(ក្រុងឡុងដ៍)៖ ក្រុមដែលទើបតែឡើងមកលេងនៅក្របខណ្ឌកំពូល Premier League រដូវកាលនេះ Leicester City កំពុងតែស្ថិតក្នុងទីតាំងល្អបំផុត ដើម្បីលើកពានធំជាប្រវត្តិសាស្រ្តមួយនេះលើកទី១ ក្រោយបំបាក់ក្រុមភ្ញៀវហ្វូងក្ងាន Swansea City យប់មិញដោយលទ្ធផល ៤-០ ដាច់ ។
លទ្ធផលទទួលបាន៣ពិន្ទុនៅកីឡដ្ឋាន King Power នេះ គឺបន្តនាំមុខក្រុមតាមពីក្រោយមាន់ខ្នាយមាស Tottenham Hotspur រហូតដល់ទៅ៨ពិន្ទុវិញ និងធ្វើឲ្យ Spurs រឹតតែស្វិតស្វាញខ្លាំងឡើងថែម ពេលជួបក្រុមភ្ញៀវ West Bromwich Albion នាម៉ោង ២៖០០នាទីរំលងអាធ្រាត្រយប់នេះ ដើម្បីបញ្ចប់សប្តាហ៍ទី៣៥ ទោះឈ្នះ ឬចាញ់ ក៏ស្វិតនៅលេខ២បណ្តោះអាសន្នដដែល ។
១គ្រាប់នាំមុខដំបូងរបស់ Leicester City គឺបានកើតឡើងនៅនាទីទី១០ ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធដែលទើបតែឈ្នះពានកីឡាករលេងល្អ បំផុតប្រចាំឆ្នាំ២០១៥-២០១៦ នៅ Premier League, Riyad Mahrez ដែលជាធ្វេសប្រហែសរបស់ខ្សែការពារ Swansea City មុនពេលត្រូវបាន Jose Leonardo Ulloa រកបាន១គ្រាប់ដែរ ពីការតែតបញ្ចូលទីយ៉ាងស្អាតនៅនាទីទី៣០ បញ្ចប់ត្រឹម ២-០ ក្នុងវគ្គទី១ រយៈពេល៤៥នាទី ។
មិនតែប៉ុណ្ណោះ Ulloa រកបានគ្រាប់ទី២ របស់ខ្លួនទៀតនៅនាទីទី៦០ ក្នុងវគ្គទី២ ខណៈដែលមិត្តរួមក្រុម Marc Albrighton រកបាន១គ្រាប់ដែរនៅនាទីទី៨៥ ចុងម៉ោង ដើម្បីបន្តប្រវត្តិលេងមិនចាញ់ ក្នុងចំណោមលេង៣៥ប្រកួត ឈ្នះ២២ដង ស្មើ១០ និងចាញ់តែ៣ដងប៉ុណ្ណោះ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង