CamNews

ប្លែកៗ 

ចោរ​ទារ​ប្ដឹង​សារមន្ទីរ បន្ទាប់ពី​លួច​រូបគំនូរ ដោយសារ​សន្ដិសុខ​អន់

ចោរ​ជនជាតិ រ៉ូ​ម៉ា​នី ម្នាក់ ទើបបាន​ទទួលស្គាល់ថា បាន​លួច​យក​កំពូល​ស្នាដៃ​មួយចំនួន របស់​វិចិត្រករល្បីៗក្នុង​ពិភពលោក មានដូចជា Gauguin, Monet និង Picasso ហើយ​បាន​គំរាមថា នឹង​ប្ដឹង​ប្រឆាំង​សារមន្ទីរ​មួយ​នៅ​ហូ​ឡង់ ជា​កន្លែង​ដែល​រូបគំនូរ​ត្រូវបាន​គេ​លួច ដោយសារតែ​មិនមាន​ការការពារ​ត្រឹមត្រូវ។

Eugen Darie (កណ្ដាល) និង Radu Dogaru (ស្ដាំ)

ទំព័រ AFP បាន​រាយការណ៍​ថា Radu Dogaru គឺជា​មនុស្ស​ម្នាក់ ក្នុងចំណោម​ចោរ​ជនជាតិ រ៉ូ​ម៉ា​នី ៦នាក់ ដែល​កំពុង​ត្រូវបាន​កាត់ទោស ក្នុងករណី​លួច កាលពី​ឆ្នាំទៅ នៅ​សារមន្ទីរ Kunsthal ក្នុង​ក្រុង Rotterdam ប្រទេស ហូ​ឡង់ ដែល​ធ្លាប់​បានធ្វើឱ្យ​ក្រុម​អ្នក​ស្នេហា​រូបគំនូរ​មានការ​ភ្ញាក់ផ្អើល។

ក្រុមមន្ដ្រី​ហូ​ឡង់ ឱ្យដឹងថា បើទោះជា​មានតម្លៃ​សរុប​ឡើងដល់ ១៨លាន​អឺរ៉ូ (ប្រហែល ២៤លាន​ដុល្លារ​អាមេរិក) បណ្ដា​ផ្ទាំងគំនូរ​ទាំងនោះ មិនត្រូវ​បាន​គេ​ភ្ជាប់​ឧបករណ៍​ប្រកាសអាសន្ន​នោះទេ។

ជនជាប់ចោទ Radu Dogaru និយាយ​នៅក្នុង​តុលាការ​កាលពី​ថ្ងៃទី ២២តុលា​ថា ៖ “ខ្ញុំ​មិន​នឹកស្មានថា សារមន្ទីរ​មួយ​ដែល​ដាក់តាំង​ស្នាដៃ​ដ៏​មានតម្លៃ​ដូច្នេះ តែ​បែរ​ជាមាន​សន្ដិសុខ​កម្រិត​អន់​បែបនេះ​សោះ” ។

មេធាវី Catalin Dancu តំណាងឱ្យ​ជនជាប់ចោទ បានប្រកាស​ប្រាប់​អ្នកកាសែត​ថា ៖ “យើង​អាច​ចង្អុល​បង្ហាញថា ការគ្រប់គ្រង​មិនបាន​ល្អ បាន​នាំឱ្យមាន​លទ្ធផល​អាក្រក់។ យើង​កំពុង​គិតដល់​ការជួល​បណ្ដា​មេធាវី​ហូ​ឡង់ ដើម្បី​ដាក់ពាក្យ​ប្ដឹង (ប្រឆាំងនឹង​ក្រុម​អ្នកគ្រប់គ្រង​សារមន្ទីរ) នៅ រ៉ូ​ម៉ា​នី ឬ ហូ​ឡង់” ។

មេធាវី​រូបនេះ អះអាងថា ប្រសិន​ត្រូវបាន​រកឃើញថា មាន​កំហុស​ដោយ​សារស​ន្ដិ​សុខ​អន់ សារមន្ទីរ Kunsthal នឹងត្រូវ​រួមចំណែក​ក្នុងការ​បង់ប្រាក់​សំណង ជាមួយ​កូនក្ដី​របស់ខ្លួន។ បច្ចុប្បន្ន Radu Dogaru កំពុង​ត្រូវបាន​ក្រុមហ៊ុន​ធានារ៉ាបរង​មួយចំនួន ទាមទារ​ឱ្យ​សង​ជម្ងឺ​ចិត្ត រាប់លាន​អឺរ៉ូ។

ក្នុងចំណោម​ផ្ទាំង​រូបគំនូរ​ដែល​ត្រូវបាន​បញ្ជូនទៅ​តាម​កា​រ៉ុង បន្ទាប់ពី​ករណី​លួច កាលពី​ព្រឹក​ថ្ងៃទី ១៦តុលា ឆ្នាំ ២០១២ មាន​ផ្ទាំងគំនូរ “Tete d'Arlequin” ជា​ស្នាដៃ​របស់ Pablo Picasso , “Waterloo Bridge” របស់ Claude Monet និង “Femme Devant une Fenetre Ouverte, dite La Fiancee” របស់ Paul Gauguin ។

មន្ដ្រី​សមត្ថកិច្ច​ព្រួយបារម្ភ​ថា បណ្ដា​ផ្ទាំងគំនូរ​នេះ ត្រូវបាន​បំផ្លាញ ដើម្បី​បំបាត់​ភ័ស្ដុតាង​ប្រឆាំងនឹង​កូន​ខ្លួន បន្ទាប់ពី​ម្ដាយ​របស់ Dogaru និយាយថា គាត់​បាន​ដុត​វា​ក្នុង​ឡ​កំដៅ នៅក្នុង​ភូមិ Carcaliu ប្រទេស Romania ។

ក្រោយមក ម្ដាយ​របស់​ជនជាប់ចោទ អ្នកស្រី Olga Dogaru បាន​ដក​សំដី​សារភាព​របស់ខ្លួន ប៉ុន្ដែ​ក្រុមមន្ដ្រី​ជំនាញ​របស់​សារមន្ទីរ​ប្រវត្តិសាស្ដ្រ​ជាតិ រ៉ូ​ម៉ា​នី  ឱ្យដឹងថា ផេះ​ដែល​ពួកគេ​ប្រមូលបាន​ពី​ឡ​កំដៅ​របស់​ស្ដ្រី​នេះ មាន​តម្រុយ និង​សញ្ញា​នៃ​ទឹក​ថ្នាំ​របស់​ផ្ទាំងគំនូរ​ទាំងបី ដែល​បាន​បាត់ រួម​នឹង​ដែកគោល ដំ​ទៅលើ​គ្រោង ដែល​ត្រូវបាន​ប្រើប្រាស់​កាលពី​ចុង​សតវត្ស​ទី ១។

លោក Dancu មេធាវី​របស់​ Radu Dogaru

Radu Dogaru ប្រកាស​នៅក្នុង​តុលាការ កាលពី​ថ្ងៃទី ២២ តុលា ថា ៖ “បណ្ដា​ផ្ទាំងគំនូរ​នេះ ប្រាកដជា​មិនត្រូវ​បាន​គេ​បំផ្លាញ​នោះទេ។ ខ្ញុំ​មិនដឹងថា វា​នៅទីណា ប៉ុន្ដែ​ខ្ញុំ​ជឿថា វា​ត្រូវបាន​គេ​លក់” ។

នៅពេល​ត្រូវបាន​សួរ​អំពី​ដែកគោល​ដែល​បាន​រកឃើញ​ក្នុង​ឡ​កំដៅ ជនជាប់ចោទ ឆ្លើយថា គ្រួសារ​របស់ខ្លួន មាន​រូបសំណាក​ព្រះ កាលពី​សតវត្ស​ទី ១៩ ។ ប៉ុន្ដែ ក្នុងការ​អធិប្បាយ​មួយ​កាលពី​ខែ​មុន អគ្គនាយក​សារមន្ទីរ​ប្រវត្តិសាស្ដ្រ​ជាតិ រ៉ូ​ម៉ា​នី ថ្លែងថា ដែកគោល​មិនដែល​មាននៅ​លើ​រូបសំណាក​ព្រះ​នោះឡើយ។ បច្ចុប្បន្ន ករណី​ដ៏​ស្មុគស្មាញ​នេះ កំពុង​ត្រូវបាន​ស្រាវជ្រាវ​ជា​បន្ដ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ឱ្យ​ចាប់​អារម្មណ៍

ក្រោយពីស្លាប់ ១៣ថ្ងៃ ស្រាប់​តែ​បង្ហាញខ្លួន នៅមន្ទីរពេទ្យវិកលចរឹត (មានវីដេអូ)

រួចជីវិតពី មេរោគស៊ីសាច់មនុស្ស ដោយសារមានមាឌធំ សាច់ច្រើន

ស្រីស្អាតអាក្រាយកាយ អំពាវនាវអ្នកបើកបរ ឱ្យបន្ថយ​ ល្បឿន (មាន​វីដេអូ)



ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Reuters/AFP