ព័ត៌មានអន្តរជាតិ ៖ មនុស្ស ២នាក់ បានស្លាប់បាត់បង់ជីវិត ខណៈច្រើននាក់ផ្សេងទៀត មានតាំង ពីរបួសធ្ងន់ស្រាល បន្ទាប់ពីមានករណីរត់ជាន់គ្នា នៅឯកម្មវិធីប្រគុំតន្រ្តីដ៏ធំមួយ នៅក្នុងប្រទេស អាហ្សង់ទីន ។
កម្មវិធីប្រគុំតន្រ្តី Rock ដ៏ធំកាលពីរាត្រីថ្ងៃសៅរ៍ នៅឯភាគខាងកើតទីក្រុង Olavarria បានក្លាយទៅ ជាកន្លែងមានគ្រោះថ្នាក់ បន្ទាប់ពីក្រុមមនុស្សដ៏ច្រើនកុះករបានសម្រុកទៅកាន់ឆាកតន្រ្តី នៅពេលមានការសម្តែងពីតារាចម្រៀងចប់ ។ អ្នករៀបចំកម្មវិធីឲ្យដឹងថា អ្នកគាំទ្រប្រមាណ ២៥០,០០០នាក់ បានចូលរួមការប្រគុំតន្រ្តី ដែលត្រូវបានធ្វើឡើងដោយតារាចម្រៀង រ៉ក Solari និងក្រុមរបស់ គាត់ ។ អភិបាលក្រុង គូសបញ្ជាក់ឲ្យដឹងថា ស្ថានភាពគ្រោះថ្នាក់ គឺមិនអាចគ្រប់គ្រងបាន ក៏ព្រោះ តែចំនួនអ្នកចូលរួមមានច្រើនហួសពីការស្មាន ។
របាយណ៍បញ្ជាក់ឲ្យដឹងថា វិនាទីអំឡុងពេលកើតហេតុ Solari បានផ្អាកការសម្តែងរបស់ខ្លួនជា ច្រើនលើកច្រើនសា និងទទូចឲ្យសន្តិសុខទៅជួយបណ្តាអ្នកគាំទ្រដែលបានដេកដួលទៅនឹងដី ។ មានពេលមួយនោះ តារាចម្រៀង Solari បាននិយាយថា ៖ មាននរណាគេដួលសន្លប់ឬ? តើមាន អ្វីកើតឡើងនៅក្រោមនោះ? ពិតជាមានមនុស្សដេកដួលមែន សន្តិសុខ!! សន្តិសុខ!! ឆាប់ឡើង ឆាប់មួយជួយសង្គ្រោះពួកគេចេញពីទីនេះ ។ បន្ថែមពីលើនេះ អភិបាលក្រុង លោក Ezequiel Galli គូសបញ្ជាក់ ដល់ សារព័ត៌មានក្នុងស្រុកឲ្យដឹងថា មនុស្ស ១២នាក់ផ្សេងទៀត ដែលរងរបួស នោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ