(ភ្នំពេញ)៖ ក្រោយពីភ្ជាប់ទំនាក់ទំនងស្នេហា រហូតសម្រេចឈានដល់ការរៀប អាពាហ៍ពិពាហ៍ជាផ្លូវការ និងបានចេញទៅរស់នៅជាមួយស្វាមី នៅលើទឹកដីប្រទេសអាមេរិក អស់រយៈពេលជាង២ឆ្នាំមកនេះ តារាសម្តែងអ្នកនាង លី ម៉ារីណា ពេលនេះទទួលការចំណងដៃកូនប្រុសម្នាក់ ដែលមានមុខមាត់ស្រស់ស្អាត ស្រដៀងនាងគួរឲ្យស្រឡាញ់ ព្រោះជាតំណក់ឈាមរួមគ្នា រវាងនាង និងស្វាមីអាណិកជន។ ការបង្ហាញមុខកូនប្រុសជាលើកដំបូងនេះ ក៏ក្នុងន័យប្រឆាំងនឹងព័ត៌មានថា នាងមានភាពរកាំរកូសជាមួយស្វាមី ដែលដំណឹងនេះ តែងតែបោកបក់មកលើរួមនាង ប្រៀបបីដូចជាស្រមោលអន្ទោលតាមប្រាណ។
ជាការកត់សម្គាល់ ចាប់តាំងពីរៀបការចេញទៅរស់នៅ ជាមួយស្វាមីឯក្រៅប្រទេស រហូតមានផ្ទៃពោះ និង សម្រាលបានកូនប្រុស ទើបមានអាយុ១ឆ្នាំម្នាក់នោះមក អតីតតារាសម្តែងធ្លាប់ មានប្រជាប្រិយភាព លេចធ្លោនៅក្នុងវិស័យសិល្បៈ អ្នកនាង លី ម៉ារីណា កន្លងមកពុំធ្លាប់ត្រូវបានបង្ហាញ ឲ្យមហាជនបានដឹង ឬឃើញមុខកូនប្រុសរបស់ខ្លួន ជាសាធារណៈឡើយ ទើបតែពេលថ្មីៗនេះ នាងស្រាប់តែបង្ហោះរូបថតកូនប្រុស នៅលើបណ្តាញសង្គមហ្វេសប៊ុក បង្អួតអ្នកគាំទ្រ និងអ្នកលេងបណ្តាញទំនាក់ទំនង សង្គមមួយនេះ បង្កការចាប់អារម្មណ៍ខ្លាំង។
តាមរយៈរូបថត ដែលត្រូវបានបង្ហោះ នៅលើទំព័រហ្វេសប៊ុកគេសង្កេត ឃើញអតីតតារាសម្តែង នាង លី ម៉ារីណា គឺទទួលបានសេចក្តីសុខ និងមានសុភមង្គលខ្លាំង ជាមួយកូនប្រុស និងស្វាមីរបស់នាង។ មិនតែប៉ុណ្ណោះនៅក្នុងនោះ តារាស្រីអ្នកនាង លី ម៉ារីណា ក៏បានបង្ហាញពីទំហំទឹកចិត្ត ស្រឡាញ់កូនប្រុសរបស់ខ្លួនខ្លាំងទៀតផង ដោយកាលពីអំឡុងចុង ឆ្នាំ២០១៥ លី ម៉ារីណា និងស្វាមី ក៏បានរៀបចំពិធីខួបកំណើតគំរប់អាយុមួយឆ្នាំ ឲ្យកូនប្រុសជាទីស្រឡាញ់ផងដែរ។ ក្រោយបានឃើញរូបភាពជាច្រើនសន្លីក បង្ហាញពីសុភមង្គល នៅក្នុងរង្វង់ក្រុមគ្រួសារដូច្នេះ សង្កេតឃើញមានទស្សនិជនមិនតិចនាក់ឡើយ បានលើកសរសើរពីនាង។
គួររំឭកថា អតីតារាសម្ដែងស្រីអ្នកនាង លី ម៉ារីណា និងស្វាមីអានិជន ខ្មែរអាមេរិកវ័យ៤០ឆ្នាំលោក សាត ចាន់ថន បានដឹកដៃគ្នាចូលរោងការជាផ្លូវការ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣។ បន្ទាប់ពីរៀបចំអាពាហ៍ពិពាហ៍រួច នាងក៏បានសម្រេចចិត្តបោះបង់ អាជីពសិល្បៈហើយបានចាកចេញទៅ រស់នៅសហរដ្ឋអាមេរិក សាងសុភមង្គមស្នេហា ជាមួយស្វាមីនៅទីនោះ ទាំងជាប់មន្ទិលថា ជាអាពាហ៍ពិពាហ៍នេះ គ្រាន់តែក្លែងក្លាយក្រោមការរៀបចំរបស់ប្រុសស្នេហ៍ ជាមន្ត្រីមានឋានៈពាក់ផ្កាយលើស្មាប៉ុណ្ណោះ ប៉ុន្តែយ៉ាងមិញរឿងរ៉ានេះ ក៏ត្រូវបានរលាយសាបសូន្យ ដូចជាអំបិលត្រូវទឹក ខណៈដំណឹងមួយនេះ ពុំមែនជាការពិតនោះឡើយ៕