CamNews

ព័ត៌មានអន្តរជាតិ 

យ៉ាងយូរ ១០ខែទៀត អាមេរិក នឹងបំពាក់ប្រព័ន្ធមីស៊ីល THAAD នៅកូរ៉េខាងត្បូង ខណៈប្រទេសនេះ កំពុងរង្គោះរង្គើ

(សេអ៊ូល)៖ ទីមេបញ្ជាការកងកម្លាំងអាមេរិក​នៅក្នុងប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រព័ន្ធខែលការពារមីស៊ីល THAAD ដែលផលិតឡើងដោយសហរដ្ឋអាមេរិក នឹងត្រូវដាក់ពង្រាយ​នៅ លើទឹកដីនៃប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលពី ៨-១០ខែ ខាងមុខទៀត ទោះបីជាពេលនេះទីក្រុង សេអ៊ូលកំពុងតែច្របូកច្របល់ ដោយសាររឿងអាស្រួវនយោបាយក៏ដោយ។ នេះបើតាមការ​ចេញផ្សាយ ដោយសារព័ត៌មានយុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

នាយឧត្តមសេនីយ៍យោធាអាមេរិក Vincent K. Brooks បានលើកឡើងថា ការដាក់ពង្រាយប្រព័ន្ធការពារ គ្រាប់មីស៊ីលដ៏ទំនើបនេះនៅឧបទ្វីបកូរ៉េ គឺដើម្បីកាត់បន្ថយអានុភាពរបស់កូរ៉េខាងជើង​នៅទីនោះ ហើយ ប្រព័ន្ធ THAAD លើកនេះនឹងធំជាងឆ្ងាយជាងប្រព័ន្ធមីស៊ីល ដែលបានដាក់នៅលើកោះហ្គាំទៅទៀត។ បន្ថែមពីខាងលើ នាយកឧត្តមសេនីយ៍ផ្កាសមាសបួនរូបនេះ ក៏បានបញ្ជាក់ដែរថាការនាំយកប្រព័ន្ធការពារ គ្រាប់មីស៊ីលនេះមកកាន់ប្រទេសកូរ៉េខាងត្បូង នឹងបង្កភាពស្មុគស្មាញដល់ស្ថានការណ៍នៅក្នុងតំបន់ អាស៊ី-ប៉ាហ្វិក ដោយជាជៀសមិនផុតនោះឡើយ។

គួររំលឹកថាកាលពីខែកក្កដាកូរ៉េខាងត្បូង និងអាមេរិកបានប្រកាសពីការសម្រេចចិត្តក្នុងការពង្រាយ ប្រព័ន្ធមីស៊ីល THAAD នៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូង ដើម្បីបង្កើនសមត្ថភាពការពារខ្លួនប្រឆាំង នឹងការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងដែលបានវិវត្តន៍ទៅមុខយ៉ាងឆាប់រហ័ស ដោយរបបដឹកនាំទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០១៦ តែឯងប៉ុណ្ណោះ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្ត​អាវុធនុយក្លេអ៊ែរ ចំនួនពីរលើកទៅហើយ គឺនៅក្នុងខែមករា និងកញ្ញា ហើយបានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោង ជាបន្តបន្ទាប់ដែលជាផ្នែក​មួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវគោលបំណងនៃការអភិវឌ្ឍ មីស៊ីលផ្លោង-នុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ ដែលអាចទៅដល់តំបន់មួយ​ចំនួនរបស់​សហរដ្ឋអាមេរិក៕



ប្រភព ៖ យុនហាប់/ស៊ីអិនអេ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង




Tags: South korea Busan Seoul Asia President Park Geun hye