CamNews

តារា 

បែកការណ៍ ៖ ឆន សុវណ្ណារាជ និង ឆាយ វិរៈ​យុទ្ធ ពី​​មិត្ត​​ធ្លាប់​​ "កម្សត់​កម្រ" ក្លាយជា "សត្រូវ"

(ភ្នំពេញ)៖ តារាចម្រៀងប្រុសពីរដួង កំពុងតែមានឈ្មោះបោះសំឡេងល្បីល្បាញខ្លាំង ក្នុងស្រទាប់មិត្តយុវវ័យ លោក ឆាយ វីរៈយុទ្ធ និងតារាចម្រៀង ឆន សុវណ្ណារាជ ត្រូវបានប្រភពព័ត៌មានគួរឲ្យទុកចិត្តមួយបង្ហើបប្រាប់ថា តារាចម្រៀងប្រុសទាំងពីដួងនេះ គឺជាគូបដិបក្ខនឹងគ្នា ព្រោះពួកគេមិនដែលមើលមុខគ្នាចំ និងកម្រឃើញស្និទ្ធស្នាលគ្នាណាស់ ។ 

តារាចម្រៀង ឆាយ វិរៈយុទ្ធ ​កំពុងតែរងសំពាធ ជាមួយសំឡេងរិះគន់ដ៏ធ្ងន់ៗ ពីសំណាក់អ្នករៀបចំកម្មវិធី សម្រាប់សប្បុរសធម៌ ខណៈលោកមិនព្រមចំណាយពេលចូលរួម ដើម្បីជួយសង្គម​ បែរជាលោក​ចូលរួមតែការប្រគំតន្ត្រីណា ដែល​ទទួលបានថវិកាច្រើនៗ រាប់ពាន់ដុល្លារទៅវិញ។

​ថ្មីៗនេះ ប្រភព​ដ៏កក់ក្ដៅមួយ បាននិយាយប្រាប់ ទំព័រកំសាន្ត ថា រឿងរ៉ាវជម្លោះកាច់កុងគ្នា ក្នុងសិល្បៈភាគច្រើនសម្បូរតែតារាស្រីៗទេ តែគេក៏បាននិយាយថា តារាចម្រៀងប្រុសក៏មានដែរ គឺ លោក ឆាយ វីរៈយុទ្ធ និង លោក ឆន សុវណ្ណារាជ ដោយតារាចម្រៀងទាំងពីរដួងនេះ មើលមុខគ្នាមិនសូវចំទេ គ្រប់ពេលត្រូវឡើងឆាក សម្ដែងជាគ្នា រឹតតែមិនមានរូបថត ជាមួយគ្នាទៀតផង ។

ប្រភពដដែលបានបន្ត​ថា តារាចម្រៀងទាំងពីរ ដំបូងឡើយជាមិត្តកំសត់កំរនឹងគ្នា តស៊ូដើម្បីប្រឡូកសិល្បៈជាមួយគ្នា តែអ្វីៗត្រូវផ្លាស់ប្ដូរ ព្រោះ​លោក ឆាយ វិរៈយុទ្ធ ឬ ប្រុក ឆោម បានក្លាយជាមិត្តទ្រុសមិត្ត មិនស្មោះត្រង់ជាមួយ ឆន សុវណ្ណារាជ ដើម្បីភាពល្បីល្បាញ សុខចិត្តបោះបង់មិត្តចោល ។

រឿងរ៉ាវនេះ ធ្វើឲ្យ ឆន សុវណ្ណារាជ ឈឺចិត្តស្អិតទ្រូង រហូតចាំទុកដល់ថ្ងៃស្លាប់ មិនអាចលើកលែងឲ្យ លោក ប្រុក ឆោម បានឡើយ ហើយលោកបានកែប្រែពីភាពឈឺចាប់ បែរជាមកស្វែងរកភាពល្បីល្បាញ រហូតជោគជ័យដូចសព្វថ្ងៃនេះ ។ ឆន សុវណ្ណារាជ ដាច់ខាតមិនលើកលែងឲ្យសំឡាញ់ចាស់ម្នាក់នេះឡើយ ។

តារាចម្រៀងទាំងពីរដួងខាងលើ មិនអាចសុំការបំភ្លឺបានទេ ព្រោះ​​ជាប់រវល់ការប្រគំតន្ត្រីតាមខេត្តឆ្ងាយៗ មិនអាចសុំការបំភ្លឺបានទេ ។ គេហទំព័រ Khmertalking នឹងរងចាំការបំភ្លឺពីតារាចម្រៀង ទាំងពីរដួងនេះនៅពេលក្រោយ ដោយក្ដីរីករាយ។ យ៉ាងណាមិញ មហាជនជាច្រើនបានកត់សម្គាល់ថា តារាចម្រៀងប្រុសទាំងពីរនាក់នេះ ជាមនុស្សមិនសូវពូកែនិយាយ ក្នុងចំណោមមហាជនឡើយ ចេះតែញញឹមញញែម ដាក់កាមេរ៉ាទូរទស្សន៍ប៉ុណ្ណោះ ព្រោះពួកគេទាំងពីរ មិនសូវចូលចិត្តនិយាយច្រើន តែគេមិនដឹងថា កន្លងមកអ្នកទាំងពីរធ្លាប់ មានប្រវត្តិកំសត់កម្រ ស៊ីជម្រៅជាមួយគ្នាយ៉ាងណានោះទេ បានជាមានជម្លោះ ឈឺចាប់ពើតផ្សាររហូតមកដល់សព្វថ្ងៃ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chhay virakyuth Star news local news