(ភ្នំពេញ)៖ កំពូលតារាចម្រៀងកំពុងស្ថិតក្នុង ដួងចិត្តយុវវ័យ លោក ព្រាប សុវត្ថិ បានថ្លែងនៅក្នុងកម្មវិធីទិវាបរិច្ចាគឈាម ក្រោមប្រធានបទ «អ្នកបរិច្ចាគឈាមគឺជាវីរជន» នៅថ្ងៃទី ២៨ខែធ្នូ ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ -PPIU ថា ការបរិច្ចាគឈាម គឺជាផ្នែកមួយ នៃការចូលរួមជួយសង្គមជាតិ និងជួយសង្គ្រោះជីវិតមនុស្ស ហើយក៏ជាសិល្បៈមួយនៅក្នុងការជួយគ្នាទៅវិញទៅមក ប្រកបដោយសកម្មភាពមនុស្សធម៌។
លោកបានថ្លែងបន្តទៀតថា «ទាំងនេះគឺជាផ្នែកមួយ បង្ហាញពីកាយវិកា សីលធម៌ ជួយដល់សង្គមជាតិ ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់សិស្ស និស្សិតទាំងអស់ ដែលបានចូលរួមបរិច្ចាគឈាម នៅថ្ងៃនេះ ព្រោះនេះជាសកម្មភាពមនុស្សធម៌មួយ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយការបរិច្ចាគនេះ ក៏ជាសិល្បៈមួយ ដែលប្អូនៗ បងៗ ជួយគ្នាទៅវិញទៅមក»។
ក្រៅពីការជួយលើកទឹកចិត្តដល់អ្នកបរិច្ចាគឈាម តារាចម្រៀង ព្រាប សុវត្ថិ ក៏បានផ្ញើសារអំពាវនាវដល់ បងប្អូនប្រជាពល់រដ្ឋទូទៅ ឲ្យគោរពច្បាប់ចរាចរ និងពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា ពេលធ្វើដំណើរ ជៀសវាងមានគ្រោះថ្នាក់ ជាយថាហេតុផ្សេងៗ។
សូមបញ្ជាក់ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមកិច្ចសហការរបស់ ចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានរៀបចំទិវាបរិច្ចាគឈាមក្រោមប្រធានបទ «អ្នកបរិច្ចាគឈាមគឺជាវីរជន» នៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០១៥ នេះ ចាប់ពីម៉ោង៧៖៣០នាទីព្រឹក រហូតដល់ម៉ោង១៩៖៣០នាទីល្ងាច។ ការប្រគំតន្ត្រីនេះ មានការចូលរួមសម្តែងដោយលោក ព្រាប សុវត្ថិ លោក អ៊ឹង ប៊ុនលាភ លោក ប៊ុន ស័ក្តិ និងសិល្បករល្បីៗជាច្រើនទៀត ក្នុងនោះក៏មានក្រុមសិល្បករ នៃសាកលវិទ្យាល័យ PPIU ហើយមានការតាំងពិព័រណ៌ ស្តង់សម្ភារៈផ្សេងៗ ពីបណ្តាក្រុមហ៊ុនជាច្រើន ដើម្បីញ៉ាំងឲ្យពិធីនេះ ឲ្យមានភាពអធិកអធមផងដែរ។
លើសពីនេះទៅទៀត ក៏មានការចាប់រង្វាន់ សម្រាប់អ្នកបរិច្ចាគឈាម ដោយរង្វាន់ទាំងនេះ បានមកពីការជួយឧបត្ថម្ភពីសប្បុរសជន និងក្រុមហ៊ុននានា មានដូចជាទូរស័ព្ទ iPhone, Computer Laptop, ទូរទស្សន៍ និងរង្វាន់ជាច្រើនទៀត ប្រមាណជាង៣០០រង្វាន់។ សាស្ត្រាចារ្យ យុវជន និស្សិត និងសាធារណជនទាំងអស់ អាចចូលរួមបរិច្ចាគឈាម ក្នុងសកម្មភាពមនុស្សធម៌នេះ ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ។
កន្លងមកសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ បានធ្វើយុទ្ធនាការផ្តល់ឈាម ចំនួន០៤លើកមកហើយ លើកទី១ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ មានអ្នកបរិច្ចាគឈាម ចំនួន២០០នាក់ លើកទី២ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១២ ចំនួន២១៦នាក់ លើកទី៣ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៣ ចំនួន៣៤៥នាក់ និងលើកទី៤ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ មានអ្នកបរិច្ចាគឈាម ដោយស្ម័គ្រចិត្តចំនួន៣៥០នាក់ ក្នុងរយៈពេលមួយថ្ងៃ។
ឈាមដែលសប្បុរសជន បានផ្តល់ត្រូវយកទៅទុកនៅមជ្ឈមណ្ឌល ជាតិផ្តល់ឈាម ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមធានាថា នឹងប្រើប្រាស់ឈាមនេះ ឲ្យមានតម្លាភាព សម្រាប់ជួយសង្គ្រោះ អ្នកជំងឺដែលត្រូវការឈាម ជាចំបាច់៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី