នៅក្នុងជីវិតរបស់មនុស្សយើង តែងតែមានកត្តា ឬបរិវេណពិសេស ដែលមានសារៈសំខាន់ជាង កត្ដា ឬបរិវេណដទៃទៀត ហើយវាក៏ដូចគ្នា ទៅនឹងក្បួនតម្រាលហុងស៊ុយ នៅលើពិភពលោកនេះ ផងដែរ។ នៅក្នុងក្បួនហុងស៊ុយទស្សន៍ទាយពីលំនៅឋាន យើងតែងតែយកអាទិភាព លើបរិវេណសំខាន់បំផុត ៣ យ៉ាងនៃលំនៅឋាន គឺទ្វារធំ បន្ទប់គេង និងផ្ទះបាយ មុនពេលដែលយើង យកចិត្តទុកដាក់លើបរិវេណផ្សេងទៀត។
ហុងស៊ុយលំនៅឋានល្អ គឺសំដៅទៅលើ ភាពអំណោយផលនៃការទាក់ទាញថាមពលវិជ្ជមាន ចូលទៅក្នុងកន្លែងទាំងបីខាងលើ ពីព្រោះវាជានិមិត្ដរូបបញ្ជាក់ពីការនាំយកទ្រព្យសម្បត្ដិ និងឱកាសចូលទៅក្នុង ជីវិតរបស់អ្នក។ ផ្ទុយទៅវិញ ប្រសិនបើបរិវេណទាំង ៣ ពុំមានថាមពលវិជ្ជមានគ្រប់គ្រាន់ទេ ឬមានពោរពេញដោយថាមពលអវិជ្ជមាន នោះអ្នកនឹងមានទំនោរពើបប្រទះនូវឧបសគ្គ ក្នុងជីវិតរបស់អ្នក ដូច្នេះសូមស្វែងរកវិធីសាស្រ្ដមូលដ្ឋានដើម្បីនាំហុងស៊ុយ មកកន្លែងទាំងនេះ ។
១. ហុងស៊ុយនៅច្រកទ្វារចូលគេហដ្ឋាន
ទ្វារធំ គឺជានិមិត្ដរូបបញ្ជាក់ ពីមាត់ច្រកនៃថាមពលវិជ្ជមានរបស់គេហដ្ឋាន ដូច្នេះ អ្នកចាំបាច់ត្រូវធានាឱ្យបានថា ពុំមានឧបសគ្គ ឬការរាំងស្ទះឯណានីមួយ ដែលរារាំងថាមពលវិជ្ជមានមិនឱ្យហូរចូល ទៅក្នុងលំនៅឋានឡើយ ។ ក្រៅពីនេះ អ្នកគួរតែថែរក្សាវត្ថុកម្ចាត់ថាមពលអវិជ្ជមាន ដែលបែរឆ្ពោះទៅច្រកទ្វារធំ។ វត្ថុកម្ចាត់ថាមពលអវិជ្ជមាននោះ អាចជាគែមជញ្ជាំង ដែលបែរឆ្ពោះទៅរកទ្វារផ្ទះរបស់អ្នក ឬអ្វីផ្សេងទៀត ដែលស្ថិតនៅឆ្ងាយជាងនេះដូចជា ជ្រុងនៃអគារ ដែលនៅជាប់នឹងផ្លូវជាដើម។
២. ហុងស៊ុយនៅបន្ទប់គេង
បន្ទប់គេង គឺជាកន្លែងមួយ ដែលយើងបានចំណាយពេលមួយភាគបីនៃជីវិត របស់យើងនៅជាមួយវា ហើយវាជាកន្លែងសម្រាប់យើងដើម្បីសម្រាកកាយ និងបង្កើនថាមពលកាយ និងចិត្ដឡើងវិញ ដូច្នេះ វាជារឿងចាំបាច់ ដែលយើងត្រូវយកចិត្តទុកដាក់ឱ្យបានល្អចំពោះការនាំថាមពលវិជ្ជមាន ចូលទៅក្នុងបន្ទប់ ហើយគួរដាក់គ្រែគេង នៅក្នុងទីតាំងតាមការចង្អុលបង្ហាញនៃតម្រាល ដែលយើងបានរៀបរាប់កន្លងមក។ ជាទូទៅ ប្លង់នៃបន្ទប់គេងរបស់អ្នក គួរតែមានលក្ខណៈជាការ៉េ ឬចតុកោណ ពីព្រោះលក្ខណៈនេះតំណាងឱ្យស្ថេរភាព ហើយម្យ៉ាងទៀត វាផ្ដល់ឱ្យអ្នកនូវអារម្មណ៍សុខសាន្ដ និងកក់ក្ដៅ បើប្រៀបធៀបទៅនឹងគ្រែគេង ដែលមានរូបរាងមិនស្មើជ្រុងល្អ ដែលមិនអនុញ្ញាតឱ្យមានលំហូរតុល្យភាពនៃថាមពល។
តើគួរដាក់គ្រែរបស់អ្នកបែបណា ឱ្យត្រូវតាមការចង្អុលបង្ហាញ ឬត្រូវទីតាំងល្អ?
គ្រែគេង គួរតែត្រូវដាក់ទល់នឹងជញ្ជាំងដ៏រឹងមាំមួយ និងបែរទៅរកទ្វារ តាមលក្ខណៈអង្កត់ទ្រូង ។ ក្រៅពីនោះ វាត្រូវតែអាចចូលបាន តាមផ្នែកទាំងសងខាង ។
ផ្ទះបាយ ដែលសំដៅជាចម្បង ទៅលើចង្ក្រានបាយនេះ គឺជាតំណាងនៃប្រភពអាហារ ដែលសម្រេចបានពីការងារ និងអាជីវកម្មរបស់យើង។ ក្រៅពីនោះ វាមានឥទ្ធិពលទៅលើសុខភាពរបស់ម្ចាស់ផ្ទះជាស្ត្រី ដូច្នេះជានិច្ចកាល យើងត្រូវតែរក្សាកន្លែងនេះឱ្យបានស្អាត និងធានាថា សម្ភារៈចំហេះទាំងអស់ដំណើរការបានត្រឹមត្រូវជាប្រក្រតី ។ ប្រសិនបើ មានថាមពលអវិជ្ជមាន នៅក្នុងផ្ទះបាយ នោះវាអាចបណ្តាលឱ្យរាំងស្ទះដល់អាជីពការងារ ជួបការលំបាកក្នុងការស្វែងរកទ្រព្យសម្បត្តិ ព្រមទាំងសុខភាពចុះខ្សោយ។
វិធីដោះស្រាយ
ឥឡូវនេះ វាជាពេលវេលា ដែលត្រូវមើលទៅក្នុងបរិវេណសំខាន់ទាំងបីកន្លែងនេះ ដើម្បីពិនិត្យពិច័យរកហុងស៊ុយ ដើម្បីទាក់ទាញលាភសំណាងជាងមុន៕
បកប្រែ និងកែសម្រួលដោយៈ សារ៉ាត