CamNews

កីឡាជាតិ 

សំបុត្រទស្សនាគោព្រៃកម្ពុជា ប៉ះហុងកុង និងស្រីលង្កា ត្រូវបានដាក់លក់ព្រមគ្នាថ្ងៃនេះ

(ភ្នំពេញ)៖ យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា សម្រាប់សំបុត្រចូលរួមទស្សនាការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមហុងកុង និងក្រុមជម្រើសជាតិស្រីលង្កា នាសប្ដាហ៍ក្រោយនេះ ត្រូវបានដាក់លក់ជាផ្លូវការចាប់ពីថ្ងៃនេះទៅហើយ ក្នុងតម្លៃ ១ម៉ឺនរៀល និង ៥ពាន់រៀលដដែល។

គួរបញ្ជាក់ថា ការប្រកួតមិត្តភាពអន្ដរជាតិជើងទី២ រវាងក្រុមគោព្រៃកម្ពុជា និងក្រុមហុងកុង នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែតុលាខាងមុខនេះ នៅលើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ។ ប៉ុន្ដែក្រុមទាំងពីរធ្លាប់ប្រកួតមិត្តភាពជើងទី១ ម្ដងរួចហើយកាលពីដើមខែកញ្ញានេះ គឺក្រុមម្ចាស់ផ្ទះហុងកុង បានយកឈ្នះជម្រើសជាតិកម្ពុជា ៤-២។

ដោយឡែកជំនួបមិត្តភាពជាមួយក្រុមជម្រើសជាតិស្រីលង្កា ក៏ធ្វើឡើងលើទីលានពហុកីឡដ្ឋានជាតិដូចគ្នា នាថ្ងៃទី០៩ ខែតុលាខាងមុខ ហើយការប្រកួតមិត្តភាពអន្ដរជាតិទាំង ២ប្រកួតនេះ គឺជាការប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដើម្បីដណ្ដើមកៅអីជុំផ្ដាច់ព្រ័ត្រ ដោយមានក្រុមវៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ី កំពុងអង្គុយចាំក្នុងពូលB ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local sport news