កំហុសឆ្គងធម្មតាមួយ បែរជាធ្វើឱ្យស្រ្ដីជនជាតិអាមេរិកម្នាក់ ជួបសំណាងឈ្នះទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ អ្នកស្រី Linda Keyanchuk អាយុ ៦៤ ឆ្នាំបាននិយាយថា អ្នកស្រីគ្មានបំណងនឹងទិញឆ្នោតចម្រុះនេះទេ នៅពេលដែលអ្នកស្រីទៅហាងលក់ឆ្នោតមួយក្នុងតំបន់ កាលពីថ្ងៃទី៨ ខែសីហា។
អ្នកស្រីបាននិយាយថា៖ “ខ្ញុំមានបំណងទៅទិញឆ្នោតផ្សងសំណាង Multi-draw Powerball ទេ ប៉ុន្ដែចៃដុន្យបែរជាច្រឡំទិញឆ្នោត Powerball ៦ សន្លឹកទៅវិញ”។
ប៉ុន្ដែការច្រឡំនេះ បែរជានាំសំណាងឱ្យអ្នកស្រីឈ្នះទឹកប្រាក់សុទ្ធរហូតជាង ១០០,០០០ ដុល្លារអាមេរិក ក្រោយពីផ្ទៀងផ្ទាត់ឆ្នោត Powerball ពីរដង។
អ្នកស្រីបន្ថែមថា៖ “ខ្ញុំមិនដឹងថា ខ្លួនទិញឆ្នោតខុសនោះឡើយរហូតដល់ថ្ងៃរសៀល នៅពេលខ្ញុំចូលទៅក្នុងគណនីឆ្នោត ហើយខ្ញុំឆែកឃើញថា ខ្ញុំបានឈ្នះទឹកប្រាក់ជាង ១០ ម៉ឺនដុល្លារអាមេរិក”។
អ្នកស្រីនិយាយថា អ្នកស្រីគ្រោងនឹងប្រើលុយនេះ ដើម្បីធ្វើដំណើរកម្សាន្ដ។ អ្នកស្រី Keyanchuk និយាយថា៖ “អ្នកដែលលេងឆ្នោតដូចខ្ញុំ មិនត្រូវឆ្នោតបែបនេះឡើយ។ វាមិនគួរឱ្យជឿទាល់តែសោះ!” ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ insideedition