ព័ត៌មានអន្តរជាតិ ៖ អគ្គរដ្ឋអាជ្ញា លោក Jeff Sessions កំពុងពិនិត្យឡើងវិញលើការផ្លាស់ប្តូរគោលការណ៍ចោទប្រកាន់ ដែលត្រូវបានតាក់តែងឡើង ដោយរដ្ឋបាលរបស់លោក អូបាម៉ា ដែលបានលុបចោលទណ្ឌកម្មឃោរឃៅចំពោះឧក្រិដ្ឋកម្មគ្រឿងញៀនកម្រិតស្រាល និងអាចដឹកនាំរដ្ឋអាជ្ញាសហព័ន្ធជាថ្មីម្តងទៀត ដើម្បីធ្វើការចោទប្រកាន់ លើជនល្មើសគ្រឿងញៀនពីបទឧក្រិដ្ឋ ដែលត្រូវផ្តន្ទាទោសធ្ងន់ធ្ងរបំផុត នេះបើយោងតាមការឱ្យដឹងរបស់មន្រ្តីសហរដ្ឋអាមេរិក។
ប្រសិនបើត្រូវបានអនុម័ត ការផ្លាស់ប្តូរនេះ នឹងលើកចោលកំណត់ហេតុ ដែលធ្វើឡើងដោយអតីតអគ្គរដ្ឋអាជ្ញា លោក Eric H. Holder Jr. ដែលបានចេញសេចក្ដីបង្គាប់ឱ្យរដ្ឋអាជ្ញាជៀសវាងធ្វើការចោទប្រកាន់ ជនជាប់ចោទបទល្មើសកម្រិតស្រាល ដោយបទល្មើសគ្រឿងញៀន ដែលអាចបង្កឱ្យមានការកាត់ទោសធ្ងន់ធ្ងរ ដោយបង្ខំ។ នៅក្នុងកំណត់ហេតុនោះចែងថា មានតែជនជាប់ចោទ ដែលមានលក្ខណៈវិនិច្ឆ័យជាក់លាក់ដូចជា មិនមែនជាសមាជិករបស់ក្រុមជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ និងមិនមែនជាគ្នីគ្នារបស់ក្រុមក្មេងទំនើងប៉ុណ្ណោះ ទើបមានលក្ខណៈគ្រប់គ្រាន់ ដែលត្រូវបានពិចារណា ក្រោមសេចក្ដីបង្គាប់របស់លោក Hold។
ប្រសិនបើសេចក្ដីបង្គាប់ឱ្យធ្វើការចោទប្រកាន់ថ្មី ត្រូវបានអនុវត្ត វានឹងបង្ហាញឱ្យឃើញនូវការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ជាលើកដំបូង ដោយរដ្ឋបាលរបស់លោក Trump ក្នុងការនាំយកមកវិញនូវការអនុវត្តធ្ងន់ធ្ងរបំផុតរបស់សង្គ្រាមគ្រឿងញៀន ជាវិធីសាស្រ្ដ ដែលបាត់បង់ប្រជាប្រិយភាព និងជំនឿចិត្ដ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលក្រុមអ្នករិះគន់ បានដាក់ការស្ដីបន្ទោសទៅលើផលប៉ះពាល់ដ៏អន្ដរាយ នៃការដាក់ពន្ធនាគារអ្នកទោសកាន់តែច្រើន។
លោក Ian Prior អ្នកនាំពាក្យក្រសួងយុត្ដិធម៌បានឱ្យដឹងថា៖” លោកអគ្គរដ្ឋអាជ្ញា និយាយថា យើងកំពុងពិនិត្យឡើងវិញនូវគោលការណ៍ទាំងអស់របស់ក្រសួងយុត្តិធម៌ ដើម្បីផ្តោតការយកចិត្ដទុកដាក់ ទៅលើការរក្សាសុខសន្ដិភាពជូនពលរដ្ឋអាមេរិក ហើយនឹងចេញនូវចរាចរណ៍ណែនាំបន្ថែមទៀត ព្រមទាំងផ្ដល់ការគាំទ្រដល់រដ្ឋអាជ្ញារបស់យើង ឱ្យអនុវត្ដលើរឿងក្ដីជាអាទិភាព រួមទាំងកំណត់ហេតុកែប្រែថ្មីស្ដីពីការចោទប្រាកាន់សម្រាប់រឿងក្ដីព្រហ្មទណ្ឌទាំងអស់» ។
នាពេលថ្មីៗនេះ លោក Sessions បានថ្លែងសុន្ទរកថា ទៅកាន់ក្រុមមន្រ្ដីអនុវត្តច្បាប់ទូទាំងប្រទេស ដោយមានភ្ជាប់ជាមួយនឹងវោហាសាស្ដ្រស្ដីពីបទឧក្រិដ្ឋ និងបានជំរុញឱ្យក្រុមមេធាវីក្រសួងយុត្តិធម៌ ប្រតិបត្ដិលើរឿងក្ដីគ្រឿងញៀន និងការកាន់កាប់អាវុធខុសច្បាប់ ជាច្រើនទៀត។
អគ្គរដ្ឋអាជ្ញារូបនេះ កំពុងពិចារណា ក្នុងការចាត់ចែងឱ្យរដ្ឋអាជ្ញារបស់ខ្លួន ធ្វើការចោទប្រកាន់ធ្ងន់ធ្ងរបំផុតប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀន មិនថាពួកគេ ជាជនល្មើសកម្រិតស្រាល ឬមិនមែននោះទេ នេះបើយោងតាមការឱ្យដឹងរបស់ក្រុមមន្ត្រី ដែលបាននិយាយក្នុងលក្ខខណ្ឌស្នើមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាអំពីសេចក្ដីសម្រេចផ្ទៃក្នុង។ លោក Sessions អាចនឹងអនុញ្ញាតឱ្យរដ្ឋអាជ្ញាប្រើ "ការបង្កើនទណ្ឌកម្ម" បន្ថែមទៀត ដើម្បីកាត់ទោសពិរុទ្ធជនឱ្យជាប់ពន្ធធនាគារកាន់តែយូរ។ យោងតាមកថាខណ្ឌទី ៨៥១ នៃច្បាប់ស្ដីពីការគ្រប់គ្រងសារធាតុញៀនចែងថា ជនជាប់ចោទ ដែលរងការចោទប្រកាន់ពីបទល្មើសគ្រឿងញៀន ការកាន់កាប់អាវុធ ឬការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ក្នុងរដ្ឋសហព័ន្ធនេះ អាចនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារយូរ(ការបង្កើនការដាក់ទណ្ឌកម្ម) ជាងមុន បើសិនជា ជនជាប់ចោទរូបនោះ ធ្លាប់ត្រូវបានគេផ្តន្ទាទោសពីបទឧក្រិដ្ឋគ្រឿងញៀន។
អ្នកនាំពាក្យបន្ថែមថា អគ្គរដ្ឋអាជ្ញាលោក Holder បានប្រាប់រដ្ឋអាជ្ញារបស់ខ្លួន កាលពី ៤ ឆ្នាំមុនថា ពួកគេគួរតែបញ្ឈប់ការប្រើប្រាស់ “ការបង្កើនការដាក់ទណ្ឌកម្ម” លើកលែងតែក្នុងករណីមួយចំនួនដូចជា នៅពេលដែលជនជាប់ចោទ ជាប់ពាក់ព័ន្ធ នៅក្នុងការប្រើ ឬគំរាមថានឹងប្រើអំពើហិង្សា នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីធ្វើឱ្យការដាក់ទណ្ឌកម្មកាន់តែមានភាពយុត្ដិធម៌បន្ថែមទៀត ដើម្បីឱ្យសមនឹងបទឧក្រិដ្ឋ ដែលបានប្រព្រឹត្ដ៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព ៖ Washington