(ប៉េកាំង)៖ សារព័ត៌មានរដ្ឋចិនដ៏មានឥទ្ធិពលមួយនៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានជាថ្មីម្ដងទៀតថា ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing និងវិស័យនាំចូលផលិតផលកសិកម្ម របស់សហរដ្ឋអាមេរិក នឹងក្លាយគោលដៅសងសឹកពីសំណាក់ទីក្រុងប៉េកាំង នៅក្នុងសង្រ្គាមពាណិជ្ជកម្មដែលចាប់ផ្ដើមមុនដោយប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ។ នេះបើតាមការដកស្រងដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ ដែលនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៥ នៅថ្ងៃសុក្រ (ពេលវេលាអាមេរិក) ធ្លាប់បានរិះគន់យ៉ាងខ្លាំងចំពោះការអនុវត្តន៍ពាណិជ្ជម្មរបស់ចិន ហើយបានព្រមានថា នឹងដាក់ទណ្ឌកម្មលើពន្ធនាំចូលផលិតផលរបស់ចិន មកកាន់សហរដ្ឋអាមេរិក។ ជាងនេះទៅទៀតនៅថ្ងៃពុធ ម្សិលមិញអ្នកជំនួញអាមេរិក លោក វាលបឺ រ៉ូស (Wilbur Ross) ដែលត្រូវបានលោក ត្រាំ តែងតាំងជារដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានរិះគន់ផងដែរលើការអនុវត្តន៍វិស័យពាណិជ្ជម្មរបស់ចិន ដោយលោកប្រាប់ព្រឹទ្ធសមាជិកសភាអាមេរិកថា លោកនឹងស្វែងយុទ្ធសាស្ត្រថ្មីដើម្បីទប់ទល់ជាមួយចិន។
ដោយឡែកឆ្លើយតបទៅនឹងការរិះគន់នេះសារព័ត៌មានរដ្ឋចិន Global Times បានទទួលស្គាល់ថាសេដ្ឋកិច្ចអាមេរិកពិតជាខ្លំាង ដូច្នេះចិនអាចនឹងខាតបង់ប្រយោជន៍ បើសិនជាសង្រ្គាមពាណិជ្ជកម្មកើតឡើង ប៉ុន្តែចិនស្វាគមន៍ជានិច្ចសង្រ្គាមនេះ និងកំដរសហរដ្ឋអាមេរិករហូតដល់ទីបំផុត។
គួររំលឹកថាកាលពីខែវិចិ្ឆកា ឆ្នាំ២០១៦ សារព័ត៌មានរដ្ឋចិន Global Times ក៏ធ្លាប់បានព្រមានសហរដ្ឋអាមរិកដែរថា ចិនអាចនឹងលុបចោលការបញ្ជាទិញយន្ដហោះពីក្រុមហ៊ុន Boeing រីឯរោងចក្រក្រុមហ៊ុន Apple នឹងត្រូវរើចេញ ហើយការនាំចេញផលិតផលកសិកម្មចិនមានដូចជាសណ្ដែក សៀង និងពោតជាដើមក៏នឹងត្រូវបានហាមឃាត់ក្នុងការនាំចេញទៅកាន់សហរដ្ឋអាមេរិកផងដែរ បើសិនជាលោក ត្រាំ ហ៊ានបង្កបញ្ហាដល់វិស័យពាណិជ្ជកម្មចិននោះ៕
ប្រភព ៖ CNA