CamNews

កីឡាអន្តរជាតិ 

PSG ឈ្នះ​ទៀត​យប់​មិញ ក្នុង​មិត្ត​ភាព​អន្តរ​ជាតិ ពេល​ជួប Inter Milan របស់​អ៊ីតា​លី (Video Inside)

(វ៉ាស៊ីនតោន)៖ ក្រុមបាល់ទាត់ជើងឯកបារាំង Paris Saint-Germain រកបានជ័យជាលើកទី២ ក្នុងការប្រកួតមិត្តភាព​អន្តរ​ជាតិ​នៅ​លើ​ទឹក​ដី​នៃ​សហ​រដ្ឋ​អាមេ​រិក ពេល​បំបាក់​ក្រុម​មក​ពី​អ៊ីតាលី Inter Milan ៣-១ យប់​មិញនេះ។

សារព័ត៌មាន Sky Sports បានឲ្យដឹងថា នេះជាការដឹកនាំមិនទាន់ចាញ់ និងស្មើឡើយសម្រាប់គ្រូបង្វឹកថ្មី Emery ដែលទើបតែលាលែង​ពី​តំណែង​ពី​ក្លឹប Sevilla របស់​អេ​ស្ប៉ាញ មក​កាន់​ទឹក​ដីបារាំង ជំនួសកៅអីលោក Laurent Blanc បើទោះបីជាគ្មានវត្តមានខ្សែប្រយុទ្ធ Zlatan Ibrahimovich ដែល​បាន​ផ្លាស់​ចេញ​ទៅ​លេង​ឲ្យ​ក្លឹប Manchester United របស់​អង់​គ្លេស​ហើយនោះ។

១ប្រកួតមិត្តភាពដំបូង PSG បានយកឈ្នះ West Bromwich Albion របស់អង់គ្លេសដោយលទ្ធផលបច្ចេកទេស ២-១ នៅទឹកដីនៃប្រទេស​អូស្រ្តាលី កាល​ពី​៥​ថ្ងៃ​មុន​នេះ​។

ការបរាជ័យនេះដែរ ក៏រឹតតែធ្វើឲ្យគ្រូបង្វឹក Inter Milan លោក Roberto Mancini កាន់តែរងសម្ពាធផងដែរ និងត្រូវបានគេរាយការណ៍​មក​ថា អាច​នឹង​លា​លែង​ពី​តំណែង​នា​ពេល​ឆាប់ៗ​ទៀត​ផង ស្របពេលដែលកិច្ចសន្យាចាស់ របស់គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះ នឹងផុតសុពលភាពក្នុងរដូវកាល​នេះ​ហើយ ហើយ​ក្លឹប​ក៏​គ្មាន​បំណង​បន្ត​កិ​ច្ច​សន្យា​ថ្មី បន្ថែម​ទៀត​ដែរ​នោះ​៕




ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Sport news