើនោះ បន្ថែមអោយដឹងថា គ្រោងឆ្អឹងខ្មោចទាំងនោះ ត្រូវបានគេសម្លាប់ ឬប្រហារជីវិត ទ្រង់ទ្រាយធំ ក្នុងពេលតែមួយ កន្លែង តែមួយ ជាមួយនឹងការដាក់ទណ្ឌកម្មដូចៗគ្នា ប៉ុន្តែពួកគេត្រូវបានកប់ដោយក្តីគោរព។ ពួកគេទាំង អស់គ្នាត្រូវបានគេចងដៃ និងដាក់ខ្នោះ ខណៈភាគច្រើននៃអ្នកស្លាប់ គឺវ័យក្មេង ទាល់តែមែនទែន ក្មេងដល់ថ្នាក់អាចសន្និដ្ឋានឲ្យដឹងថា សុខភាពរបស់ពួកគេល្អខ្លាំងណាស់ នៅពេលសម្លាប់ ។
ប៉ុន្តែ ហេតុផលអ្វីដែលមានការសម្លាប់ទ្រង់ទ្រាយធំយ៉ាងដូច្នេះ ស្ថិតនៅក្នុង ភាពអាថ៍កំបាំងនៅ ឡើយ ប៉ុន្តែភាពមានរបៀបរៀបរយក្នុងការសម្លាប់ពួកគេនោះ អាចសន្និដ្ឋានបានថា ពួកគេអាច នឹងមិនមែនជា ទាសករ ឬក៏ ក្រុមចោរលួច ចោរឆក់ ចោរប្លន់ នោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ