(ភ្នំពេញ)៖ អតីតសមាជិកក្រុមលីគកំពូលកម្ពុជា ក្លឹបគិរីវង់សុខសែនជ័យ បានសម្រេចចិត្តខ្ចីជើងកីឡាករវ័យក្មេងពីក្លឹបភ្នំពេញក្រោន ២រូប គឺកីឡាករ វ៉ាត់ សំណាង និង ឈុត សែងទៀង ដើម្បីប្រជែងតំណែងជើងឯកលីគលំដាប់ទី២ ឬ League-II ក៏ដូចជាស្វែងរកកៅអីលេងនៅលីគកំពូលកម្ពុជាសាជាថ្មីផងដែរ។
យោងតាមការបញ្ជាក់លើ Page Facebook របស់ក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា គិរីវង់សុខសែនជ័យ ខ្ចីជើងកីឡាករវ័យក្មេងខាងលើ គ្រាន់តែជួយក្នុងការប្រកួតនៅសល់នៃលីគលំដាប់ទី២ប៉ុណ្ណោះ បន្ទាប់មកសមាជិកនៃក្រុមជម្រើសជាតិយុវជនកម្ពុជានេះ នឹងត្រឡប់មកជួយក្លឹបភ្នំពេញក្រោនវិញ។
គួរបញ្ជាក់ថា កីឡាករ វ៉ាត់ សំណាង គឺជាខ្សែការពារកណ្ដាលដ៏រឹងមាំ ហើយក៏ទើបបញ្ចប់បេសកកម្មជាមួយក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា ក្នុងការប្រកួតពាន AFF U-19 Championships នៅវៀតណាមកាលពីពេលថ្មីៗកន្លងទៅ។ រីឯកីឡាករ សែង ទៀត គឺជាខ្សែប្រយុទ្ធ ហើយក៏ជាអតីតសមាជិកនៃក្រុមជម្រើសជាតិយុវជន U-14 និង U-16 កម្ពុជាផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ Khmertalking