CamNews

ព័ត៌មានអន្តរជាតិ 

ភ្លៀងធ្លាក់មួយប្រាវ «ជន់លិចផ្ទះ និងអគាររាប់ពាន់ខ្នងនៅទូទាំងរដ្ឋធានីហ្សាការតា» របស់ឥណ្ឌូណេស៊ី!

(ហ្សាការតា)៖ ភ្លៀងធ្លាក់ដ៏ខ្លាំងក្លា​នៅក្នុងរដ្ឋធានីហ្សាការតា​នៃប្រទេស​ឥណ្ឌូណេស៊ី បានបង្ក​ឲ្យប្រព័ន្ធ​លូ​បង្ហូរទឹក​របស់ទីក្រុង​ទប់ទល់លែងរួច និងបាន​បណ្តាល​​ឲ្យ​ជន់លិចផ្លូវថ្នល់ជាច្រើនខ្សែ​ ព្រមទាំងលំនៅ​ឋាន​រាប់ពាន់​ខ្នង។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅ​មុននេះ​បន្តិចនារសៀល​ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។




ទីភ្នាក់ងារ​ទប់ស្កាត់គ្រោះ​មហន្តរាយឥណ្ឌូណេស៊ី​បានឲ្យដឹងនៅ​ថ្ងៃអង្គារនេះថា តំបន់ជាង​៥០កន្លែង​នៅក្នុងរដ្ឋធានីហ្សាការតា​ត្រូវបាន​ទឹកភ្លៀងជន់លិច​ ​ជាមួយនិង​កម្ពស់ទឹកដល់​ទៅ១.៥ម៉ែត្រនៅភាគខាងកើត​នៃទីក្រុង ដោយសារ​តែប្រព័ន្ធលូបង្ហូរ​ទឹកមិនអាចទប់ទល់​នឹងចំនួនទឹកភ្លៀង​ដ៏ខ្លាំងក្លា​បាន​ ហើយទន្លេ​មួយចំនួន​ក៏បានហូរហៀរ​ថែមទៀត​ផង។

គួរបញ្ជាក់ថា​គ្រោះទឹកជំនន់​ដ៏អាក្រក់កាលពី​ឆ្នាំ២០១៣ បានផ្តាច់​យកជីវិត​មនុស្សមិន​ក្រោម២៥នាក់​នោះឡើយ​នៅក្នុងទីក្រុង​ហ្សាការតា និង​បានបង្ខំ​ឲ្យប្រជាជន​នៅទីនោះ​រាប់ម៉ឺននាក់​ភៀសខ្លួន​ចេញពីផ្ទះសម្បែង​របស់ពួកគេ។ ជាមួយគ្នានេះដែរ​អាជ្ញាធរ​ទីក្រុងហ្សាការតា​ដែលមានប្រជា​ជន​រស់នៅដល់ទៅប្រហែល​ ៣០លាននាក់នោះ បានអះអាងថា​ខ្លួនបានកាត់​បន្ថយតំបន់​ជាច្រើនដែល​ងាយនឹងទទួល​រងការជន់លិច​ចាប់តាំង​ពីពេល​នោះមក តាមរយៈការ​ស្តារទន្លេនានា​ដែលពោពេញ​ដោយសំរាម​ និងវិធានការ​ដ៏មានប្រសិទ្ធភាព​ដទៃៗទៀត៕




ប្រភព ៖ បាងកកប៉ុស្តិ៍


Tags: India Russia Satellite Int news Hot news Indonesia